អតីត​អ្នកចាត់ការ​នៅ​លីគកំពូលអង់គ្លេសធ្លាប់បានបដិសេធ Real Madrid ជាច្រើនលើក

អតីត​អ្នក​ចាត់ការ​ក្លឹប​ Arsenal គឺ​លោក Arsene Wenger បាន​បង្ហើប​ប្រាប់ថា​​លោក​ធ្លាប់​បាន​បដិសេធ​​តួនាទី​ជា​អ្នក​ចាត់ការ​ក្លឹប​ Real Madrid ជាច្រើនដង ហើយ​លោក​ថែម​ទាំង​បានទទួល​ស្គាល់​ទៀត​ថា​​ការ​ធ្វើ​បែបនោះ​បាន​ធ្វើ​ឱ្យ​លោក​ខាត​បង់ឱកាស​ជោគជ័យ​មួយចំនួន​ក្នុង​អាជីព​របស់​គាត់។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មីៗ​នេះ​ជា​មួយ​សារព័ត៌មាន BeIN Sports លោក Wenger បាន​និយាយថា៖ “រឿង​ដែល​ខ្ញុំ​ស្ដាយក្រោយ​នោះ​គឺ​ប្រហែលជាដោយសារ​ខ្ញុំ​ឱ្យ​តម្លៃ​ភក្ដីភាព​ច្រើនជាង​ឱកាស​ជោគជ័យ។ ឬបំណង​ដែលខ្ញុំ​ចង់​សាង​ក្លឹប​មួយ​ឡើង និង​ឥទ្ធិពល​របស់​ខ្ញុំ​ចំពោះ​ក្លឹបនោះ”។

“ដើម្បី​សាង​ក្លឹប​មួយ​ ពេល​ដែល​យើង​សាងសង់​កីឡដ្ឋាន ខណៈ​ពេល​ដែល​ខ្ញុំ​អាច​ទៅ​ក្លឹប​ផ្សេង​ទៀត​ដែល​អាច​មាន​លទ្ធភាព​ហិរញ្ញវត្ថុ​ខ្ពស់ជាង”។

“ចុងក្រោយ ខ្ញុំ​រីករាយ​នឹង​អ្វី​ដែល​ខ្ញុំ​បានធ្វើ”។

“​ខ្ញុំ​ធ្លាប់​បាន​គិត​តាំងពី​ក្មេង​ថាខ្ញុំ​ចង់ធ្វើការ​ទៅតាម​របៀប​ដែលខ្ញុំ​ចូលចិត្ត​”។

“មានពេលខ្លះ ខ្ញុំ​ក៏ធ្លាប់សួរ​ខ្លួន​ឯងដែរថា តើ​ខ្ញុំ​ធ្វើបានល្អ​ដែរឬទេ?”។

“ប៉ុន្តែ​ខ្ញុំ​មានអារម្មណ៍​ថា​ខ្ញុំ​នៅ​ក្នុង​ក្លឹប​មួយ (Arsenal) ដែល​ត្រូវតាម​តម្រូវការ​របស់ខ្ញុំតាមរបៀប​ដែលខ្ញុំ​ចង់ធ្វើការ”។

“ហេតុនេះ មូលហេតុអ្វី​ខ្ញុំ​ត្រូវប្ដូរ​ស្ថានភាពរបស់ខ្លួន​ឯង​​ទៅ​រក​ស្ថានភាព​មួយ​ដែល​ជោគជ័យ​ជាង​​ តែមិនសូវសប្បាយចិត្ត​​​ដោយសារ​ខ្ញុំ​មិនសូវ​មានឥទ្ធិ​ពល​ទៅ​លើក្លឹប​ (Real Madrid) នោះ?”

អតីត​អ្នកចាត់ការ​សញ្ជាតិ​បារាំង​​ដែល​មាន​វ័យ ៦៩ឆ្នាំ​រូបនេះ​បាន​និយាយជាចុងក្រោយ​ថា៖ “ដូច្នេះ​ហើយ​ទើប​ខ្ញុំ​បានសម្រេច​ចិត្ត​ថា​ខ្ញុំ​នឹង​បន្ត​រឿង​ព្រេងនិទាន​ស្នេហា​របស់ខ្ញុំ​នៅ Arsenal បន្ត​ទៀត”៕

សម្រង់សម្ដី​ពី​សារព័ត៌​មាន Daily Mail

គ្រាប់បាល់​ល្អ​បំផុត​ ៥គ្រាប់​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​ក្នុង​រដូវកាល ២០១៩-២០២០​កន្លងមក

មតិយោបល់