លោក Pochettino ទទូចឲ្យ​មានការគាំទ្រ Dele Alli

ក្រុម Tottenham Hotspur នឹងត្រូវប្រកួតជាមួយនឹង Everton នៅថ្ងៃអាទិត្យនេះ សម្រាប់សប្តាហ៍ទី ១១ នៅ Premier League។ មុន​ជំនួប​មក​ដល់ លោក Mauricio Pochettino បាន​និយាយពីទម្រង់លេងរបស់​ខ្សែបម្រើ Dele Alli ដោយ​លោក​ព្យាយាម​បង្ហាញការគាំទ្រ ដល់​កីឡាករអង់គ្លេសម្នាក់នេះ ក្រោយពេល​គេ​ជាសះស្បើយពីរបួស។

លោក Pochettino ជឿជាក់ថា Dele Alli នឹង​អាចបង្ហាញ​ទម្រង់លេងបានល្អវិញ ក្រោយ​ជាសះស្បើយ​ពីរបួស ប៉ុន្តែលោក​ក៏ទទួលស្គាល់ថា Dele Alli ពិតជាមាន​អារម្មណ៍ថា «មាន​សម្ពាធខ្លាំង»។

គេនៅចាំបានថា Dele Alli ធ្លាប់​ត្រូវបាន​លោក Roy Keane ដែលជាអតីតកីឡាកររបស់ Man Utd រិះគន់ ដោយ​ចោទថាកីឡាករ​អង់គ្លេសនេះ បាត់បង់ «ភាពស្រេកឃ្លាន»។

លោក Pochettino ទទួល​ស្គាល់ថា Alli ពិតជាមិនបានលេងឲ្យបានល្អបំផុតទេ ប៉ុន្តែលោក​ក៏ព្រមាន​អ្នក​ដែល​រិះគន់​កីឡាករ​របស់​លោក ថា​កុំ​រំពឹងច្រើន ពីកីឡាករ ដែល​ដូចជាទើប​តែចាប់ផ្តើមអាជីព។

Harry Kane ថា​កីឡាករក្លឹប Tottenham បាន​បំភ្លេច​បរាជ័យ​នៅឆេមពានស៍លីគ​ហើយ

លោក Pochettino បាន​លើកឡើងថា៖ «យើ​ងត្រូវតែចាំបានថា Dele នៅក្មេង ហើយ​តម្រូវការ សម្ពាធលើ​គាត់ គឺមាន​ធំធេងណាស់។ គ្រប់គ្នា រំពឹងចង់បាន​អ្វីធំដុំ ព្រោះ​គាត់ជាកីឡាករអង់គ្លេស គាត់​ជាកីឡាករលំដាប់អន្តរជាតិ ប៉ុន្តែគាត់ទើប​អាយុ ២៣ឆ្នាំប៉ុណ្ណោះ»។

លោក Pochettino បន្តថា៖ «គាត់អស្ចារ្យ! ជាការពិត ដែលគាត់ធ្លាក់​ទម្រង់​លេង ប៉ុន្តែយើ​ងត្រូវតែជួយ​ និងគាំទ្រ​គាត់ មិនមែន​ផ្តោត​អារម្មណ៍រិះគន់​ខ្លាំងទេ …»។

សូម​រម្លឹកជូនថា ក្នុងការប្រកួត​នៅរដូវកាល ២០១៩/២០២០​នេះ Tottenham ទើបតែឈ្នះបាន ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួត។ ប៉ុន្តែលោក Pochettino បាន​រម្លឹក​កីឡាករ​របស់លោក ឲ្យ​វិល​ត្រលប់​មក​រក​អារម្មណ៍វិជ្ជមាន ឈប់​សោក​សៅជាមួយនឹងបរាជ័យ​ជាមួយនឹង Liverpool កាលពីសប្តាហ៍មុន ហើយ​ត្រូវផ្តោតលើ​ការប្រកួត​ទៅមុខទៀត៕

មតិយោបល់