Frank Lampard ព្រមាន​ថា តម្លៃខ្លួន​មិនអាចបញ្ជាក់​ពីគុណភាពកីឡាករនៅ Chelsea ទេ

អ្នក​ចាត់ការទូទៅ Chelsea លោក Frank Lampard បានព្រមានកីឡាករថ្មីរបស់ Chelsea គឺ Christian Pulisic ថា​តម្លៃខ្លួនតែមួយមុខ មិនអាចធ្វើឲ្យ​គេ​ក្លាយជាកីឡាករជម្រើស ១១នាក់ដំបូងក្នុងក្រុម​បាននោះទេ។

ការព្រមានរបស់លោក Lampard បែបនេះ ក៏ព្រោះតែខ្សែបម្រើអាមេរិករូបនេះ បាន​ផ្ទេរពីក្លឹប Borrusia Dortmund ក្នុងតម្លៃប្រមាណ ៦០លានអឺរូ ប៉ុន្តែគេមិនអាចជាប់ក្នុងជម្រើស ១១នាក់ដំបូង​របស់លោក Lampard ជាញឹកញាប់។

Wonder goal or Fluke goal? Pulisic opens scoring against Stuttgart

ប្រការនេះ ធ្វើឲ្យមានការ​ចោទសួរថា ហេតុអ្វីបានជា Pulisic មិនជាប់ក្នុងជម្រើសដំបូងរបស់លោក Lampard ទោះបីជាគេធ្លាប់ជាកីឡាករមានឈ្មោះ​ល្បីនៅអាល្លឺម៉ង់ និងមាន​តម្លៃខ្លួន​ថ្លៃផងនោះ? ពេលនោះ លោក Lampard បានឆ្លើយតបយ៉ាងដូច្នេះថា៖

«បញ្ហា​តែមួយ​គត់​សម្រាប់ការងាររបស់ខ្ញុំ គឺ​ខ្ញុំ​មានកីឡាករល្អៗ និង​គ្រប់គ្នាដែល​មាន​ប្រវត្តិល្អ។ Christian មានតម្លៃខ្លួន​ខ្ពស់ ហើយ Ross Barkley គឺជាកីឡាករលក្ខណៈអន្តរជាតិ​ ហើយ Mason Mount ក៏អីញ្ចឹងដែរ។ Callum Hudson-Odoi ទើបតែបាន​ចុះកុងត្រា​ថ្មី ព្រោះ Bayern Munich ចង់ទិញគាត់ គាត់គឺជាកីឡាករអន្តរជាតិ។ Ruben Loftus-Cheek នឹង​ត្រលប់មក​វិញ ហើយ​គេក៏នឹងក្លាយជាកីឡាករអន្តរជាតិដែរ។ ដូច្នេះ ខ្ញុំមិនអាចដាក់គ្រប់គ្នា ឲ្យ​លេងគ្រប់ប្រកួតទេ»។

លោក Lampard បន្ត​ថា៖ «អ្វីដែលខ្ញុំទាមទារចង់បានពីពួកគេ គឺ​ចង់ឲ្យពួកគេ​បង្ហាញខ្ញុំក្នុងពេលហ្វឹកហាត់ ឬ បង្ហាញខ្ញុំក្នុងការប្រកួត ពេល​ដែលគេទទួលបានឱកាស​ដើម្បីលេង ដើម្បីបញ្ជាក់ថាពួកគេពិតជាមាន​តម្លៃ។ ខ្ញុំបាននិយាយជាមួយ Christian ២ថ្ងៃ មុន​ការប្រកួតជាមួយ Grimsby ហើយ​យើងពិតជាបាននិយាយគ្នា​ច្បាស់ពីស្តង់ដារ។ ហើយ​យើង​ត្រូវតែប្រាប់​គាត់ការពិតពីអ្វីៗដែលពិបាកក្នុងការផ្លាស់ប្តូរប្រទេស លីគ ហើយគាត់ក៏ត្រូវដឹងថា គាត់​មានវ័យក្មេង​ដូចកីឡាករ​ផ្សេងទៀត ដែលយើងបាននិយាយជាមួយ​ដែរ»។

ជុំវិញ​ភាព​វ័យក្មេង លោក Lampard បានបន្ថែម៖ «គេ​ទើប​តែមានអាយុ ២១ឆ្នាំ ដូច្នេះ​ប្រសិនបើអ្នក​ណាគេរំភើបចិត្តជាមួយរឿងនេះ គេគួរតែស្ងប់​ចិត្ត​សិន ព្រោះថាគេក៏បាន​ចាប់ផ្តើម​ ៥ប្រកួតសម្រាប់យើង។ អ្វីដែលគេ​ត្រូវធ្វើ គឺធ្វើការរាល់ថ្ងៃ ហើយធ្វើការដើម្បី​បង្ហាញ​ប្រាប់ក្រុម ថាគាត់ពិតជាចង់លេង ដូចអ្វីដែលកីឡាករគ្រប់គ្នាធ្វើ»៕

មតិយោបល់