អតីត​អ្នកចាត់ការ​ក្នុងលីគកំពូលអង់គ្លេស​និយាយថា​ Messi និង​ Ronaldo ស្ទើរ​តែបាន​ចូល​រួម​ជាមួយ​អតីត​ក្លឹប​របស់លោក

អតីត​អ្នកចាត់ការ​ក្លឹប​ Arsenal គឺ​លោក Arsene Wenger បាន​បង្ហើបប្រាប់ថា​​អតីត​ក្លឹប​របស់​លោក​ធ្លាប់​បានចរចា​ទិញ​កីឡាករ​ Lionel Messi និង Cristiano Ronaldo។

អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើងធំ​រូបនេះ​តែង​តែ​បាន​លើក​ឡើង​ពី​បញ្ជី​ឈ្មោះ​កីឡាករ​ដ៏​វែង​ដែល​គាត់​ចង់​ទិញ​យក​មក​លេង​នៅ​ក្លឹប​របស់​លោក ដែល​ក្នុងចំណោម​កីឡាករ​ទាំងនោះ មាន​មួយ​ចំនួន​បាន​ក្លាយ​ជា​កីឡាក​រដ៏ល្បី​ក្នុងវិស័យ​កីឡាបាល់ទាត់។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នាពេល​ថ្មីៗនេះ លោក Wenger បាន​និយាយថា លោក​ធ្លាប់បានជជែក​ជា​មួយ Messi ពីការ​ប្ដូរ​មក​លេង​នៅ Arsenal កាលពីឆ្នាំ​២០០៣ ជាមួយ​មិត្ត​រួម​ក្រុម​យុវជន La Masia របស់គេ​គឺកីឡាករ Cesc Fabregas។

លោក Wenger បាន​និយាយ​ប្រាប់សារព័ត៌​មាន BeIN Sports ថា៖ “យើង​ជជែក​ជាមួយ​គេពេល​ដែល​យើង​ទិញ Fabregas ព្រោះ​ពួកគេ​ធ្លាប់លេងជាមួយគ្នា”។

“Barcelona មាន​សមាស​ភាព​កីឡាករ​ក្នុង​ឈុត​យុវជន​ដែល​មានសមត្ថភាព ដូចជា Messi, Gerard Pique និង Fabregas”។

“Pique បាន​ប្ដូរ​មក​លេង​នៅក្នុង​លីគ​កំពូល​អង់គ្លេស​ដោយ​ចូល​រួមជាមួយ​ក្រុម Manchester United រីឯ Fabregas បានចូលរួម​ជាមួយ Arsenal។ Messi បន្ត​លេង​នៅ​អេស្ប៉ាញ​ដដែល។ យើង​ចាប់អារម្មណ៍​ចង់បានគេ ប៉ុន្តែ​នៅពេល​នោះ មិនអាចធ្វើបានសម្រេចទេ”។

ពេល​ទទួល​បានសំណួរថា​តើ​លោក​ធ្លាប់​​ចង់​បាន Cristiano Ronaldo ឬទេ លោក​បាន​និយាយថា៖ “ត្រូវហើយ ប៉ុន្តែ​យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​សោកស្ដាយ​នៅ​ក្នុងជីវិត​របស់យើង។ យើង​មាន​ការងារ​ជាច្រើន​ដែល​យើង​ធ្វើ​មិនបានសម្រេច”។

ដូច​ដែល​យើង​បាន​ដឹងរួចមកហើយ Messi ក្រោយមក​ត្រូវ​បាន​ដំឡើង​ឱ្យ​លេង​នៅ​ក្នុង​ឈុតធំ ហើយ​ទន្ទឹមគ្នា​នោះ Ronaldo បាន​ចាប់​ផ្ដើមអាជីព​របស់គេ​នៅ​ក្លឹប​ Manchester United ហើយ​គេ​ទាំងពីរ​​ចាប់​ផ្ដើម​ទទួលបានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​រហូត​មកដល់​​ពេល​នេះ៕

ដកស្រង់ពីសារព័ត៌​មាន Metro

 

លោក​ Koeman ថា​ត្រូវ​ផ្គូផ្គង​ទម្រង់លេង​ក្រុមអាល្លឺម៉ង់ជាមួយ​ក្រុមអេស្តូនី

មតិយោបល់