Rashford រៀន​សូត្រ​តាម​មិត្ត​រួម​ក្រុម Harry Kane

កីឡាករ Marcus Rashford បាន​លើក​ឡើងថា​ គេ​តែ​ង​តែ​ព្យាយាម​រីក​ចម្រើន​ក្នុង​តួ​នាទី​ជា​ខ្សែប្រយុទ្ធ​ ហើយ​គេ​បាន​យក​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​គឺ​ Harry Kane ធ្វើ​ជា​គម្រូ។

កីឡាករ​ Marcus Rashford ​បាន​និយាយ​ថា​ គេ​បាន​ធ្វើតែស្ដ​ខ្លួន​ឯង​​​ដោយ​ធៀបជាមួយ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អង់គ្លេស Harry Kane ក្នុង​ពេល​ហ្វឹកហាត់​​ដើម្បី​ឱ្យ​ខ្លួន​ឯង​រីក​ចម្រើន​​ក្នុង​តួនាទី​​ជា​កីឡាករ​ខ្សែ​ប្រយុទ្ធ​។

ក្រុម​ជម្រើស​​ជាតិ​​អង់គ្លេស​ នឹង​ប្រកួត​ជម្រុះ​ត្រៀម Euro 2020 ​ជាមួយ​ក្រុម​ប៊ុលហ្ការីនៅយប់នេះ ហើយ Rashford អាច​នឹង​លេងទន្ទឹម​គ្នា​ក្នុង​ប្រព័ន្ធ​ខ្សែប្រយុទ្ធ​៣ ជាមួយ Kane និង Raheem Sterling។

Rashford ដែល​មាន​វ័យ ២១ឆ្នាំ​ បានចាប់ផ្ដើម​រដូវកាលថ្មី​លីគ​កំពូល​អង់គ្លេស​ ដោយ​រក​បាន​គ្រាប់បាល់ ២គ្រាប់​​ក្នុងជ័យជម្នះ​របស់​ក្លឹប Manchester United លើ​ក្លឹប Chelsea ក្នុងលទ្ធផល ៤ទល់​នឹង​សូន្យ ប៉ុន្តែចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​មិនទាន់​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ​ទេ។

ដោយសារ​ការ​ចាកចេញ​របស់​កីឡាករ Romelu Lukaku និង Alexis Sanchez បន្ទុក​រក​គ្រាប់បាល់​នឹង​ត្រូវ​ធ្លាក់​មក​លើ​ Rashford និង Anthony Martial ប៉ុន្តែអតីត​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាចក្រហម​គឺ​លោក Michael Owen ជឿថា​​ Rashford មិនមាន​បំណង​ធ្វើ​ជា​កំពូល​អ្នក​រក​គ្រាប់បាល់​នោះទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី Rashford បាន​បដិសេធ​ការ​លើក​ឡើង​របស់ Owen ដោយ​អះអាងថា​គេចង់​រីកចម្រើន​បន្តទៀត ដោយ​យក​​ប្រធានក្រុម​ជម្រើសជាតិអង់គ្លេស និង​ជាខ្សែប្រយុទ្ធ​របស់ក្លឹប Tottenham គឺ Harry Kane ធ្វើជាគម្រូ។

Rashford បាន​និយាយ​នៅ​ក្នុងសន្និសីទ​សារព័ត៌មានថា៖ “បើអ្នក​មើល​ពួកយើង​ហ្វឹកហាត់ អ្នកនឹង​ដឹង”។

“ខ្ញុំ​អាច​យក Harry ធ្វើជាឧទាហរណ៍។ គេឋិត​ក្នុងចំណោម​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​ឆ្នើមបំផុត ដែលខ្ញុំ​ធ្លាប់បានលេងជាមួយ ហើយ​ពេល​ដែល​យើង​ខិតទៅជិតទី ខ្ញុំ​តែងគិត​ក្នុងចិត្ត​ថា​ត្រូវ​ព្យាយាម​ធ្វើ​ឱ្យបានល្អដូចជាគេអញ្ចឹង”។

“ហេតុនេះ បើគេរកបាន ៦គ្រាប់ ខ្ញុំ​ក៏ចង់រកឱ្យបាន ៦គ្រាប់ដែរ បើគេ​រកបាន ៧គ្រាប់ ខ្ញុំចង់រកឱ្យបាន ៨គ្រាប់។ ចំណុចតូច​ៗ​ដូចនេះ មហាជន​ច្រើនតែមើលរំលង”។

 

“ថ្វី​បើ​យើង​ប្រជែងគ្នា​យក​ទីតាំង​តែមួយ​ក៏ពិតមែន ពួកយើង​តែ​ងតែជំរុញទឹកចិត្ត​គ្នា​ឱ្យ​រីកចម្រើនជានិច្ច ហើយនេះ​ជា​បរិយាកាស​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម”។

“លោក Owen អាច​បន្ត​និយាយ​ទៅតាម​អ្វី​ដែលគាត់មើលឃើញ ខណៈ​ដែល​មនុស្ស​នៅជុំវិញខ្លួន​ខ្ញុំ​សុទ្ធតែបានដឹងហើយ។ ជាពិសេស​ពេលដែលខ្ញុំ​នៅក្មេង មូលហេតុ​ដែលខ្ញុំ​ចាប់ផ្ដើម​លេង​បាល់ទាត់​ព្រោះខ្ញុំ​បានឃើញអ្វី​ដែលខ្ញុំចូលចិត្ត គឺការរកគ្រាប់បាល់”៕

 

‘We speak about racism, but it doesn’t have an impact’ – Rashford

មតិយោបល់