ប្រធានក្លឹប Man Utd ហាមមិនឲ្យកីឡាករឈប់ឡាន ឲ្យហត្ថលេខាកូនក្មេងតាមផ្លូវ

សារព័ត៌មាន The Sun បានចុះផ្សាយថា កីឡាកររបស់ Manchester United ត្រូវបានហាមឃាត់ មិនឲ្យឈប់រថយន្ត ដើម្បីផ្តល់ការចុះហត្ថលេខាទុកជាអនុស្សាវរីយ៍ដល់កុមារតូច នៅតាមផ្លូវធ្វើដំណើរទៅហ្វឹកហាត់នោះទេ។

បម្រាមនេះ ត្រូវបានដាក់ចេញឡើងក្រោយពេលដែលប្រធានក្លឹប Man Utd លោក Ed Woodward បានធ្វើដំណើរទៅទស្សនាក្នុងកន្លែងហ្វឹកហាត់របស់កីឡាករ Man Utd។

តាមផ្លូវទៅកាន់ជំរុំហ្វឹកហាត់ Carrington ទើបតែមានលើកបដាអក្សរធំៗ ដែលសរសេរថា ៖«កីឡាករទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យឈប់រថយន្ត ហើយចុះហត្ថលេខានោះទេ ដោយសារតែអាចកើតមានគ្រោះថ្នាក់លើដងផ្លូវ។ ហាមការប្រមូលផ្តុំ! »

បដានេះ ត្រូវបានគេដាក់នៅចំណុចដែលជាញឹកញាប់ មានក្រុមកុមារតូចៗ កាន់ប៊ិច សៀវភៅ នៅឈរចាំ ដើម្បីទទួលបានការចុះហត្ថលេខាពីកីឡាករសំណព្វចិត្តរបស់ពួកគេ។ ប៉ុន្តែផ្ទាំងបដាធំនេះ គឺជាការព្រមានដល់កីឡាករ និងអ្នកគាំទ្រ មិនឲ្យបន្តរង់ចាំស្ទាក់រថយន្តរបស់កីឡាករ ដើម្បីទទួលបានហត្ថលេខាទៀតនោះទេ។


គួរជម្រាបដែរថា បដាដែលហាមឃាត់នៅពេលនេះ ក៏ត្រូវបានដាក់ចេញ ក្រោយពេលគេសង្កេតឃើញថា Alexis Sanchez ដែលមានដំណឹងថាក្លឹបចង់លក់ចេញនោះ ទើបតែបានឈប់រថយន្តក្នុងសប្តាហនេះ ដើម្បីផ្តល់ហត្ថលេខា និងថតរូបជាមួយអ្នកគាំទ្រ ជាកុមារតូចៗ គឺ Fin អាយុ ៧ឆ្នាំ និង Ollie អាយុ ៥ឆ្នាំ អំឡុងពេលពួកគេ កំពុងតែរង់ចាំទាំងភ្លៀង៕

មតិយោបល់