ភ្នាក់​ងារ​របស់ Jorginho ថា​គេ​អាចនឹង​ផ្ទេរ​ទៅ​លីគ​អ៊ីតាលី​វិញ

ក្លឹប Chelsea អាច​នឹង​ចាប់​ផ្ដើម​មាន​លំនឹង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Frank Lampard ប៉ុន្តែ​​ភ្នាក់​ងារ​របស់​កីឡាករ​ម្នាក់​​និយាយ​ថា​គេ​នៅ​តែអាច​នឹង​ចាក​ចេញ​ពី​ទឹកដី Stamford Bridge។

Jorginho ចាប់​ផ្ដើម​រដូវកាលថ្មី​បាន​ល្អ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី​គឺ​លោក Frank Lampard ប៉ុន្តែ​ភ្នាក់​ងារ​​របស់​កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា​ គេ​នៅ​តែ​អាច​ប្ដូរ​ទៅ​លេង​នៅ​លីគ​កំពូល​អ៊ី​តាលី​វិញ។

លោក Joao Santos ដែល​ជា​ភ្នាក់​ងារ​របស់ Jorginho បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មានវិទ្យុ Radio Sportiva ថា៖ “នេះ​ជា​ឆ្នាំ​មួយ​ដ៏​ល្អ​សម្រាប់ Jorginho. គេ​លេង​បានល្អ​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ហើយ​អាច​ចូល​រួម​ប្រកួត​យូរ៉ូ។ គេ​តែង​តែ​ស៊ុត​បាល់ពិន័យ​បាន​សម្រេច​ជានិច្ច។ ខ្ញុំ​រីករាយ​ជំនួស​គេណាស់ គេ​តែង​តែ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​រាល់ថ្ងៃ”។

អ្នក​ចាត់ការ​ក្លឹប Chelsea មាន​សារ​ផ្ញើ​ជូន​អ្នកគាំទ្រ

“តាម​ធម្មតា អ្វីៗ​មិន​ល្អ​ប្រសើរ​នោះទេ ពេល​ដែល​លោក Giampiero Ventura ធ្វើ​ជា​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ ប៉ុន្តែ​បន្តិច​ម្ដងៗ​គេ​បាន​ក្លាយជា​​កីឡាករ​ខ្សែបម្រើ​ជាម្រើសទី១”។

“ជា​ការ​ប្រសើរ​ដែល​គេ​លេង​នៅ Chelsea ដោយសារ​របៀប​លេង​នៅអង់គ្លេស ហើយ​គេ​រៀន​សូត្រ​បានច្រើន​ពី​លោក Sarri និង​លោក Lampard”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​គេ​នៅ​តែអាច​សម្រេច​ចិត្ត​ទៅ​អ៊ីតាលីវិញ​ដែរ។

“ខ្ញុំ​គិត​ថា​ Jorginho អាច​លេង​បាន​ល្អ​ក្នុង​ការ​ប្រកួត​យូ​រ៉ូ និង​វើលខាប់​ផងដែរ។ ហើយ​លទ្ធភាព​ត្រឡប់ទៅ​អ៊ី​តាលី​វិញ​ក៏​អាច​ទៅរួច​ដែរ រឿង​គ្រប់​យ៉ាង​សុទ្ធ​តែអាច​កើត​ឡើង ហើយ​គេ​ក៏​មាន​ចិត្ត​ចង់​វិល​ត្រឡប់ទៅ​ប្រទេស​កំណើត​​វិញ​ដែរ”៕

 

មតិយោបល់