លោក Lampard ប្រាប់ពីគូប្រជែង​ដែល​លោក​ពិបាកទប់ទល់បំផុត

ក្លឹប Chelsea រក្សាបាន​លទ្ធផល​ ២ស្មើជាមួយ​ Liverpool ក្នុងម៉ោង​ប្រកួត​ UEFA Super Cup ប៉ុន្តែ​ចាញ់​ Liverpool ដោយសារ​ចំនួន​គ្រាប់បាល់កាត់សេចក្ដី ធ្វើឱ្យ​អ្នកចាត់ការ Frank Lampard បាត់បង់ឱកាស​ឈ្នះ​ពាន​រង្វាន់​ដំបូង​របស់ខ្លួន​នៅ Chelsea។

លោក Lampard ជា​អតីតតារា​បាល់ទាត់​របស់ Chelsea មួយ​រូប​ ដែល​បានឆ្លងកាត់ការ​ប្រកួត​ជាមួ​យ​កីឡាករ​ល្បីៗជាច្រើន​ពេល​ដែល​លោក​នៅ​ចូលរួម​ប្រកួត​ ប៉ុន្តែ​មាន​កីឡាករ​ម្នាក់​ដែល​លោក​ចាត់ទុក​ថា​ឆ្នើម​បំផុត​​។

‘Chelsea have to learn harsh lessons’ – Lampard

លោក​បាន​និយាយ​ពេល​សម្ភាសន៍​ជា​មួយ​គេហទំព័រ​ផ្លូវការ​របស់ UEFA ថា៖ “តើខ្ញុំ​អាច​ជ្រើសរើស​យក ២នាក់បានទេ? តាមពិត​ខ្ញុំ​មាន ៣នាក់”។

“ម្នាក់ដំបូងគេ​គឺ Messi ព្រោះគាត់ជា​កីឡាករ​​ម្នាក់​ដែល​ឆ្នើម​បំផុត​ អ្នកមានអារម្មណ៍​ថា​អ្នកកំពុងប្រកួត​ជាមួយ​កីឡាករ​ម្នាក់​ដែល​ស្ថិត​នៅកម្រិត​ខ្ពស់ជាង​ពួកយើងទៅទៀត”។

“កីឡាករ​ ២រូប​ដែលខ្ញុំ​តែង​មានអារម្មណ៍​ថា​ពិបាកទប់ទល់​គឺ Xavi និង Andres Iniesta នៅ​ក្លឹប Barcelona។ ពួកគេ​លេង​បាល់ទាត់​នៅជិតខ្លួន​អ្នក ប៉ុន្តែ​អ្នក​មានអារម្មណ៍ថា​មិន​អាច​ចូលទៅក្បែរ​ពួកគេបានទេ”។

“នេះ​ជា​ការ​លេង​បាល់ទាត់​ដែល​ខ្ញុំ​មានអារម្មណ៍​ថា​មិនធម្មតា ខុសប្លែក​ពី​កីឡាករ​ផ្សេងៗ​ទៀត​ដែលខ្ញុំធ្លាប់ជួប”។

បន្ទាប់មក អតីត​កីឡាករ​ខ្សែបម្រើរូបនេះ​បាន​ជជែក​ពី​អ្វីដែល​លោក​ចង់បានពីក្រុម Chelsea របស់លោកថា៖ “អ្វីដែលខ្ញុំចង់បានគឺភាពរស់រវើក​ និង​បត់បែនបានពេល​ដែលយើងប្រកួត។ ខ្ញុំ​មិនចង់ឱ្យ​ពួកគេជាប់គាំង​នឹងគំនិតតែមួយ​ ចក្ខុវិស័យតែមួយ​ ឬប្រព័ន្ធ​លេង​តែមួយ​បែបនោះទេ ខ្ញុំចង់ឱ្យ​កីឡាករ​អាចបត់បែនបាន ទើប​យើង​អាច​រីកចម្រើន​ទៅមុខបាន”៕

មតិយោបល់