Ceballos ប្រាប់ឈ្មោះ​ក្លឹប​ល្អបំផុត​ដែលគេធ្លាប់ជួប​

កីឡាករ​ខ្សែបម្រើ Dani Ceballos របស់​ក្លឹប Arsenal ដែល​ខ្ចីជើង​ពីក្លឹប Real Madrid បាន​លើក​ឡើង​ថា​ Liverpool គឺ​ជា​ក្រុម​​បាល់​ទាត់​​​ល្អបំផុត​ដែលគេ​ធ្លាប់បានប្រកួតជាមួយ​។

Ceballos បាន​ប្ដូរ​មក Arsenal ក្នុង​កុងត្រាខ្ចី​ជើង​រយៈ​ពេល ១ឆ្នាំ​ពីក្លឹប Real Madrid ប៉ុន្តែ​​ Arsenal ពុំ​មាន​លក្ខខណ្ឌ​ដែលអនុញ្ញាត​ឱ្យ​ទិញកីឡាករ​នេះ​មក​លេង​ជាអាចិន្ត្រៃយ៍​ក្រោយពេល​ផុត​កុងត្រា​​នោះទេ។ គេ​ចាប់ផ្ដើម​បាន​ល្អ​នៅ​លីគ​កំពូលអង់គ្លេស ហើយ​បានក្លាយជា​កីឡាករ​ដែលទទួលបានប្រជាប្រិយភាព​ពីសំណាក់​អ្នកគាំទ្រ​យ៉ាងឆាប់រហ័ស។

ពេល​ផ្ដល់បទ​សម្ភាសន៍​ដល់សារព័ត៌មាន The Guardian កីឡាករ​ដែលមានវ័យ ២៣ឆ្នាំ​​រូបនេះ​បាន​ប្រាប់ពីអារម្មណ៍របស់គេចំពោះ​​ទម្រង់លេង​សម្រុក​​របស់ក្រុម Liverpool ពេលដែលក្លឹប​ទាំងពីរជួបប្រកួតគ្នា​ក្នុង​រដូវកាលនេះ ដែលក្រុម Liverpool ឈ្នះ​ក្នុងលទ្ធផល ៣ទល់នឹង​១។

“ខ្ញុំ​មិនធ្លាប់ឃើញ​ការ​ប្រកួត​ណា​ដូច​ការ​ប្រកួត​នៅទឹកដី Anfield នៅថ្ងៃនោះទេ។ ខ្ញុំ​មិនធ្លាប់ឃើញ​ក្រុមណា​លេង​បាន​ល្អ​បែបនោះទាល់តែសោះ ការសម្រុក​របស់ពួកគេ និង​ការ​គាំទ្រ​របស់អ្នកទស្សនា”។

“ពួកគេ​មិនទុកឱ្យ​យើងដក​ដង្ហើម​ឡើយ។ យើងចំណាយពេលច្រើន​ទៅលើការ​ការពារ​ ហើយពេលដែលយើង​ទទួលបានបាល់ ហើយចង់សម្រុកទៅមុខ គេចាប់ផ្ដើមគ្របសង្កត់មកលើយើង​ជាថ្មីម្ដងទៀត។ ពួកគេ​ហ្វឹកហាត់​បានល្អណាស់”។

“ពេលនេះ​យើង​នៅ​មិនទាន់អាចប្រៀបធៀបបាននៅឡើយទេ។ យើងកំពុង​ហ្វឹកហាត់ស្ថានភាពស្រដៀងគ្នានេះ ប៉ុន្តែលោក Jürgen Klopp បាន​មកដឹកនាំ​ក្លឹប Liverpool តាំងពីឆ្នាំ​២០១៥ មក​ម្ល៉េះ។ លោក Unai បាន​មក​ដឹកនាំ​ក្លឹប Arsenal កាលពីរដូវកាលមុន”៕

 

‘Dortmund wary of Leverkusen’s quality’ – Favre

មតិយោបល់