លោក Klopp និង​ Lampard ស្វាគមន៍​ការ​ជ្រើសរើស​អាជ្ញាកណ្ដាលស្ត្រី​សម្រាប់ការ​ប្រកួត​ Super Cup

អាជ្ញាកណ្ដាល Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្ដាល​ស្រ្តី​ដំបូង​​ដែល​បំពេញតួនាទី​ក្នុងការ​ប្រកួតបាល់ទាត់​បុរស​​ដ៏សំខាន់​មួយ​របស់​ស្ថាប័ន UEFA ពេល​ដែល​គាត់​ទទួលខុសត្រូវ​ក្នុងការ​ប្រកួត​រវាងក្លឹប Liverpool ជាមួយ​ Chelsea។

លោក Jurgen Klopp និង Frank Lampard បាន​ស្វាគមន៍​ការ​សម្រេចចិត្ត​ជ្រើសរើស​អាជ្ញាកណ្ដាល​ស្ត្រី​សម្រាប់​ការ​ប្រកួត​ UEFA Super Cup នៅយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍​រវាង​ក្លឹប Liverpool និង Chelsea។

អាជ្ញាកណ្ដាល Stephanie Frappart នឹង​ក្លាយជា​អាជ្ញាកណ្ដាល​ស្ត្រី​ដំបូងគេ​បង្អស់​ដែល​ដឹកនាំ​ការ​ប្រកួត​បាល់ទាត់​បុរស​របស់ UEFA ពេល​ដែល​ក្លឹប Chelsea ប៉ះជាមួយ​ម្ចាស់ជើងឯក​យូហ្វា​ឆេម​ពានស៍​លីគ​​នៅទីក្រុង​ Istanbul។

អ្នកចាត់ការ​ក្លឹប Liverpool គឺលោក Klopp បាន​និយាយថា​ លោក​ចាំបាច់ត្រូវគ្រប់គ្រងអារម្មណ៍​ខ្លួន​ឯង​ឱ្យ​បានល្អ នៅចំពោះមុខ​អាជ្ញាកណ្ដាល​សស្ត្រីសញ្ជាតិ​បារាំង​រូបនេះ បើមិនដូច្នោះទេ ម្ដាយ​របស់គាត់ប្រាកដជាខឹងហើយ។

គាត់គិត​ថា​នេះ​ជាពេល​វេលា​ល្អមួយ​ដែល​អាជ្ញាកណ្ដាលស្ត្រី​អាច​ទទួលបានឱកាស​បំពេញតួនាទី​ក្នុងការ​ប្រកួត​ដ៏សំខាន់បែបនេះ ថ្វីបើ​ក្នុងវិស័យ​បាល់ទាត់បុរស​នៅអាល្លឺម៉ង់វិញ អាជ្ញាកណ្ដាលជាស្រ្តី​បាន​ទទួល​ប្រជាប្រិយភាព​រួច​ទៅហើយ។

ពេល​ដែល​ទទួលបានសំណួរ​អំពីការតែងតាំងអាជ្ញាកណ្ដាល Frappart លោក​បានឆ្លើយថា៖ “ចម្លើយរបស់ខ្ញុំគឺ ដល់ពេល​ដែលយើង​ត្រូវ​ធ្វើបែបនេះ​ហើយ”។

“ខ្ញុំ​មាន​បទពិសោធន៍​ច្រើនជាមួយ​អាជ្ញាកណ្ដាលជាស្ត្រី​ពេល​នៅអាល្លឺម៉ង់។ យើងត្រូវចំណាយពេល​មួយ​រយៈ​ទម្រាំ​តែ​ក្រុម​អាជ្ញាកណ្ដាល​​អាច​ចាត់ទុក​ថា​​អាជ្ញាកណ្ដាលជាស្ត្រីអាចធ្វើកិច្ចការនេះបាន។ ទន្ទឹមនឹងនេះ គាត់បានត្រៀមខ្លួន​រួចហើយ ហើយខ្ញុំ​ពិតជារីករាយ​ណាស់​ដែលបានចូលរួម​ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ”។

“នេះជាជម្រើសដ៏ឆ្លាតវៃមួយ​ ដែលមាន​អាជ្ញាកណ្ដាលជាស្ត្រី​ក្នុងការប្រកួត​ដ៏សំខាន់ នៅចំពោះមុខអ្នកទស្សនា​រាប់លាន​នាក់”។

“ខ្ញុំជឿជាក់​ថា​យើង​នឹង​មានអារម្មណ៍ជាច្រើន​កើត​ឡើង​ក្នុងការ​ប្រកួត​ ប៉ុន្តែខ្ញុំ​នឹង​ព្យាយាម​រក្សាទឹកមុខ​ឱ្យ​បានល្អបំផុត បើមិនដូច្នោះទេ ម្ដាយ​របស់ខ្ញុំ​នឹង​ខឹងហើយ”។

“ខ្ញុំ​សង្ឃឹមថា​ការប្រកួ​តលើកនេះ​ មិនមែនជា​លើកចុងក្រោយ​ដែល​គេ​សម្រេចចិត្ត​ធ្វើដូច្នេះនោះទេ”។

 

លោក Lampard គិតថា​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការ​ប្រកួត​វើលខាប់ស្រ្តី​នៅប្រទេសបារាំងឆ្នាំនេះ​ ដែលអាជ្ញាកណ្ដាល Frappart បំពេញតួនាទី​ក្នុងការប្រកួត​ផ្ដាច់ព្រ័ត្រ បញ្ជាក់ថា​គេគួរ​តែ​ផ្ដល់ឱកាសឱ្យ​ស្ត្រី​កាន់តែច្រើនថែមទៀត​បានចូលរួម​ក្នុងការប្រកួត​កីឡាករ​ធំៗ។

“ខ្ញុំ​រីករាយណាស់​ដែលមានឱកាសចូលរួម​ក្នុងព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រនេះ ការ​សម្រេចចិត្ត​បែបនេះ​គឺស័ក្ដិសមណាស់”។

“ការប្រកួត​បានប្រែប្រួលហើយ តួយ៉ាង​ដូចជា​ការប្រកួតវើលខាប់ស្រ្តី​ដែលទទួលបានការគោរព និង​មាន​អ្នកទស្សនាកាន់​តែច្រើន។ ទាំងនេះ​ជាជំហាន​មួយ​ទៅកាន់គោលដៅ​ដ៏ត្រឹមត្រូវ”៕

 

Olympiacos ឈ្នះ Basaksehir ក្នុងការ​ប្រកួតជម្រុះត្រៀម​ឆេមពានស៍លីគ

មតិយោបល់