Christian Eriksen និយាយ​ថា​គេ​កំពុង​ឋិត​ក្នុង​ពេល​វេលា​ដ៏​លំបាក​បំផុត​នៅ Tottenham

កីឡាករ Christian Eriksen បាន​លើក​ឡើងថា​​ការ​ធ្លាក់ចុះ​ទម្រង់​លេង​របស់​ Tottenham មិនមែន​បណ្ដាល​មក​ពី​បញ្ហា​អនា​គត​របស់​កីឡាករ​ដូច​ពាក្យ​ចចាមអារ៉ាម​នោះទេ។

កីឡាករ Christian Eriksen បាន​និយាយថា​​គេ​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​បំផុត​ក្នុងអាជីព​របស់​គេ​នៅ​ក្លឹប Tottenham ប៉ុន្តែ​មិនមែន​ដោយសា​រពាក្យ​ចចាម​អារ៉ាម​ពាក់​ព័ន្ធ​នឹង​អនាគត​របស់គេ​​កាលពីអំឡុ​ង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នោះទេ។

មុន​កា​រ​សម្រាក​ប្រកួត​អន្តរជាតិ Spurs បាន​ប្រកួតចាញ់​ក្រុម Brighton and Hove Albion ក្នុងលទ្ធផល ៣ទល់​នឹង​សូន្យ​ បន្ទាប់ពីចាញ់ Bayern Munich នៅ​ការ​ប្រកួត​ឆេម​ពានស៍​លីគ​​ក្នុងលទ្ធផល ៧ទល់​នឹង​២។

Tottenham មាន​ពិន្ទុ​ចាញ់​ក្រុម​​កំពូល​តារាង​ Liverpool ដល់​ទៅ​ ១៣ពិន្ទុ​​ក្រោយ​​ឆ្លងកាត់ ៨ប្រកួត ហើយ​មហាជន​ចាប់​ផ្ដើម​ចោទសំណួរ​អំពី​អនាគត​របស់​អ្នកចាត់ការ​ Mauricio Pochettino។

Eriksen ឋិត​ក្នុងចំណោម​កីឡាករ​មួយចំនួន​ដែល​មាន​ព័ត៌​មាន​ថា​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​ក្នុងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ ដែល​ក្នុង​នោះ​មាន​ក្លឹប Real Madrid, Juventus និង Paris Saint-Germain ជា​គោល​ដៅ​ដែល​គេ​អាច​នឹងទៅ។

ទោះជាយ៉ាងនេះ​ក្ដី កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូបនេះ​បាន​លើក​ឡើងថា ព័ត៌​មាន​ទាំងនេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទម្រង់​លេង​របស់​កីឡាករ​នោះទេ។

Eriksen បាន​និយាយ​ប្រាប់សារព័ត៌​មាន​ Ekstra Bladet របស់​ដាណឺម៉ាកថា៖ “មិន​មានបញ្ហា​អ្វីនោះទេ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ជា​កីឡាករ​អាជីព​ ហើយ​ព័ត៌​មាន​បែបនេះ​មានដូចគ្នា ក្លឹប​ណា​ក៏​មានដែរ។ ព័ត៌​មាន​បែបនេះ​មិនប៉ះ​ពាល់​ដល់​ទម្រង់លេង​របស់​កីឡាករ​ក្នុងរដូវកាលនេះ​នោះទេ”។

 

Eriksen បាននិយាយថា Tottenham ដែល​បាន​ឡើង​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL រដូវកាលមុន​ ត្រូវជួបនឹង​ការ​រំពឹង​ទុក​ខុស​ពី​ពេល​ដែល​គេ​ប្ដូរ​មក​ពីក្លឹប Ajax កាលពីឆ្នាំ​២០១៣។

“នេះ​ជា​ពេល​វេលា​ដ៏​លំបាក​បំផុត​សម្រាប់ខ្ញុំ​នៅ Tottenham។ ឆ្នាំដំបូង​ដែល​ខ្ញុំ​មកទីនេះ មានពេលខ្លះ​ល្អ ពេល​ខ្លះ​មិនល្អ ប៉ុន្តែ​តាំងពីពេល​ដែល​លោក​ Pochettino ចូល​មក​ទីនេះ​កាលពីឆ្នាំ​២០១៤ ពួក​យើ​ងចាប់ផ្ដើម​ទទួលបានជ័យជម្នះ”។

“ពេល​នេះ ការរំពឹងទុក​របស់ម​ហាជន​ចំពោះ​ពួកយើងគឺខុសពីមុន។ យើង​ត្រូវឈ្នះជានិច្ច​ យើង​នេះ​ក៏ជា​អារម្មណ៍​ដែល​កីឡាករ​តែងតែមានដូចគ្នា។ យើង​ត្រូវ​ព្យាយាម​ជៀសវាងអារម្មណ៍​អវិជ្ជមាន ប៉ុន្តែ​មូលហេតុ​ដែល​​លទ្ធផល​របស់ពួកយើង​មិនសូវល្អ​បែបនេះ គឺពិបាក​នឹង​ឆ្លើយណាស់។ ទោះជា​យើង​នាំ​មុខក៏ដោយ ប៉ុន្តែ​យើង​មិនអាចទទួលបានជ័យជម្នះនោះទេ ហើយ​យើង​ក៏​មិនសូវ​មានសំណាងល្អដែរ”៕

 

Zlatan Ibrahimovic unveils statue of himself in Malmo

មតិយោបល់