លោក Mourinho បន្ទោសលោក Lampard ពីកំហុសឆ្គងដ៏ធំពេលជួប Man Utd

ដូចដឹងស្រាប់ហើយថា Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard បានជួបក្តីអាម៉ាស់យ៉ាងខ្លាំង កាលពីចុងសប្តាហ៍មុន ដោយបានប្រកួតចាញ់ Manchester United ក្នុងការប្រកួតដើមរដូវកាលថ្មី ដោយលទ្ធផល ០ទល់នឹង៤។

លទ្ធផលនេះ ត្រូវបានអតីតគ្រូបង្វឹក Chelsea និង Man Utd គឺលោក Jose Mourinho ដាក់ការបន្ទោសយ៉ាងខ្លាំង ទៅលើការរៀបចំទម្រង់លេងរបស់លោក Frank Lampard។ លោក Mourinho យល់ថា លោក Lampard មានកំហុសមួយចំនួន ដែលជាចម្បង គឺការទុកចិត្តលើកីឡាករក្មេងៗ ដែលមិនសូវមានបទពិសោធន៍នៅ Premier League។

លោក Mourinho ហួសចិត្តដែលលោក Lampard ឲ្យកីឡាករឆ្នើមៗ ដូចជា N’Golo Kante, Marcos Alonso និង Olivier Giroud នៅអង្គុយបម្រុង។ លោក Mourinho គ្រាន់តែចង់ឲ្យលោក Lampard ដាក់ចម្រុះនូវកីឡាករដែលមានបទពិសោធន៍ល្អ ជាមួយកីឡាករវ័យក្មេង។ លោក Mourinho និយាយថា៖ «វាមិនមែនអាស្រ័យថា កីឡាករនោះ ជាកីឡាករចាស់វស្សា ឬ មិនចាស់វស្សាទេ តែគឺវាអាស្រ័យលើទម្រង់លេង។ យើងត្រូវតែចេះជ្រើសរើសកីឡាករ ថាមួយណាគួរតែបានលេង យើងដាក់ឲ្យលេងតែម្តង។ នៅដើមរដូវកាល យើងត្រូវតែដាក់អ្នកណា ដែលយើងគិតថា គេបានត្រៀមខ្លួនរួចលេងរួចហើយ»។

ចំពោះបញ្ហាកីឡាកររបួសវិញ លោក Mourinho បន្ថែមថា៖ «ប្រសិនបើ Willian របួស … ខ្ញុំយល់ថា Willian មិននៅទីនោះទេ! ប្រសិនបើ Willian មិនរបួស ហើយមកយឺតក្នុងការរៀបចំខ្លួន ខ្ញុំមិនដឹងទេ ថាហេតុអីគាត់មិននៅទីនោះ ព្រោះថាបើគ្រាន់តែលេង ២០ ឬ ៣០ យើងមិនចាំបាច់ត្រូវតែរឹងមាំគ្រប់យ៉ាងទេ។ … ប្រសិនបើ Kante អាចលេងបាន ៣០ទៅ ៣៥នាទី យើងអាចដាក់គាត់ឲ្យលេងដំបូងបាន។ … Alonso ក៏គេដាក់ឲ្យនៅបម្រុង, Kante ក៏នៅបម្រុង, Giroud ក៏នៅបម្រុង ហើយពួកគេទៅលេងនៅ Old Trafford។ ទោះបីជា Man Utd ឥឡូវមិនមែនជាក្រុមដែលធ្លាប់បន្លាចក្រុមផ្សេងទៀត តែនោះគឺ Manchester United! វាគឺជាការប្រកួតនៅផ្ទះជាលើកដំបូងនៅដើមរដូវកាល គ្រប់គ្នាគេរំភើបចិត្ត ហើយកីឡដ្ឋានរបស់ពួកគេ ក៏ត្រៀមរង់ចាំទទួលអ្វីដែលជាភាពវិជ្ជមានដែរ។ វាពិបាកនិយាយណាស់ ដែលខ្ញុំមិននៅទីនោះ ហើយប្រហែលជាស្ថានភាពជាក់ស្តែង អាចខុសគ្នា»។

គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ Chelsea របស់លោក Frank Lampard ពិតជាបានប្រើប្រាស់កីឡាករវ័យក្មេង ឲ្យធ្វើជាកីឡាករនាំលេងមែន! លោក Lampard ដាក់កីឡាករ ដែលមិនធ្លាប់លេងនៅ Premier League ពីមុន ឬ អាចនិយាយថា បានលេងតិចតួចបំផុត ដូចជា Tannt Abraham និង Mason Mount ឲ្យធ្វើជាតួអង្គប្រយុទ្ធដ៏សំខាន់ និងបានដូរចូល Christian Pulisic, Oliver Giroud និង N’Golo Kante នៅតង់ទី ២។

‘Chelsea have to learn harsh lessons’ – Lampard

លោក Lampard នឹងត្រូវដឹកនាំ Chelsea ឆ្លងជ្រោះម្តងទៀត នៅថ្ងៃទី ១៥ខែសីហា ខាងមុខ ក្នុងការប្រកួត Super Cup នៅប្រទេសតួកគី ដែល Chelsea ក្នុងនាមជាក្រុមជើងឯក Europa League រដូវកាលមុន ត្រូវប្រកួតជាមួយ Liverpool ជាក្រុមជើងឯក Champions League៕

មតិយោបល់