ចំណុចសំខាន់ៗការប្រកួត Premier League សប្តាហ៍ទី ៨

ការប្រកួតបាល់ទាត់លីគកំពូលរបស់អង់ក្លេស Premier League បានឈានចូលដល់សប្តាហ៍ទី ៨ហើយ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ដោយមានការប្រកួតចំនួន ៦គូ។

ជាលទ្ធផលនៃការប្រកួតទាំង ៦គូនោះ មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចជា៖

១. ប្រធានក្រុម និងជាអ្នកចាំទី Hugo Lloris រងរបួសកែងដៃធ្ងន់ធ្ងរ

ជារឿងគួរឲ្យរន្ធត់សម្រាប់អ្នកចាំទី ដែលត្រូវរបួសដៃធ្ងន់ធ្ងរ ដោយការពលីក្នុងការសង្គ្រោះបាល់! ប៉ុន្តែ Hugo Lloris មិនត្រឹមតែមិនអាចសង្គ្រោះបាល់បានទេ តែគាត់ថែមទាំងត្រូវថ្លោះកែងដៃធ្ងន់ធ្ងរ ហើយប្តូរចេញនៅនាទីទី ៨ ក្រោយពេល Neal Maupay កីឡាកររបស់ម្ចាស់ផ្ទះ Brighton & Hove Albion សម្រេចបាល់បាន ១គ្រាប់។ ក្រោយការប្រកួត ក្លឹប Tottenham Hotspur បានបញ្ជាក់ថា Lloris ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគាត់ពិតជាត្រូវរងគ្រោះការបាក់ឆ្អឹងកែងដៃធ្ងន់ធ្ងរមែន។

‘Lloris injury had massive impact on Spurs’ – Pochettino

២. Tottenham របូតគ្រាប់បាល់ ១០គ្រាប់ ត្រឹមតែរយៈពេល ៤ថ្ងៃ

ជាការពិតក្នុងពេលប្រកួត UEFA Champions League ជាមួយនឹងក្រុម Bayern Munich គឺ Tottenham បានប្រកួតចាញ់ក្នុងទឹកដី ដោយលទ្ធផល ២ទល់នឹង៧ ហើយនៅក្នុងការប្រកួតយប់មិញ គេក៏បន្តចាញ់ក្រុម Brighton ដោយលទ្ធផល ០ទល់នឹង៣។ លទ្ធផលឈ្នះចាញ់អាចជារឿងធម្មតា ប៉ុន្តែសម្រាប់ក្រុមដែលគេចាត់ទុកថាកំពុងវិវត្តន៍ខ្លាំង ដូចជា Spurs ហើយស្រាប់តែមកប្រកួតចាញ់ ដោយលទ្ធផលច្រើនគ្រាប់បែបនេះ វាគឺជារឿងមួយ ដែលគួរមានការពិភាក្សាច្រើន មិនថាអនាគតរបស់គ្រូបង្វឹក ឬ កីឡាករនោះទេ។

៣. Liverpool បន្តការឈ្នះ ៨ដង លើ ៨ប្រកួត

ជ័យជម្នះលើ Leicester គឺជាជ័យជម្នះលើកទី ៨របស់ Liverpool សម្រាប់ប្រកួត Premier League ដើមរដូវកាលទាំង ៨សប្តាហ៍។ Liverpool នៅតែបន្តស្ថិតនៅកំពូលតារាង ដោយមានពេញ ២៤ពិន្ទុ។

៤. Norwich City អស់ឬទ្ធិ បន្ទាប់ពីឈ្នះ Manchester City ហើយ

ឃើញថា បន្ទាប់ពីបានឈ្នះ Man City ក្នុងទឹកដី ដោយលទ្ធផល ៣ទល់នឹង ២ ក្រោយមកទៀត ក្រុមចាបលឿង Norwich City បានប្រកួតចាញ់ជាប់ៗគ្នា ហើយយប់មិញ ក៏បានចាញ់ Aston Villa ក្នុងទឹកដី ដោយលទ្ធផលយ៉ាងចាស់ដៃ ១ទល់នឹង៥។ កីឡាករប្រចាំក្រុម គឺ Teemu Pukki ក៏មិនអាចបន្តធ្វើព្យុះធ្វើភ្លៀង នៅ Premier League ទៀត តាំងពីបានឈ្នះលើក្រុមមេឃាមក។

សូមបញ្ជាក់ថា នេះគឺជាគ្រាន់តែជាការកត់សម្គាល់ខ្លះៗ របស់ Fox Sports ជាខេមរភាសាតែប៉ុណ្ណោះ!

មតិយោបល់