ចំនុចពិសេស ៥យ៉ាង ពី Premier League សប្តាហ៍ទី ១

ការប្រកួតលីគបាល់ទាត់កំពូលអង់គ្លេស Premier League បានបញ្ចប់ការប្រកួតសប្តាហ៍ទី ១ បើករដូវកាលថ្មី ២០១៩/២០២០ហើយ កាលពីចុងសប្តាហ៍! មានទស្សនីយភាព គួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងការប្រកួតសប្តាហ៍ទី ១នេះ។

ជាដំបូង យើងមើលពីលទ្ធផលនៃការប្រកួតសិន៖

បន្តមកទៀត យើងពិនិត្យមើលពីតារាងចំណាត់ថ្នាក់៖

ដូច្នេះ មានន័យថា ក្រុមជើងឯកចាស់ Premier League គឺ Manchester City បានស្ថិតនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី ១នេះ ខណៈ Manchester United ជាក្លឹបរួមទីក្រុង ស្ថិតនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីបានប្រកួតឈ្នះ Chelsea ដោយលទ្ធផល ៤ទល់នឹង០។ រីឯ Chelsea ក្រោយពីចេញការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Frank Lampard យ៉ាងអាម៉ាស់ ក៏ធ្លាក់ទៅនៅចំណាត់ថ្នាក់លេខ ១៩ លើ West Ham ដែលស្ថិតនៅលេខរៀងទី ២០។

អ្វីដែលយើងគួនិយាយពីការប្រកួត Premier League សប្តាហ៍ទី ១ នេះរួមមាន៖

១. សម្ពាធនៃការដឹកនាំរបស់លោក Frank Lampard ប្រឈមនឹងបញ្ហាកីឡាកររបួស

ជាការពិត លោក Frank Lampard មកដឹកនាំ Chelsea ចំពេលដែលក្រុមត្រូវបាត់បង់សមាជិកឆ្នើមម្នាក់ គឺ Eden Hazard ដែលផ្ទេរទៅកាន់ Real Madrid។ ចំពេលជាមួយគ្នាទៀត Chelsea ក៏ត្រូវមកប្រកួតជាមួយនឹង Manchester United នៅក្រៅដី ក្នុងអំឡុងពេលដែលកីឡាករនាំលេងរបស់គេ មួយចំនួន Willian, Loftus-Cheek, Hudson-Odoi, N’Golo Kante រួមនឹងខ្សែការពារ Rudiger កំពុងមានបញ្ហារបួស។ ដូច្នេះ ជាលទ្ធផល គឺ Chelsea ត្រូវ Man Utd លត់ដោយលទ្ធផល ដល់ទៅ ០ទល់នឹង៤។ អ្វីដែលសំខាន់ គឺក្រុមរបស់អតីតវីរៈបុរស Chelsea ទាំង ២ គឺ Chelsea (លោក Frank Lampard) និង Aston Villa (មានលោក John Terry ជាជំនួយការគ្រូបង្វឹក) គឺសុទ្ធតែរងលទ្ធផលស្ពឹកមុខ។

២. កីឡាករថ្មី ដែល Man Utd ទិញមក គឺសមាមាត្រនឹងតម្លៃខ្លួន?

ខ្សែបម្រើ Daniel James រកបាន ១គ្រាប់ ខណៈ Aaron Wan-Bissaka និង Harry Maguire បានប្រឹងប្រែងបិទមិនឲ្យ Chelsea រកបានសូម្បី ១គ្រាប់ ធ្វើឲ្យគេបញ្ចប់ដោយទទួលបាន clean sheet! ទាំងនេះ អាចសមាមាត្រ នឹងតម្លៃខ្លួន ដែលក្លឹបបានទិញមកទេ? ចម្លើយបន្ទាប់ គឺមិនទាន់ដឹងទេ ប៉ុន្តែចម្លើយបន្ទាប់ពីការប្រកួតយប់មិញ គឺពិតមែនហើយ ពួកគេមានទម្រង់លេង ស្រុះគ្នា គួរឲ្យសរសើរ។ យ៉ាងណាមិញ ផ្លូវទៅរកពានរង្វាន់ នៅមានច្រើនប្រកួតទៀត ដូច្នេះ ការវាយតម្លៃជាក់លាក់ គួរតែមិនទាន់អាចធ្វើឡើងនៅពេលនេះទេ។

