កីឡាករ Arsenal បន្ទោសអ្នកគាំទ្រ ដែលបោះឆ្នោតឲ្យ​គាត់​ក្លាយ​ជាខ្សែការពារអាក្រក់បំផុតលើលោក

កីឡាករ​ Shkodran Mustafi នៃក្លឹប​កាំភ្លើងធំ Arsenal មិន​សប្បាយ​ចិត្ត​នោះទេ ក្រោយ​ទទួលបាន​ងារ​ជាខ្សែការពារអាក្រក់បំផុត លំដាប់ទី ២លើ​លោក។ មិនសប្បាយចិត្តបែបនេះហើយ ទើប Mustafi បាន​ផ្ញើសារត្រលប់​ទៅបន្ទោស​អ្នក​គាំទ្រ​របស់ខ្លួន​វិញ ចំពោះលទ្ធផល​បែបនេះ។

Mustafi បានក្លាយជាខ្សែការពារ​អាក្រក់បំផុត​លំដាប់ទី ២ យោងតាមការ​បោះឆ្នោតពីអ្នក​គាំទ្រ​ ១៥ ០០០សម្លេង​ ហើយ​តាមពីក្រោយ​ដោយ​ខ្សែការពារអាក្រក់បំផុតលំដាប់ទី ១ គឺ Phil Jones នៃក្លឹប Manchester United។

Mustafi បានប្រាប់​សារព័ត៌មាន Der Speigel ដោយ​ទំនងនិយាយដល់អ្នក​គាំទ្រ​របស់ខ្លួន​ យ៉ាដូច្នេះ ថា៖ «ខ្ញុំអាច​ប្រឈម​នឹងការរិះគន់មិនពិរោះស្តាប់បាន។ ប៉ុន្តែការរិះគន់​នោះ វាកាន់តែធំឡើងៗ ហើយក្លាយជាមិនសមហេតុផល។​ ខ្ញុំក៏ក្លាយជាគោលដៅ​របស់​គេ។ ចំនុចខ្លះ គេបន្ទោសខ្ញុំ​ សូម្បីតែក្នុងការប្រកួត​ដែល​ខ្ញុំមិនបានលេងក៏មាន»។

‘Luiz’s commitment is very high’ – Emery after Arsenal win

ជាមួយ​គ្នា Mustafi ក៏បាន​សម្តែងការអន់​ចិត្ត​ចំពោះការអត្ថាធិប្បាយ​របស់អតីតកីឡាករ Arsenal គឺ​Emmanuele Petit ដោយ​បាន​ដាក់រហ័សនាម​ឲ្យ​អតីតកីឡាកររូបនេះថា «ស្តេចចាប់កំហុស»។

Mustafi បាន​បន្ត៖ «វាពិតជារំខានខ្ញុំ​ខ្លាំងណាស់។ វាជារឿងមួយ​ដែល​អ្នកគាំទ្រ និង​ប្រព័ន្ធផ្សព្វផ្សាយ​និយាយ​មិនល្អពីអ្នក​។ ប៉ុន្តែ​វា​ខុសគ្នាដាច់ស្រឡះ នៅពេលដែលអតីតកីឡាករ ដែលដឹងថា តើ​មានការ​លំបាក​យ៉ាងណាលើ​ទីលាន​ ហើយ​មក​និយាយ​រិះគន់បែបនេះ»។

គួរជម្រាបជូនថា នៅក្នុង​រដូវកាលថ្មីនេះ Mustafi ហាក់ដូចជា​មិន​ស្ថិតនៅក្នុង​ខ្សែភ្នែក​លោក Unai Emery ប៉ុន្មានទេ ដោយ​គេត្រូវ​ដាក់ឲ្យនៅបម្រុង ហើយជំនួស​មក​វិញ នូវ​ខ្សែការពារទើប​ទិញ​ថ្មី គឺ David Luiz និងកីឡាករវ័យចំណាស់ Sokratis Papasthathapolous៕

មតិយោបល់