អតីត​កីឡាករ Arsenal និយាយ​ពី​បញ្ហា​​នៅ​ក្នុង​រដូវកាល​ចុងក្រោយ​របស់​លោក Arsene Wenger

អតីត​កីឡាករ​របស់​ក្រុម​ Arsenal គឺ​លោក Per Mertesacker បាន​បង្ហើប​ឱ្យ​ដឹងថា​ អតីត​អ្នកចាត់ការ​ក្រុម​ Arsenal គឺ​លោក Arsene Wenger បាន​ដាក់​សេចក្ដី​ទុក​ចិត្ត​លើ​កីឡាករ​របស់លោក​ច្រើន​ហួស​ហេតុ​ពេក ទើប​បង្ក​ឱ្យ​មាន​បញ្ហា​ចំពោះ​លោក​នៅ​ក្នុង​រដូវកាល​ចុងក្រោយ​​របស់​លោក​នៅ​ក្លឹប​នេះ​កាលពីឆ្នាំ​២០១៨។

នៅ​ក្នុង​សៀវភៅ​​ជីវ​ប្រវត្តិដែល​លោក​បាន​សរសេរ​ដោយ​ផ្ទាល់ដៃ​ដែលមានចំណងជើងថា “Per Mertesacker: Big Friendly German” លោក Per Mertesacker បាន​លើក​ឡើងថា៖ “ពេល​យើង​ចាញ់​មួយប្រកួត យើង​តែង​តែ​ចាញ់​ ២-៣​ប្រកួត​ជាប់ៗគ្នា។ យើង​អាច​បង្ហាញ​ភាព​ខ្លាំង​របស់​យើង​នៅ​ក្នុង​ ៦ប្រកួត​នៅ​ពាន​រង្វាន់ FA Cup បាន ប៉ុន្តែ​ ៣៨​ប្រកួត​លីគ​កំពូល​អង់គ្លេស​ ក្នុងអំឡុងពេល ១០ខែ​គឺជា​រឿង​មួយ​ផ្សេង​ទៀត។ យើង​មិនអាច​រក្សា​បាន​ទម្រង់លេង​ថេរ​ដែល​ក្លឹប​នៅ​លីគ​កំពូល​ចាំបាច់ត្រូវការ​នោះទេ”។

“អ្នក​មិនអាច​ឈ្នះ​ពាន​លីគ​កំពូល​នោះទេ បើ​ក្នុង​មួយឆ្នាំ​ អ្នក​ចាញ់ ៨ប្រកួត​ទៅហើយនោះ។ លោក Arsene Wenger ជា​អ្នកចាត់ការ​មួយរួប​ដែលការ​ជឿជាក់​លើ​គុណភាព​ក្រុម​របស់លោក​មាន​ភាព​រឹងមាំ​ដូចថ្ម ហើយ​ជា​អ្នក​ចាត់ការ​ដែល​ដោះស្រាយ​បញ្ហា​ដោយ​ភាពអត់ធ្មត់​មិនចេះរីងស្ងួត”។

“ទោះ​ជា​ចាញ់​ច្រើន​ប្រកួតជាប់ៗគ្នា ក៏គាត់​មិន​ប៉ះពាល់អារម្មណ៍ខ្លាំងដែរ។ គាត់​រក្សាជំនឿលើ​កីឡាករ​របស់គាត់ដដែល មិនថា​មានខ្យល់​ព្យុះ​បក់​បោក​ខ្លាំង​យ៉ាងណា​នោះទេ។ នេះ​គឺជា​ចំណុចខ្លាំង​ដ៏គួរ​ឱ្យ​កត់សម្គាល់របស់គាត់”។

“នៅ​ក្នុងការ​យល់ឃើញ​របស់ខ្ញុំ​ យើង​អាច​ចាប់អារម្មណ៍​ថា​​ ចំណុច​នេះ​ក៏អាច​ជាចំណុចខ្សោយ​របស់គាត់ដែរ ហើយ​គាត់អាច​នឹង​​​មានភាព​អធ្យាស្រ័យ​ចំពោះ​ពួក​យើង​ច្រើនពេកហើយ”។

“បើ​យើង​អាចធ្វើតាមសំណូម​ពរ​របស់អ្នកគាំទ្រ ប្រហែល​ជា​ក្លឹប​នេះ​ត្រូវ​ទិញ​កីឡាករ​ឆ្នើមថ្មីចូល​ ៥នាក់​ក្នុង​មួយឆ្នាំ។ ក្រោយ​ពេល​ប្រកួត​ចាញ់​ម្ដងៗ អ្នកគាំទ្រ​តែងតែស្រែក​ថា​ ចាយ​លុយ​ខ្លះទៅ!”

“ប៉ុន្តែ​លោក Wenger ទុក​ចិត្ត​លើ​កីឡាករ​ដែល​គាត់មាន។ ខ្ញុំ​មិនធ្លាប់ជួប​អ្នកចាត់ការ​រូបណា​ដែល​ទុក​ចិត្ត​លើ​សមត្ថភាព​កីឡាករ​​របស់ខ្លួន​ខ្លាំង​ដូចជាគាត់ទេ”។

មុន​ចប់រដូវកាល២០១៧-២០១៨ លោក Wenger បាន​ប្រកាស​ថា​លោក​នឹង​ចាកចេញ​ពី​ក្លឹប Arsenal បន្ទាប់ពីបានចំណាយពេល ២២ឆ្នាំ​នៃអាជីព​របស់គាត់​នៅ​ក្លឹប​មួយនេះ។

លទ្ធផល​ពេល​គាត់ចាកចេញ មិនសូវ​ល្អ​នោះទេ ដោយ​ក្លឹប​ Arsenal បញ្ចប់​រដូវកាលលីគ​កំពូល​អង់គ្លេស​ដោយ​ឈរ​នៅ​លេខ​រៀង​ទី៦ និង​បានធ្លាក់ចេញ​ពី​ការ​ប្រកួត​​យូ​រ៉ូ​ប៉ា​លីគ​​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕

 

Mkhitaryan និយាយ​ពី​ពេល​វេលា​លំបាក​​ពេល​នៅ​ក្លឹប Arsenal

មតិយោបល់