លោក Ryan Giggs រក​ឃើញ​បញ្ហា​ធំ​បំផុត​សម្រាប់ Man United ក្រោម​ការ​ដឹកនាំ​របស់​លោក​ Solskjaer

ក្លឹប​ Manchester United បាន​ចាប់​ផ្ដើម​រដូវ​កាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ole Gunnar Solskjaer ហើយ​បន្ទាប់ពី​បាន​ឈ្នះ​ ៣ប្រកួត​ចុងក្រោយជាប់គ្នា ពួកគេ​ហាក់​បានក្លាយ​ជា​ក្លឹប​មួយ​ដែល​វិល​មក​រក​ទិសដៅជ័យ​ជម្នះ​វិញ​ហើយ។ យ៉ាង​ណា​មិញ អតីត​មិត្ត​រួម​ក្រុម​ម្នាក់​របស់​លោក​ Solskjaer គឺ​លោក Ryan Giggs មាន​អារម្មណ៍​​ថា​​​មាន​បញ្ហា​មួយ​ដែលអាច​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ក្លឹប​អង់គ្លេស​មួយនេះ។

យោង​តាម​សម្ដី​របស់​អ្នក​ចាត់ការ​សញ្ជាតិ​វ៉េល​រូបនេះ​ គុណភាព​របស់អ្នក​ចាត់ការ​ដែល​នៅប្រជែងជុំវិញ​ខ្លួន​លោក​ Solskjaer អាច​ជា​របាំង​ដ៏ធំ​​ដែល​រាំង​ស្ទះ​ជ័យ​ជម្នះ​របស់​ក្រុម​បិសាច​ក្រហម​ ជាពិសេស​ប្រសិន​បើ​អ្នក​ចាត់ការ​កំពូល​ៗ​ដូច​ជា​​លោក Pep Guardiola និង​លោក Jurgen Klopp មាន​ផែនការ​បន្ត​ដឹកនាំ​រយៈ​ពេល​យូរ​តទៅទៀត។

លោក Ryan Giggs បាន​និយាយ​ប្រាប់​សារព័ត៌​មាន Stadium Astro ថា៖ “Ole ឋិត​ក្នុង​ស្ថានភាព​កាន់តែលំបាក​​ដោយសារ​គេ​ដឹក​នាំ​ក្លឹប​​នៅ​ក្នុង​លីគ​មួយ​ដែល​មាន​អ្នកចាត់ការ​ឆ្នើមៗ​​លំដាប់​ពិភព​លោក​ជាច្រើននាក់”។

លោក Solskjaer ថា Pogba នឹង​មិនបានចូលលេង​រហូត​ដល់ខែធ្នូ

“លោក Pep, លោក Klopp, លោក Pochettino សុទ្ធតែ​ជា​កំពូល​អ្នកចាត់ការ”។

“អ្នក​អាច​គិតថា​​ ប្រសិន​បើ​លោក Guardiola និង​លោក Klopp ធ្វើ​ដូច​លោក​ Alex Ferguson ហើយ​បន្ត​ដឹកនាំ​ក្លឹប​ដល់​រយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំ​ ស្ថានភាព​នឹង​លំបាក​ប្រជែង​សម្រាប់​ក្លឹប​ផ្សេងៗ​ទៀត។

“ប៉ុន្តែ​ខ្ញុំ​តែង​តែជឿជាក់​ថា​អ្វីៗ​មាន​វដ្ដ​របស់វា យើង​គ្រាន់​តែធ្វើរឿង​ដែល​គួរធ្វើ​ទៅ​គឺបានហើយៗ។

“Solskjaer កំពុង​ផ្លាស់ប្ដូរ​វប្បធម៌ អ្នក​ត្រូវការ​វប្បធម៌​ដើម្បី​សម្គាល់​លក្ខណៈសម្បត្តិ​របស់​កីឡាករ​ Man United ហើយ​ពេល​វេលា​របស់អ្នក​នឹង​មកដល់”៕

មតិយោបល់