កីឡាករ​ Olivier Giroud ថា​មិនអាច​ទទួល​តួនាទីជាកីឡាករ​បម្រុង​នៅ Chelsea ទេ

កំណត់ត្រា​ឈ្នះ​បាន​ពាន​រង្វាន់​ច្រើន​របស់​ក្លឹប Chelsea បាន​ទាក់ចិត្ត​កីឡាករ Olivier Giroud ឱ្យ​ចាកចេញ​ពី​ Arsenal មក​ចូល​រួម​ជាមួយ​ក្លឹប​នេះ​ ប៉ុន្តែ​កីឡាករ​ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​និយាយ​ថា​គេ​មិនអាច​ទទួល​យក​តួនាទី​ក្រៅ​ក្រុម​ជម្រើស​ ១១នាក់ដំបូង​នោះទេ។

កីឡាករ Olivier Giroud បាន​និយាយថា​ គេ​មិនអាចទទួល​យក​តួនាទី​បច្ចុប្បន្ន​ដែល​ឋិត​នៅ​ក្រៅ​​​​ជម្រើស​ ១១នាក់​ដំបូង​​របស់​​របស់​លោក​ Frank Lampard នៅ Chelsea ​ទេ​​ ប៉ុន្តែ​គេ​ក៏​មិនរិះ​គន់​អ្នកចាត់ការ​​រូបនេះ​ដែរ។

កាលពីថ្ងៃសុក្រ កីឡាករ​ជម្រើសជាតិ​​បារាំងរូបនេះ​រក​បាន​គ្រាប់បាល់​មួយ​គ្រាប់​ឱ្យ​ប្រទេស​របស់ខ្លួន​ដោយ​ធ្វើ​បាន​សម្រេច​គ្រាប់បាល់​ពិន័យ​ក្នុង​ការប្រកួត​ជម្រុះ​ត្រៀម Euro 2020 ជាមួយ​​ប្រទេស​អាយស៍លែន​ដែល​ទទួល​បានលទ្ធផល​ ១ទល់​នឹង​សូន្យ។ ប៉ុន្តែ​កីឡាករ​រូបនេះ​នៅ​មិនទាន់​រក​បាន​គ្រាប់បាល់​មួយ​គ្រាប់​នៅ​ឡើយ​ទេ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​វ័យ ៣៣ឆ្នាំ​រូបនេះ​ទើប​តែ​បាន​ចូល​លេង​ ៣លើក​ប៉ុណ្ណោះ​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ដែល​ក្នុង​ក្នុង​នោះ​មាន​តែ​មួយ​លើក​ប៉ុណ្ណោះ​ដែល​គេ​បានចូលលេង​ក្នុងជម្រើស ១១នាក់ដំបូង​ ធ្វើឱ្យ​គេ​មិន​សប្បាយ​ចិត្តនឹង​ពេល​វេលា​នៅ Stamford Bridge ដូច​កាល​ដែល​គេ​ឋិត​ក្រោមការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ចាស់​ គឺ​លោក Maurizio Sarri ដូច្នោះ​ដែរ។​​

ពេល​ដែល​ត្រូវ​បាន​អ្នក​យក​ព័ត៌​មាន​​សួរ​អំពី​តួនាទី​របស់គេ​នៅ Chelsea កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយ​ប្រាប់​សារ​ព័ត៌​មាន​កាតូលិក​ Le Pelerin ថា៖ “ទទួល​យក​តួនាទីនេះមែនទេ? អត់ទេ ខ្ញុំ​មិនអាចទទួល​យក​បានទេ”។

 

“​ក្នុង​ស្ថានភាព​បែបនេះ យើង​មិនចាំបាច់​ត្រូ​វ​រអ៊ូរទាំនោះទេ។ ខ្ញុំ​តែង​តែ​ពោរពេញ​ដោយ​ការ​គោរព និង​ដាក់ខ្លួន។ ថ្វី​ត្បិត​ថា​ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​គ្រូបង្វឹក​ក៏​ពិតមែន ប៉ុន្តែខ្ញុំ​មិនរិះគន់​គាត់ទេ”។

