Gary Neville ប្រាប់ពីមនុស្សដែលគ្រប់គ្នា​​គួរបន្ទោសពីបរាជ័យ​របស់ Man Utd

ដោយអត់​ទ្រាំ នឹងបរាជ័យ​​ផ្ទួន​ៗរបស់ Manchester United មិនបាន អតីតកីឡាករ​របស់ Manchester United លោក Gary Neville ក៏បាន​ចេញមុខ​មក​និយាយ​ពីស្ថានភាព​ជុំវិញ​ក្រុមបិសាចក្រហម ដែល​បណ្តាល​ឲ្យ​ក្រុម​ជួបសភាពគួរឲ្យ​អាម៉ាស់​ជាបន្ត​បន្ទាប់នេះ។

ក្រោយ​បរាជ័យ ០ទល់នឹង១ ជាមួយក្រុម Newcastle United លោក Gary Neville មិនបាន​ដាក់សម្ពាធបន្ទោស​ទៅលើ​គ្រូបង្វឹកលោក Ole Gunnar Solskjaer ទេ ប៉ុន្តែលោក​បន្ទោស​ខ្លាំងទៅលើ​​ ក្រុម​គណៈកម្មការ​គ្រប់​គ្រងក្លឹប។ តាមលោក Gary Neville ការរើស​មនុស្ស​ខុសឲ្យធ្វើការ ដូចជា​អ្នក​គ្រប់គ្រង​មិនល្អជាដើម គឺជាបញ្ហា​សម្រាប់ Man Utd ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រោយ​ពេលលោក Alex Ferguson ឈប់​កាន់តួនាទីជាគ្រូបង្វឹក។

លោក Neville បានប្រាប់សារព័ត៌មាន Sky Sport ដោយ​ទំនង​នៅខាងគ្រូបង្វឹក​ថា ៖ «Van Gaal បានឈ្នះពាន FA Cup ហើយ​បន្ទាប់មក​គេក៏បណ្តេញ​គាត់ចេញ។ Jose Mourinho ក៏ត្រូវគេបណ្តេញ​ចេញ បន្ទាប់ពីគាត់បានដឹកនាំក្នុងរយៈពេល ២ឆ្នាំកន្លះ ពេលដែលគេធ្វើកុងត្រា​បន្ថែមឲ្យ​គាត់ ៦ខែ មុនបណ្តេញចេញ។ ហើយ​ពួកគេ​បាន​គំរាមកំហែង​អ្នកចាត់​ការអ្វីទៀត ដែល​មាន​ស្ទីល​ដឹកនាំ​ខុសគ្នាដាច់​ស្រឡះពី Louis van Gaal និង Jose Mourinho»។

លោក Neville បានបន្ត៖ «ពួកគេ​ឥឡូវ​ កំពុងតែ​ដើរជាមួយលោក Ole Gunnar Solskjaer ដែល​មាន​ទិសដៅ​នាំក្លឹប​ឲ្យ​ដើរទៅលើ​ផ្លូវ​ផ្សេងដាច់ឆ្ងាយ ហើយ​ប្រសិនបើ​អ្នក​ប្តូរទិសដៅ ដូច​ដែលប្តូរគណៈកម្មការក្លឹប ២ឆ្នាំម្តង ហើយអ្នក​ត្រូវវិនិយយោគ ប្រាក់ ២៥០លានផោន​ រាល់អ្នក​ចាត់ការថ្មីៗម្នាក់ៗនោះ គឺអ្នក​កំពុងតែមានបញ្ហាធំហើយ។ ហើយ​ពេលនេះ Manchester United កំពុងតែ​ទទួលរងការឈឺចាប់ ដែលពួកគេ​គួរតែទទួលបាន​ពីការ​សម្រេចចិត្ត​ដ៏កម្សោយ​ពីក្រុម​គណៈកម្មការ​ក្លឹប»។

លោក Neville ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះការដឹកនាំរបស់លោក Ole ហើយ​ចង់ឲ្យក្លឹប​ផ្តល់​ប្រាក់ ២៥០លានផោន សម្រាប់ការទិញ​កីឡាករ ដល់លោក Ole។ តាមលោក Neville គឺលោក Ole ត្រូវ​ចូល​មក​ដឹកនាំ ដើម្បីសម្អាត​ផ្លូវ​ចាស់ ឆ្ពោះទៅផ្លូវថ្មីមួយ ដែល​វាមិន​ស្រួល​ឡើង​សម្រាប់​គាត់ ប៉ុន្តែលោក Neville ក៏មិន​ចង់ឲ្យ​លោក Ole ប្តូរទិសដៅនេះឡើយ»។

គួរជម្រាបជូនថា នៅពេលបច្ចុប្បន្ននេះ Manchester United កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ១២ មានលើស ២ពិន្ទុ ពីក្រុម​ដែល​ត្រូវ​កាត់​ចេញ៕

មតិយោបល់