អតីត​កីឡាករ​ Man United ចោទថា​ក្លឹប​ចម្លងតាម Liverpool

អតីត​តារា​បាល់ទាត់​របស់​ក្លឹប​ Manchester United គឺ​លោក Paul Ince បាន​ចោទ​ប្រកាន់​ថា​លោក Ole Gunnar Solskjaer បាន​ចម្លង​តាម​ប្រព័ន្ធ​លេង​របស់​ក្លឹប Liverpool ដើម្បីអាច​ទទួល​បាន​ជោគ​ជ័យ​ដូច​ក្លឹប​នេះ​ក្នុង​រដូវកាល​ថ្មី ២០១៩-២០២០។

លោក Ince បាន​បញ្ជាក់ថា​វិធី​សាស្រ្ដ​របស់​​អ្នកចាត់ការ​ក្លឹប Man United គឺ​លោក Solskjaer ដែល​បាន​ទិញ​កីឡាករ Harry Maguire មក​ធ្វើជា​ខ្សែ​ការពារ​កណ្ដាល និង​ការ​ប្រើ​ខ្សែប្រយុទ្ធ​ ៣នាក់ ដែលមាន​កីឡាករ Marcus Rashford, Daniel James និង Anthony Martial គឺ​ដូចគ្នា​នឹង​ប្រព័ន្ធ​របស់​ក្លឹប Liverpool ដែល​មាន​ខ្សែការពារ​កណ្ដាល Virgil van Dijk និង​ខ្សែប្រយុទ្ធ​ ៣នាក់គឺ Mohamed Salah, Roberto Firmino និង Sadio Mane។

លោក Ince បាន​និយាយ​ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌​មាន Paddy Power ថា៖ “ខ្ញុំ​មើលទៅ​ប្រព័ន្ធ​លេង​របស់​ក្លឹប Manchester United ហើយ​ខ្ញុំ​មានអារម្មណ៍ថា​ពួកគេ​ដូចជា​ចម្លងតាម​ប្រព័ន្ធ​របស់ Liverpool”។

“Liverpool មាន​កីឡាករ Virgil van Dijk ហើយ Man United ក៏ទិញកីឡាករ Harry Maguire ចូល។ ហើយ​ពួកគេ​ក៏​មាន​ប្រព័ន្ធ​ខ្សែ​ប្រយុទ្ធ​ ៣នាក់​ដូចគ្នា​ដែរគឺ Man United មានកីឡាករ Anthony Martial, Jesse Lingard និង Marcus Rashford”។

“ខ្ញុំ​មិន​ឃើញ​ Romelu Lukaku នៅក្នុងប្រព័ន្ធ​នេះ​នោះទេ ហេតុនេះ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ឡើយ​ដែល​លោក Ole Gunnar Solskjaer លក់គេចេញ។ ប៉ុន្តែ​ការចាកចេញ​របស់គេ​ក៏​មិន​បាន​ដាក់សម្ពាធ​លើ​កីឡាក​រវ័យក្មេង​ក្នុងការ​រក​គ្រាប់បាល់ដែរ”។

“តាមពិត​ Lukaku ជា​កីឡាករ​ដែល​រក​គ្រាប់បាល់​បានច្រើន ប៉ុន្តែ Lukaku ចាំបាច់ត្រូវ​ការ​ឱ្យគេ​បញ្ជូន​បាល់​ឱ្យ​ចំពីមុខគេ​តែម្ដង ដែល​នៅ Man United បច្ចុប្បន្ន​ រឿង​នេះ​មិនអាច​ទៅរួច​ឡើយ”។

ទន្ទឹម​នឹង​នេះ​ ក្លឹប Manchester United បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ប្រកួត​ជាមួយ​ក្លឹប Wolverhampton Wanderers ដែលជា​ការ​ប្រកួត​ទី២ ក្នុងលីគ​កំពូល​អង់គ្លេស​រដូវកាល​ថ្មី។

ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទឹកដី​របស់ក្លឹប Wolves នៅកីឡដ្ឋាន Molineux Stadium នៅថ្ងៃទី១៩ ខែសីហា​ខាងមុខនេះ៕

ដកស្រង់ចេញពីសារព័ត៌មាន Metro

 

Virgil van Dijk talks after Liverpool Super Cup win

 

មតិយោបល់