លោក Arsene Wenger និយាយ​អំពី​​ការ​ដក​តួនាទី​ប្រធាន​ក្រុម​របស់កីឡាករ Granit Xhaka របស់​លោក Unai Emery

Arsenal midfielder Granit Xhaka

ថ្មីៗនេះ ក្លឹប​ Arsenal កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ដោយ​សម្ពាធ​ចេះតែកើនឡើង​មកលើ​លោក Unai Emery។ អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​សម្រេចចិត្ត​ដក​តួនាទី​ប្រធាន​ក្រុម​ពី​កីឡាករ​ Granit Xhaka ហើយ​​អតីត​អ្នក​ចាត់ការ​​ក្លឹប​ Arsenal គឺ​លោក Arsene Wenger បាន​និយាយ​ពី​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​បញ្ហា​នេះ។ 

អតីត​អ្នក​ចាត់ការ​ក្លឹប Arsenal គឺ​លោក Arsene Wenger បាន​គាំទ្រ​ការ​សម្រេចចិត្ត​របស់​លោក Unai Emery ដែល​បាន​ដក​តួនាទី​ប្រធាន​ក្រុម​ពី​កីឡាករ​ Granit Xhaka។ លោក Emery បាន​សម្រេច​ចិត្ត​បែបនេះ​​​បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កីឡាករ​ជម្រើសជាតិ​ស្វ៊ីស​រូបនេះ​ជាមួយ​អ្នក​គាំទ្រ។

តាម​រយៈ​សារព័ត៌មាន Daily Mail លោក Wenger បាន​និយាយ​ថា​៖ “ក្នុង​នាម​ជាអ្នក​ចាត់ការ​ម្នាក់​ អ្នក​ចាំបាច់ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រភេទនេះ​”។

“យើង​តែង​តែជួប​រឿងរ៉ាវ​ដែល​មិន​បាន​រំពឹងទុក​ជាមុន​ យើង​ត្រូវ​សម្រេចចិត្ត​ឱ្យ​បានឆាប់​រហ័ស”។

“ខ្ញុំ​គិត​ថា​ក្លឹប​បាល់ទាត់ Arsenal ទទួល​បាន​ការ​គោរព​ពាស​ពេញ​ពិភព​លោក ព្រោះ​ក្លឹប​នេះ​ត្រូវ​បាន​សាង​​ឡើង​ដោយផ្អែក​លើ​គុណ​តម្លៃ ដែល​​មនុស្ស​គ្រប់រូប​ត្រូវ​គោរព​គុណ​តម្លៃ​ទាំងនេះ​​ ហើយអ្នក​ចាត់ការ​​មាន​តួ​នាទី​ញ៉ាំង​ឱ្យ​មនុស្ស​គ្រប់គ្នា​គោរព​គុណ​តម្លៃ​ទាំងនោះ”។

“ចំពោះ​ខ្ញុំ​ ក្លឹប Arsenal តែង​តែ​មានភាព​លេចធ្លោជានិច្ច។ ខ្ញុំគិតថា​កីឡា​បាល់ទាត់​នាពេលបច្ចុប្បន្ន​ ក្នុង​សម័យកាលទំនើប​មាន​ការ​ទទួល​ខុសត្រូវ​ធំលើ​អាកប្បកិរិយា​របស់​យើង របៀប​ដែល​យើង​ធ្វើ​គម្រូ​សម្រាប់​អ្នកដទៃ”។

“ក្លឹប Arsenal ជា​ក្លឹប​មួយ​ក្នុង​​ចំណោម​ក្លឹប​ធំៗ​​នៅ​ក្នុង​ពិភព​លោក ហើយ​យើង​ត្រូវ​បង្ហាញ​ឱ្យ​គេឃើញ​ថា​យើងជាក្លឹប​ដែលធំ”។

ទន្ទឹមនឹងនេះ លោក Wenger ក៏​បាន​និយាយ​ពី​អាកប្បកិរិយា​របស់​កីឡាករ Granit Xhaka ផងដែរ បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​បញ្ចេញ​ប្រតិកម្ម​ដាក់​អ្នកគាំ​ទ្រ​ក្នុង​អំឡុង​ពេល​ប្រកួត​​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា​ជាមួយ​ក្លឹប Crystal Palace។

“អ្នក​មាន​កីឡាករ​ដែល​មាន​ចំណង់ កីឡាករ​ដែល​រក​សម្ពាធ មានការអាក់អន់ចិត្ត ហើយពេលខ្លះ​ពួកគេ​បញ្ចេញ​នូវ​ប្រតិកម្ម​ដែលអ្នក​មិនចង់ឱ្យ​កើតមាន”។

“ប៉ុន្តែអ្នកត្រូវ​រំឮក​ពួកគេអំពីអាកប្បកិរិយា​ដែលអ្នកចង់ឃើញពួកគេ​ប្រកាន់ខ្ជាប់”។

“ខ្ញុំ​គិត​ថា​ Xhaka គឺជា​កីឡាករ​ម្នាក់​ដ៏ឈ្លាសវៃ ផ្ទុយ​ពីអ្វី​ដែល​ខ្ញុំ​បានឮ​ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​មកនេះ​។ ចុងក្រោយ​គេ​បាន​សុំ​អភ័យទោស ហើយ​នោះគឺជា​អ្វី​ដែល​លោក Emery ចង់​ឱ្យគេធ្វើ”។

ទន្ទឹមនឹងនេះ ទោះជា​ស្ថានភាព​របស់ Xhaka បាន​សាប​រលាប​បន្តិចទៅ​ហើយ​ក្ដី សម្ពាធ​នៅ​តែ​កើន​ឡើង​លើ​លោក Emery ដដែល។ អ្នកចាត់ការ​រូបនេះ​បាន​ទទួល​រង​ការ​រិះគន់​ជាថ្មី​ម្ដងទៀត នៅពេល​ដែល​ក្លឹប​របស់​លោក​ប្រកួត​ស្មើជាមួយ​ក្លឹប Victoria Guimaraes ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​យូ​ហ្វា​​យូ​រ៉ូ​ប៉ា​លីគ​។ អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​នឹងត្រូវ​ដឹក​នាំ​ក្រុម​​ប៉ះជា​មួយ​ក្រុម​ Leicester City ដែល​កំពុង​មានទម្រង់​លេង​ល្អ​​ក្នុង​លីគ​កំពូល​អង់គ្លេស​នៅថ្ងៃទី៩ ខែ​វិច្ឆិកា​ស្អែក​នេះ៕

 

Kroos jokes that Bale watches the rest of games on his cell phone when he leaves matches early

មតិយោបល់