Tottenham ត្រៀមតម្លើងប្រាក់ខែខ្ពស់បំផុត ដើម្បីថ្នមចិត្ត Christian Eriksen

Tottenham midfielder Christian Eriksen

សារព័ត៌មានអង់គ្លេស បានចុះផ្សាយថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រៀមតម្លើងប្រាក់ខែលើសពីគុណនឹង ២ ក្នុងកុងត្រាថ្មីរបស់ខ្សែបម្រើដាណឺម៉ាក Christian Eriksen ដើម្បីធានាថាកីឡាករនាំលេងដ៏សំខាន់របស់ខ្លួន នឹងមិនចាកចេញទៅណាទេ។

តាមការចុះផ្សាយដដែលនោះ គឺ Spurs គ្រោងនឹងតម្លើងប្រាក់ខែរបស់ Eriksen រហូតដល់ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ខណៈប្រាក់ឈ្មួលពលកម្មក្នុងកុងត្រាចាស់របស់គាត់ គឺ ៨ម៉ឺនផោនក្នុងមួយសប្តាហ៍។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើ Eriksen នឹងព្រមរួមរស់ជាមួយ Tottenham ដោយសារកត្តាប្រាក់ខែនេះឬអត់ទេ?

Eriksen ធ្លាប់និយាយច្បាស់ហើយថា លុយកាក់តែមួយមុខ មិនមែនជាកត្តានៃការសម្រេចចិត្តរបស់គាត់នោះទេ។ Eriksen នៅមិនទាន់ចុះកុងត្រាថ្មី ជាមួយ Spurs នៅឡើយទេ ខណៈកុងត្រាចាស់របស់គាត់ នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២០ទៅហើយ។

Eriksen មិនបានលាក់បាំងទេថា គាត់ចង់ចូលរួមជាមួយនឹងក្លឹបធំណាមួយនៅអឺរុប ដើម្បីមហិច្ឆតាឈ្នះពានរង្វាន់ធំដែរ។ ប៉ុន្តែសម្រាប់ Spurs គឺគាត់នៅតែជាកីឡាករដ៏សំខាន់ម្នាក់! ជាក់ស្តែង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ វត្តមានដូរចូលរបស់ Eriksen បានធ្វើឲ្យ Spurs មានឱកាសវាយបកយកលទ្ធផល ៣ទល់នឹង១ ជាមួយនឹង Aston Villa វិញ។ គាត់គឺជាកីឡាករនាំលេង ដ៏ពោរពេញដោយបទពិសោធន៍! រឿងនេះ គ្រប់គ្នាត្រូវតែទទួលស្គាល់!


សូមបញ្ជាក់ថា តាំងពីរដូវកាលមុន រហូតដល់រដូវកាលថ្មីនេះ នៅតែមានដំណឹងថា ក្លឹបយក្សជាច្រើន ដូចជា Real Madrid, Juventus និងសូម្បីតែ Manchester United សុទ្ធតែចង់បាន Christian Eriksen។ សម្រាប់ Man Utd ប្រហែលជាគ្មានសង្ឃឹមទៀតទេ ព្រោះកីឡាករវ័យ ២៧ឆ្នាំនេះ អះអាងថា គាត់មិនទៅលេងក្នុងក្លឹបដែលប្រជែងលីគជាមួយនឹង Spurs នោះទេ ព្រោះគាត់តែងតែគោរព Spurs។

“We fully deserved the victory,” says Pochettino after Spurs beat Aston Villa 3-1

សម្រាប់ Real Madrid និង Juventus វិញ ពួកគេនៅតែមានសង្ឃឹមក្នុងការទទួលបាន Eriksen ប្រសិនបើកីឡាកររូបនេះ មិនព្រមបន្តកុងត្រាថ្មីជាមួយ Spurs ហើយពួកគេក៏នឹងអាចទទួលបានតម្លៃផ្ទេរសមរម្យផងដែរ។ Spurs កន្លងមក ធ្លាប់ដាក់តម្លៃប្រមាណ ១០០លានផោន សម្រាប់តម្លៃខ្លួនកីឡាករម្នាក់នេះ ប៉ុន្តែបើគេគ្មានកុងត្រាថ្មីទេ នោះ Spurs ក៏ត្រូវតែបង្ខំចិត្តលក់ Eriksen ទាំងតម្លៃមួយយ៉ាងទាប ឬ គ្មានតម្លៃខ្លួនផង ក៏ថាបាន៕

មតិយោបល់