Liverpool នឹង​ចុះ​កុងត្រា​រយៈ​ពេលខ្លី​ជាមួយ​ Andy Lonergan ក្រោយ​ Alisson មាន​របួស

បញ្ហា​របួស​របស់​អ្នកចាំទី Alisson និង Caoimhin Kelleher មាន​ន័យ​ថា​ក្លឹប Liverpool នឹង​ត្រូវ​ងាក​ទៅ​រក​អ្នកចាំទី Andy Lonergan ដើម្បី​​ពង្រឹង​ជម្រើស​អ្នកចាំទី​របស់គេ​ឡើងវិញ។

លោក Jurgen Klopp រំពឹងថា​ក្លឹប Liverpool នឹង​ចុះ​កុងត្រារយៈ​ពេលខ្លី​ជាមួយ​អ្នកចាំទី Andy Lonergan ដើម្បី​មកជួយ​ទប់ទល់​​កង្វះ​អ្នកចាំទី។

Alisson នឹង​ត្រូវ​សម្រាក​ព្យាបាល​​ច្រើនសប្ដាហ៍​ បន្ទាប់ពី​មាន​របួស​កំភួនជើង​​ក្នុងអំឡុង​ពេល​ប្រកួត​ដំបូង​សម្រាប់រដូវកាលថ្មី​ដែល​ Liverpool ឈ្នះ Norwich City ក្នុងលទ្ធផល ៤ទល់​នឹង​១។

អ្នកចាំទី​ Adrian ដែល​ទើបតែទិញ​បាន​មុន​រដូវកាល​ចាប់ផ្ដើម នឹង​បំពេញតួនាទីរបស់គេ​ក្នុងការ​ប្រកួត​យូហ្វាស៊ូពើខាប់ ជាមួយ​ក្លឹប Chelsea នៅថ្ងៃពុធ​ នឹង​ត្រូវ​ធ្វើជាអ្នកចាំទីជម្រើសទី១ របស់ Liverpool ដោយ​មិន​កំណត់ពេល​ថាដល់ពេលណានោះទេ។

ប៉ុន្តែ​​របួស​បាក់កដៃ​របស់អ្នកចាំទីវ័យក្មេង Caoimhin Kelleher កាល​ពីខែមុន ធ្វើឱ្យ​លោក Klopp អស់ជម្រើស​អ្នកចាំទី​បម្រុង​ ហើយ​ត្រូវងាកទៅរក​អតីតអ្នកចាំទី​របស់ក្លឹប Preston North End, Bolton Wanderers និងក្លឹប Leeds United គឺអ្នកចាំទី Lonergan។

អ្នកចាំទី​ដែលមាន​វ័យ ៣៥ឆ្នាំ​រូបនេះ​បាន​ហ្វឹកហាត់ជាមួយ​ Liverpool មុន​រដូវកាល​ចាប់ផ្ដើម បាន​ធ្វើ​ឱ្យ​លោក​ Klopp ពេញ​ចិត្ត​ ហើយ​បច្ចុប្បន្ន​កំពុងធ្វើជាអ្នកចាំទីបម្រុង​ក្នុងការប្រកួត​នៅទីក្រុង Istanbul។

លោក Klopp បាន​និយាយក្នុងគេហទំព័រ Liverpoolfc.com ថា៖ “ស្ថានភាព​ពិបាក​ជាង​នេះ​ទៅ​ទៀត​កាលពី​ប៉ុន្មា​ន​សប្ដាហ៍​មុន​ ប៉ុន្តែ Caoimhin Kelleher កំពុងស្ថិត​ក្នុងដំណាក់កាលចុងក្រោយ​នៃ​ការ​ព្យាបាល​”។

 

“គេ​ហ្វឹកហាត់​តែ ៥ថ្ងៃ និងគ្រាន់តែចាប់បាល់ប៉ុណ្ណោះ មើល​ទៅដូចជាមិនអីទេ ប៉ុន្តែ​យើងចាំបាច់ត្រូវ​រក​ដំណោះស្រាយ​រយៈ​ពេលខ្លី ហើយ​បើ​មិនមានអ្វីប្រែប្រួលទេ ជម្រើស​នោះគឺ Andy Lonergan”។

“គេ​ធ្លាប់លេង​ជាមួយ​យើង គេ​មាន​បុគ្គលិក​លក្ខណៈ​ល្អ ជាមនុស្សល្អម្នាក់ ហើយគេជួយយើង​បានច្រើន​ក្នុងការ​ប្រកួត​មុន​រដូវកាលចាប់ផ្ដើម។ ឥឡូវនេះ​ យើង​បានសម្រេចចិត្ត​ថា​សហការជាមួយ​គេ”។

Lonergan បានចូលលេង​ជាមួយឈុតធំ​លើក​ចុងក្រោយគឺ​នៅ​ក្នុងការ​ប្រកួតជាមួយ​ក្លឹប Rochdale ក្នុង League One កាលពីរដូវកាលមុនពេលខ្ចីជើង​ពីក្លឹប Middlesbrough៕

 

តើ​រវាងក្លឹប Liverpool និង Manchester United មួយ​ណា​ធំជាង?

 

មតិយោបល់