៣. កីឡាករប្រចាំក្លឹប នៅតែធ្វើបានល្អ

ឆ្លងតាមការប្រកួតសប្តាហ៍ទី ១ យើងសង្កេតឃើញថា Man of Match ក្នុងក្រុមនីមួយៗ នៅតែជាកីឡាករមិនមែនចំណូលថ្មីរបស់ក្លឹបនីមួយៗ។ មិនមែនត្រឹមតែកីឡាករឆ្នើមប្រចាំសប្តាហ៍ក្នុងក្រុមទេ តែពួកគេក៏ត្រូវបានចាត់ទុកថា ជាកីឡាករឆ្នើមសម្រាប់ការប្រកួត Premier League សប្តាហ៍ទី ១ផងដែរ។ កីឡាករទាំងនោះ មានដូចជា Marcus Rashford របស់ Man Utd, Harry Kane របស់ Tottenham, Pierre-Emerick Aubameyang របស់ Arsenal, Mohamed Salah របស់ Liverpool និងជាពិសេសគឺ Raheem Sterling របស់ Man City។

៤. កីឡាករដែលរំពឹងថាបញ្ចប់រដូវកាល ជាមួយគ្រាប់បាល់ច្រើនបំផុត

យើងដឹងហើយថា កាលពីរដូវកាលមុន កីឡាករ ៣នាក់ ទទួលបានស្បែកជើងមាសរួមគ្នា! នៅរដូវកាលនេះ អាចថានឹងមានកីឡាករលើសពីម្នាក់ ក៏ប្រហែលជានឹងទទួលបានស្បែកជើងមាសដែរ! Raheem Sterling បើកឆាក Premier League ដំបូង រកបាន ៣គ្រាប់ ខណៈអ្នករកបាន ២គ្រាប់ មានដូចជា A.Barnes មកពីក្រុម Burnley, Harry Kane មកពី Spurs និង M.Rashford មកពី Man Utd។

 

៥. VAR ប្រឹងប្រែងធ្វើការនៅ Premier League

រដូវកាលថ្មីនេះ គឺ Premier League មាន VAR (video assistant referee) ជាលើកដំបូង! VAR នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិនិត្យឲ្យច្បាស់ពីលទ្ធផលនៃប្រកួតនីមួយៗ! ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ គ្រប់ក្រុមប្រកួតទាំងអស់ មិនមែនសុទ្ធតែត្រូវកាត់សេចក្តីដោយ VAR ទេ ព្រោះការប្រកួតខ្លះ ចាំបាច់ត្រឹមតែការពិនិត្យរបស់អាជ្ញាកណ្តាលទាំង ៣លើទីលាន ក៏គ្រប់គ្រាន់ទៅហើយ។ យ៉ាងណាមិញ មានការប្រកួត ២គូ ដែលគេបានប្រើប្រាស់ VAR យ៉ាងច្រើន នោះគឺជំនួបរវាង Manchester City ជាមួយនឹង West Ham និងជំនួបរវាង Leicester ជាមួយ Wolves។
សូមបញ្ជាក់ថា ទាំងនេះ គ្រាន់តែជាការវិភាគត្រួសៗរបស់ Fox Sports ជាខេមរភាសាប៉ុណ្ណោះ!

Matchday 1 Fantasy Premier League Tips – 2019/20 Season | The John Dykes Show

ដោយ៖ កូនមាន់មាស

មតិយោបល់