“ប៉ុន្តែ​ក្នុងចិត្ត​ខ្ញុំ មិនអាចទទួល​យក​តួនាទី​បែប​នេះ​បានទេ ព្រោះ​ខ្ញុំ​​ដឹង​ពី​តម្លៃ​របស់ខ្ញុំ​នៅ​លើ​ទីលាន​ប្រកួត។ កាលពីឆ្នាំមុន​ ពេល​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​សម​នឹង​ចូល​លេង​ ខ្ញុំ​បានសុំ​ឱ្យ​​លោក Sarri ពន្យល់​ពី​ហេតុ​ផល”។

ចាប់តាំង​ពី​ពេល​ប្ដូរ​ពី​ Arsenal មក Chelsea កាលពី​ខែ​មករា ឆ្នាំ​២០១៨ Giroud បាន​ចូលលេង​ក្នុង​ជម្រើស​ ១១នាក់​ដំបូង​ក្នុង​លីគ​កំពូល​អង់គ្លេស​​​បានត្រឹម​តែ ១៤ប្រកួត និង​រក​បាន​គ្រាប់បាល់តែ ៥គ្រាប់​​ប៉ុណ្ណោះ។

គេ​បាន​លើក​ឡើង​ថាគេ​លេង​នៅ Chelsea បានយូរ​ជាង​កីឡាករ Alvaro Morata និង Gonzalo Higuain នៅ​ក្លឹប Chelsea ប៉ុន្តែ​ចាប់​ផ្ដើម​មិនសប្បាយ​ចិត្ត​​​ចំពោះ​ផល​តប​ស្នង​ដែល​គេ​ទទួល​បាន​។

កីឡាករ Tammy Abraham បាន​ក្លាយ​ជា​​ជម្រើស​កីឡាករ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​​ក្នុង​រដូវកាលនេះ​ ហើយ​ Giroud ត្រូវ​រង់ចាំ​ឱកាស​ដើម្បី​បាន​ចូល​លេង​។

Giroud បាន​និយាយ​បន្ត​ទៀត​ថា៖ “ចាកចេញ​ពី​ Arsenal មក​ Chelsea កាលពី​ ២ឆ្នាំ​មុន​មិនមែនជា​រឿង​ងាយ​ស្រួល​នោះទេ។ ខ្ញុំ​ស្រឡាញ់​ Arsenal”។

“ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា​ជា​ការ​រីក​ចម្រើន​ព្រោះ Chelsea ជា​ក្លឹប​អង់គ្លេស​ដែល​ធ្លាប់ឈ្នះ​បាន​ពាន​រង្វាន់​ច្រើន​ ជាមួយ​ក្លឹប Manchester City ក្នុង​អំឡុង​ ១០ឆ្នាំ​កន្លង​មក​”។

“ខ្ញុំ​មាន​គូ​ប្រជែង​តំណែង​ខ្សែប្រយុទ្ធ​​ដូចជា Morata និង Higuain ដែល​ពួក​គេ​សុទ្ធ​តែបានចាកចេញ​ទៅ​ហើយ។ ចុង​ក្រោយ​ខ្ញុំ​ទទួល​បានជោគជ័យ​ ដោយ​ទទួល​បានឱកាស​ចូល​លេង​នៅ​ការ​ប្រកួត FA Cup 2018 និងការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​យូ​រ៉ូ​ប៉ា​លីគ ឆ្នាំ២០១៩។

“ជាថ្មី​ម្ដងទៀត ខ្ញុំ​បានចាប់ផ្ដើម​រដូវកាលនេះ​ដោយ​លំបាក ប៉ុន្តែ​ដូច​ដែល​បងប្រុស​ខ្ញុំ​ធ្លាប់​និយាយអញ្ចឹងថា​ ខ្ញុំ​នេះ​លុះត្រា​​តែជួប​នឹង​ពេល​វេលា​លំបាក​ ទើប​រីក​ចម្រើន ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឱ្យ​មានពេល​​លំបាក​ច្រើន​ពេក​នោះទេ”៕

 

លោក Southgate ទទួល​ខុស​ត្រូវ​ចំពោះ​បរាជ័យ​ក្រោម​ថ្វី​ជើង​សាធារណរដ្ឋឆេក

មតិយោបល់