លោក Pep Guardiola និយាយ​ពីការ​ប្រជែង​រវាង​ Manchester City ជាមួយ​ Liverpool ក្រោយ​ចាញ់ Wolves

ក្លឹប​ Manchester City ទើបតែទទួល​រង​បរាជ័យ​​ក្រោម​ថ្វី​ជើង​ក្លឹប Wolverhampton Wanderers នៅ​កីឡដ្ឋាន​ Etihad Stadium ក្នុង​លទ្ធផល​ ២ទល់​នឹង​សូន្យ ធ្វើ​ឱ្យពួក​គេ​ឃ្លាតកាន់​តែឆ្ងាយ​ពី​គូ​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។

ក្រុម​ការពារ​តំណែងជើង​ឯក​មួយនេះ​កំពុង​ចាញ់ពិន្ទុ​ក្លឹប​ Liverpool រហូតដល់ទៅ​ ៨ពិន្ទុ ​ដែល​ក្រុម​ហង្ស​ក្រហម​នៅ​មិនទាន់​ស្គាល់​រសជាតិ​បរាជ័យ​នៅ​ឡើយ​ទេ គ្រប់ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​រដូវ​កាលថ្មីនេះ​ ធ្វើ​ឱ្យ​អ្នកចាត់ការ​ក្លឹប​ Man City គឺ​លោក Pep Guardiola ចាប់​ផ្ដើម​ព្រួយ​បារម្ភហើយ។

លោក Guardiola បាន​និយាយ​ក្រោយការ​ប្រកួត​ថា​៖ “ពិន្ទុ​នេះ​ច្រើនណាស់ ពួកគេ​មិនមាន​បាត់បង់​សូម្បី​តែមួយ​ពិន្ទុ ទោះបីជាជួប​ស្ថានភាព​បែបណា​ក៏​ដោយ។ ប៉ុន្តែ​ យក​ល្អ​ពួក​យើង​កុំ​រវល់​តែគិត​ក្នុងចិត្ត​ថា​មាន​ក្រុម​មួយ​កំពុង​នាំ​មុខ​ពួក​យើង ៨ពិន្ទុ​ធ្វើអ្វី”។

“ការ​ប្រកួត​នេះ​ជា​ថ្ងៃ​មិនល្អ​សម្រាប់ពួកយើង ពេល​ខ្លះ​ក៏​មាន​កើត​ឡើង​បែបនេះ​ដែរ។ យើង​ចាប់ផ្ដើម​ដំបូង​លេង​បានល្អ ប៉ុន្តែ​ពេល​ដែល​ចាប់​ផ្ដើម​ចាញ់​គេ ២គ្រាប់​ ដែល​យើ​ងមិនអាច​ការពារជាប់ ពួក​យើ​ងចាប់​ផ្ដើម​មានអារម្មណ៍​មិន​នឹង​នរ”។

“យើង​គ្រប់គ្រង​លើ​គូប្រជែង​បានល្អ​ក្នុងតង់ទី២ ប៉ុន្តែចុងក្រោយ​ ពេល​ដែល​យើង​ចាប់ផ្ដើម​វាយសម្រុក​ខ្លាំង​ យើង​ចាប់ផ្ដើម​បាត់​បង់​ការ​គ្រប់​គ្រង​បាល់​ក្នុងទីតាំង​ដែល​យើ​ងពិបាក​ធ្វើការ​”។

“មុននោះ យើង​មានស្ថានភាព​បាល់ប៉ះបង្គោលទី ហើយ​យើង​ក៏​មានសកម្មភាពដែរ ប៉ុន្តែ​របៀប​លេង​របស់​ពួក​យើ​ងមិនបានល្អនោះទេ”។

“ជួន​កាល​ស្ថានភាព​បែបនេះ​ក៏កើត​មានដែរ។​ យើង​និយាយ​លួង​លោមគ្នាថា មិនអីទេ យើង​នៅសល់ច្រើនប្រកួត​ទៀត យើង​អាចធ្វើបាន យើង​នឹង​ធ្វើ​បានសម្រេច​ម្ដងទៀត”។

“យើង​បានប្រកួត​ចាញ់​ក្រុម​មួយ​ដែល​រៀបចំបានល្អ មាន​កាយ​សម្បទា​រឹងមាំ លេង​បានល្អ​​ពេល​បាល់​ផុត​ពីដី និង​ការវាយបក​វិញ គឺ​យើង​បាន​ដឹង​រួច​ហើយ”៕

 

‘We did it big time’ – Valverde after Barcelona beat Sevilla 4-0

មតិយោបល់