Man Utd ផ្តើម​កំណត់តម្លៃ Nemanja Matic ក្រោយដំណឹងនៃការចង់បានរបស់លោក Mourinho

មាន​សេចក្តីរាយការណ៍មក​ថា ក្លឹប Manchester United បាន​កំណត់​តម្លៃ Nemanja Matic រួចហើយ បន្ទាប់​ពី​មាន​ដំណឹងថា គ្រូបង្វឹក​ថ្មីរបស់ Tottenham​ Hotspur គឺលោក Jose Mouriho ចង់បាន​កីឡាករវ័យ​ ៣១ឆ្នាំនេះ ទៅរួមដំណើរ​ជាមួយ​គាត់ ដូចដែល​ធ្លាប់​ធ្វើកាលពីមុន។

តាមការ​ចុះផ្សាយ​របស់​សារព័ត៌មានអង់គ្លេស គឺ Man Utd បាន​កំណត់​តម្លៃ ១៥លានផោន សម្រាប់​តម្លៃផ្ទេរ Nemanja Matic ។ ទោះបីជាកុងត្រា​របស់ Matic នឹង​ត្រូវផុត​កំណត់​នៅ​ពេល​បញ្ចប់​រដូវកាលនេះក៏ដោយ ប៉ុន្តែ Man Utd មិន​ចង់ឲ្យ​កីឡាករស៊ែប៊ីម្នាក់នេះ ចេញដោយ​គ្មា​ន​តម្លៃផ្ទេរនោះទេ។ ការ​កំណត់​របស់ Man Utd នេះ គឺដូចជាការ​ដាក់ពិន័យ​លើ Matic មិនឲ្យ​ចេញពីបិសាចក្រហម ដោយ​គ្មាន​តម្លៃខ្លួន ព្រោះក្លឹប​សំអាងថា កីឡាករដែលលោក Mourinho ធ្លាប់​ទិញមក​នេះ មិនបាន​បង្ហាញ​ទម្រង់លេងល្អ បូក​រួមនឹងបញ្ហា​របួស​ផងដែរ។

លោក Mourinho គិត​ដល់​ការ​ប្រកួត​ មិន​ផ្ដោត​លើ​ពិន្ទុ​នោះទេ

ជាការ​កត់សម្គាល់ Matic បាន​អវត្តមានពីទីលាន​ប្រកួត​ក្រោមការ​ដឹកនាំរបស់លោក Ole Gunnar Solskjaer ជិត ២ខែមក​ហើយ ដោយ​សារតែ​បញ្ហារបួស។ ជាមួយគ្នា Matic ក៏ដូចជា​មិនមែនជាកីឡាករ​ម្នាក់ ដែលលោក Solskjaer ទុក​ចិត្តខ្លាំងនោះដែរ ព្រោះតែរលកនៃយុវជន​ជំនាន់ក្រោយ។

យ៉ាងណាមិញ ក្លឹប Juventus បានបង្ហាញ​ចេតនា​ចង់បាន Matic ដោយ​គ្មាន​តម្លៃផ្ទេរ នៅពេល​ផុត​កុងត្រា។ ដូច្នេះ Man Utd ប្រកាស​ហើយ​ថា Matic អាច​ចាកចេញនៅខែមករាបាន ប៉ុន្តែក្នុងតម្លៃ ១៥លានផោន។

សូម​រម្លឹកជូនថា Matic គឺជាកីឡាករម្នាក់ ដែលលោក Jose Mourinho ទិញ​ពីក្លឹប Kosice មក​កាន់ Chelsea។ ក្រោម​ការ​ដឹកនាំរបស់លោក Mourinho នៅ Chelsea គេបាន​ជួយ​តោខៀវ ឲ្យ​ក្លាយជាជើងឯក Premier League ២ដង ។ បន្ទាប់​មក​ ក្រោយ​ពេល​ត្រូវ Chelsea បណ្តេញ​ចេញ ហើយ​ត្រូវបាន Man Utd តែងតាំងជាគ្រូបង្វឹក​ថ្មីនោះ លោក​គ្រូបង្វឹក​ព័រទុយហ្កាល់ ក៏ឆក់​យក Matic មក​ដាក់ Man Utd វិញ ក្នុងតម្លៃ ៤០លានផោន កាលពីឆ្នាំ ២០១៧៕

 

មតិយោបល់