ក្លឹប Cardiff City ព្រួយ​បារម្ភ​ពី​របាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កីឡាករ Emiliano Sala

ស្ថាប័នស៊ើប​អង្កេត​គ្រោះថ្នាក់តាមផ្លូវអាកាស AAIB បាន​លើកឡើងថា កីឡាករ Emiliano Sala បាន​ទទួល​រង​ឧស្ម័ន​កាបូន​ម៉ូណូ​អុកស៊ីត​​មុន​ពេល​យន្ដហោះធ្លាក់​ដែលបណ្ដាល​ឱ្យបាត់​បង់ជីវិត។ ក្លឹប Cardiff City ព្រួយបារម្ភ​ចំពោះការរកឃើញ​នេះ។

កីឡាកររូបនេះ រួមជាមួយ​អាកាសយានិក​​ឈ្មោះ David Ibbotson បាន​បាត់ខ្លួន​ពេល​ដែល​យន្ដហោះ​របស់​ពួកគេ​ធ្លាក់​នៅលើ​ព្រែកជីក English Channel កាលពីខែមករា គឺ​នៅ​ប៉ុន្មានថ្ងៃ​ក្រោយ​ការ​ប្រកាស​ពីការ​ផ្ទេរ​កីឡាករ​រូបនេះ​ពី​ក្លឹប Nantes មក​ Cardiff City។

សាកសព​របស់ Sala ត្រូវបាន​រក​ឃើញ​ពី​បំណែក​យន្ដហោះ ប៉ុន្តែគេ​រក​មិនឃើញ​ Ibbotson នោះទេ។

របាយការណ៍​របស់​ស្ថាប័ន AAIB ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃពុធ​ម្សិល​មិញ​នេះ​បាន​លើកឡើងថា Ibbotson អាច​នឹង​ទទួល​រង​ឧស្ម័ន​កាបូន​ម៉ូណូអុកស៊ីត​មុន​ពេល​យន្ដ​ហោះធ្លាក់ ខណៈ​ពេល​ដែល​តេស្ដ​សារធាតុពុល​លើ​ Sala បញ្ជាក់​សញ្ញាច្បាស់​ពីការ​ទទួលរង​ឧស្ម័នពុល​មួយនេះ។

ក្លឹប Cardiff បានថ្លែងថា​ ការ​រក​ឃើញ​ថ្មី​នេះ​បញ្ជាក់ថា​ យន្ដហោះ​ដែល​ដឹក​ Sala មិន​មាន​លក្ខណៈ​សម្បត្តិ​សមស្របនោះទេ។

អ្នកនាំពាក្យ​របស់ក្លឹ​ប​បាន​និយាយថា៖ “ក្លឹប Cardiff City ព្រួយ​បារម្ភ​ចំពោះ​របាយការណ៍​ថ្មី​របស់ស្ថាប័ន AAIB ដែល​បាន​ចង្អុល​បង្ហាញជាថ្មី​ម្ដងទៀត​ថា​យន្ដ​ហោះ​ដែល​ប្រើសម្រាប់​ដឹក Emiliano Sala មិន​មាន​លក្ខណៈសម្បត្តិ​សមស្របនោះទេ”។

“យើង​នៅ​តែជឿជាក់ថា​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ឱ្យ​ប្រើយន្ដហោះនេះ​នឹងត្រូវទទួលខុសត្រូវចំពោះសោកនាថកម្មមួយ​នេះ”។

ទន្ទឹមនឹងនេះ ស្ថាប័ន AAIB បាន​ឆ្លើយតបចំពោះការទាមទារ​ពីគ្រួសារ​របស់ Sala ពាក់ព័ន្ធ​នឹង​ការប្រមូល​បំណែក​យន្ដហោះផងដែរ។

ស្ថាប័ននេះបាន​លើក​ឡើង​នៅ​ក្នុងសេចក្ដីថ្លែងការណ៍​មួយ​ដូចតទៅ៖ “មូលហេតុ​ដែល​យើងសម្រេចចិត្ត​មិន​ប្រមូល​បំណែក​យន្ដហោះនេះ ត្រូវបាន​ពន្យល់​យ៉ាង​លម្អិត​ទៅគ្រួសារ​ជនរងគ្រោះទាំងពីរ​រួចហើយ”។

“កាលពីខែកុម្ភៈ ប្រតិបត្តិការណ៍​រុក​រក​ក្រោមផ្ទៃទឹក​របស់​យើង​បាន​រកឃើញទីតាំង​របស់​បំណែក​យន្ដហោះ យក​បាន​សាកសព​អ្នកដំណើរ និង​ថត​វីដេអូសំខាន់ៗ​មួយ​ចំនួន​ពីកន្លែងកើតហេតុ​ដោយប្រើយានដែល​បញ្ជាពីចម្ងាយ។ នៅពេលនោះ យើង​មិន​អាច​ប្រមូល​យក​បំណែក​យន្ដហោះបានទេ”។

“យើង​បាន​សិក្សា​លទ្ធភាព​ និងផលនៃ​ការ​វិល​ត្រឡប់​ទៅ​ប្រមូល​បំណែក​យន្ដហោះវិញ។ ក្នុងករណីនេះ យើង​ចាត់ទុកថា​​ការ​ធ្វើបែបនេះ​​​មិន​បានជួយអ្វី​បន្ថែមទៀត​ចំពោះការ​ស៊ើបអង្កេត​នោះទេ ហើយ​យើង​នឹង​ស៊ើប​អំពី​បញ្ហា​សុវត្ថិភាព​របស់​យន្ដហោះ​តាមវិធីផ្សេងទៀត”។

“ក្នុងការ​សម្រេចចិត្តនេះ​ យើងគិត​អំពី​ការ​ចំណាយខ្ពស់​ក្នុងការ​ប្រមូល​បំណែក​យន្ដហោះ​ក្នុងទឹក ភស្ថុតាង​ដែល​យើងប្រមូល​បាន​កាលពីខែកុម្ភៈ និង​ហានិភ័យ​ដែល​បំណែក​យន្ដហោះ​អាច​មិន​ផ្ដល់​ភស្ថុតាង​អ្វីយកជាការបាន​នោះទេ​ក្រោយពេល​ប៉ះទង្គិច​ខ្លាំង​ជាមួយ​ផ្ទៃសមុទ្រ​”៕

 

ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Juventus ដុត​កម្ដៅ​ពាក្យ​ចចាមអារ៉ាម​​ពីការ​ផ្ទេរ​កីឡាករ Dybala ពេលគាត់​បញ្ជាក់​ថា​ការ​ចរចា​​​នៅ​តែបន្ត

មតិយោបល់