លោក Arsene Wenger ប្រាប់​មូល​ហេតុ​ដែល​ Pogba លេង​មិនបាន​ល្អ​នៅ Man United

អតីត​អ្នក​ចាត់ការ​ក្រុម​កាំ​ភ្លើង​ធំ​គឺ​លោក Arsene Wenger បាន​ពន្យល់ថាកីឡាករ​ Paul Pogba លេង​មិន​បាន​ល្អ​នៅ​ Man United ក្នុង​រដូវកាល​នេះ​ អាចបណ្ដាល​មកពី​មូលហេតុ​ធំៗ​ ចំនួន​២។

លោក Arsene Wenger បាន​អះអាងថាកីឡាករ Paul Pogba ​មាន​ទម្រង់លេង​មិនសូវល្អ​ដោយសារ​​​ទាំងផ្លូវកាយ និង​ផ្លូវចិត្ត​មិនទាន់​រឹងមាំ ហើយ​គេ​ក៏​មិនជឿជាក់​ថា​ក្លឹប​របស់គេ​អាចឈ្នះ​ពាន​ដែរ។

លោក Wenger បាន​និយាយ​ថា៖ “ខ្ញុំគិតថា​ Pogba បង្ហាញ​អាកប្បកិរិយា​ដូចបច្ចុប្បន្ន​​​ព្រោះ​គេ​មានអារម្មណ៍​ថា​ក្លឹប​ Manchester United មិន​អាច​ប្រជែង​យក​ពាន​រង្វាន់​បានទេ ម្យ៉ាងទៀត គេ​ត្រូវបានហាម​ឃាត់​មិន​ឱ្យ​ចាកចេញ​ទៀត។ ដោយ​សារ​ហេតុ​ផល​ទាំងពីរ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទម្រង់​លេង​របស់គេ។

ទន្ទឹម​នឹង​នេះ Pogba លេង​បាន​ត្រឹម​តែ​ ២លើក​ប៉ុណ្ណោះ​ចាប់តាំងពី​ដើម​រដូវកាល​ ២០១៩-២០២០ កាលពីខែសីហា។

កាលពីដើម​សប្ដាហ៍​នេះ គេ​បាន​ខក​ខាន​ការ​ប្រកួត​យូ​រ៉ូ​ប៉ា​លីគ​​​ដែល​ Man United ទទួល​បាន​លទ្ធផល​សូន្យ​ស្មើ​ជាមួយ​ក្លឹប AZ Alkmaar ដោយសារ​របួស​កជើង។ ដោយ​សារ​របួស​នេះ គេ​ក៏បាន​ខក​ខាន​ការ​ប្រកួត​ជាមួយ​ក្លឹប Newcastle កាលពីថ្ងៃអាទិត្យ​ដែរ។

នៅ Newcastle លោក Ole Gunnar Solskjaer និង​ក្រុម​របស់លោក​​ទទួល​បាន​លទ្ធផល​បរាជ័យ​ ១ទល់​នឹង​សូន្យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​នៅពេលនេះ ពួក​គេ​នៅលើ​តំបន់​កាត់ចេញ​ពីលីគ​តែ​ ២ពិន្ទុ​ប៉ុណ្ណោះ គឺ​នៅ​លេខ​រៀង​ទី១២ ក្នុង​តារាង​លីគ​កំពូល​អង់​គ្លេស​។

ចំពោះ​ការ​ប្រកួត​បន្ទាប់​សម្រាប់​ក្រុម​បិសាច​ក្រហម គឺ​ការ​ប្រកួត​ក្នុងទឹកដី​ខ្លួន​ឯង​ជាមួយ​ក្លឹប Liverpool ដែល​នៅ​មិនទាន់​ស្គាល់​រសជាតិ​បរាជ័យ​នៅ​ឡើយទេ​បន្ទាប់ពី​បាន​ឆ្លង​កាត់ ៨សប្ដាហ៍​ប្រកួត​រួចមក៕

 

‘Ball was like a hot potato’ – Solskjaer after Man United lost to Newcastle

មតិយោបល់