ខ្សែការពារ​ក្លឹប Everton ទទួល​ពិន័យ​ដោយសារ​ពានិជ្ជកម្ម​​ពីការ​ភ្នាល់​បាល់

កីឡាករ​ខ្សែការពារ Yerry Mina របស់​ក្លឹប Everton បាន​ទទួល​ពិន័យ​ និង​ការ​ព្រមាន​​ក្រោយពេល​ដែល​គេ​បាន​ចូលរួម​ថត​ផ្សាយ​ពានិជ្ជកម្ម​ពីការ​ភ្នាល់​បាល់​មួយ​នៅ​ប្រទេស​កូឡុំប៊ី ដោយ​មិនដឹងថា​បាន​ល្មើស​នឹង​បទបញ្ជា​របស់​សហព័ន្ធ​បាល់ទាត់។

ដោយ​សារ​ការ​ចូល​រួម​ថត​ផ្សាយ​ពានិជ្ជកម្ម​​ក្រុម​ហ៊ុន​ភ្នាល់​បាល់ទាត់​​ក្នុង​ប្រទេស​កូឡុំប៊ី កីឡាករ​ខ្សែ​ការពារ​​ Yerry Mina របស់​ក្លឹប Everton ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់ ១០ ០០០ផោន និង​ទទួល​បាន​ការ​ព្រមាន​ ប៉ុន្តែ​មិន​ត្រូវ​បាន​ពិន័យ​ដក​សិទ្ធិ​ចូល​រួម​ការ​ប្រកួត​នោះទេ។

Mina បាន​ល្មើស​​បម្រាម​ដ៏តឹងរ៉ឹង​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ពាក់​ព័ន្ធ​នឹង​ល្បែង​ភ្នាល់​ ដោយ​គេ​បាន​ចូល​រួម​ថត​ផ្សាយ​ពានិជ្ជកម្ម​ឱ្យ​ក្រុម​ហ៊ុន​ Betjuego ហើយ​កីឡាករ​រូបនេះ​បាន​ទទួល​យក​ការ​​ចោទ​ប្រកាន់​នេះ​រួច​ហើយ។

សហព័ន្ធ​​បាល់ទាត់អង់គ្លេស​បាន​លើក​ឡើងថា៖ “កីឡាករ​ខ្សែ​ការពារ​របស់​ក្លឹប Everton បាន​ល្មើស​នឹង​បទបញ្ជា​របស់​សហព័ន្ធ​បាល់ទាត់​ប្រការ​ទី E8(3) ដោយ​បាន​ចូល​រួម​ថត​ផ្សាយ​ពានិជ្ជកម្ម​ឱ្យ​សកម្មភាព​ភ្នាល់​​ដែល​​តាមការពិត​គេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ពាក់​ព័ន្ធ”។

បទ​បញ្ជា​ដែល​បាន​លើក​ឡើង​នេះ​ចែងថា៖ “បុគ្គល​ដែល​ចូលរួម​ក្នុងនាម​ខ្លួន​ឯង​ផ្ទាល់ មិនគួរ​ត្រូវ​បានអនុញ្ញាតិ​ឱ្យ​ផ្សព្វផ្សាយពានិជ្ជកម្ម​​សកម្មភាព​ភ្នាល់​ក្នុ​ងរូបភាពណាមួយ​​ដែល​បុគ្គល​រូបនោះ​ត្រូវបាន​ហាមឃាត់​មិនឱ្យពាក់ព័ន្ធ​ឡើយ”។

កីឡាករ​នៅ​អង់គ្លេស​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់ទាត់​គ្រប់រូបភាព ឬ​ផ្សព្វ​ផ្សាយ​ពានិជ្ជកម្ម​ឱ្យ​ក្រុម​ហ៊ុន​ភ្នាល់​​ដោយ​ប្រើសមាសភាពតួនាទី​របស់ខ្លួន​ឯង​ផ្ទាល់ឡើយ ទោះបី​ជាក្លឹប​ត្រូវបានអនុញ្ញាតិ​ឱ្យ​ទទួល​យក​ការ​ឧបត្ថម្ភ​ពី​អាជីវកម្ម​ប្រភេទនេះ ឬ​ពាក់អាវ​ដែល​មាន​មា៉ក​​សញ្ញា​សម្គាល់​ក្រុម​ហ៊ុន​បែបនេះ​ក៏ដោយ ដូច​ក្នុង​ករណី​ក្លឹប​ Everton ជាដើម។

Mina ដែល​មាន​វ័យ ២៤ឆ្នាំ​​បាន​ផ្ទេរ​ពី​ក្លឹប Barcelona មក Everton ក្នុង​តម្លៃផ្ទេរ​ប្រហែល ២៧លានផោន​កាលពីខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពីគេ​បានបង្ហាញ​ទម្រង់លេង​ល្អ​តំណាង​ប្រទេសរបស់ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​វើលខាប់រួចមក។

ដោយ​យោងតាម​ហេតុផល​របស់​ក្លឹប​ Everton ក្នុងចំណោមហេតុផល​មួយចំនួន​ផ្សេងទៀត ពេលជំនុំជម្រះ​ករណីនេះ​ជាមួយ​សហព័ន្ធ​បាល់ទាត់ Mina មិន​យល់​ពី​បទបញ្ជា​​ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់ ដោយសារ​ការយល់ដឹងភាសាអង់គ្លេស​របស់គេ​នៅ​មាន​កម្រិត។

ក្លឹប​ Everton បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ Mina មិនទទួលបាន​កម្រៃ​ពីការ​ផ្សាយពានិជ្ជកម្មនេះ​នោះទេ ព្រោះ​គេ​គ្រោង​នឹង​បរិច្ចាគ​កម្រៃដែលត្រូវ​ទទួលបាននេះ​ទៅ​មូលនិធិ​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​យុវជន​នៅ​ក្នុង​ស្រុកកំណើត​របស់គេ៕

 

Mkhitaryan និយាយ​ពី​ពេល​វេលា​លំបាក​​ពេល​នៅ​ក្លឹប Arsenal

មតិយោបល់