Alisson បើក​រដូវកាល​ភ្លាម​របួស​ភ្លាម​

ក្លឹប Liverpool ត្រូវ​អវត្តមាន​អ្នកចាំទី Alisson ដោយ​សារ​បញ្ហា​របួស​ពេល​ប្រកួត​ជាមួយ​ក្លឹប Norwich City ធ្វើ​ឱ្យ​ Adrian មាន​ឱកាស​ចូល​លេង​​ឆាប់ជាង​កាលកំណត់។

អ្នក​ចាំទី​របស់ Liverpool គឺ​កីឡាករ Alisson ត្រូវចាកចេញពី​ការ​ប្រកួត​ដំបូង​នៃរដូវកាល​ថ្មី​​ជាមួយ​ក្លឹប Norwich City កាលពីថ្ងៃសុក្រ​ដោយសារ​បញ្ហា​របួស។

អ្នកចាំទីជម្រើសជាតិ​ប្រេស៊ីល​រូបនេះ​បាន​រអិល​ដួល​​ពេល​​ត្រៀម​បញ្ជូន​បាល់​ រួច​ក៏ផ្ដល់សញ្ញា​​សុំ​ជំនួយ​ភ្លាមៗ​ពេល​ប្រកួត​នៅទឹកដី Anfield ក្នុងតង់ទី១។

Alisson បាន​ចាកចេញពីការ​ប្រកួត​នៅនាទីទី៣៩ ហើយ​ត្រូវបានជំនួស​ដោយ Adrian ដែល​បាន​ផ្ទេរ​មក​ Liverpool ដោយ​ឥតគិតថ្លៃ​​ពីក្លឹប West Ham កាលពីចុង​រដូវកាល​មុន។

នៅពេលនោះ Liverpool នាំ​មុខ​មុន ៣ទល់នឹងសូន្យ​ ដោយសារ​គ្រាប់បាល់ចូលទីខ្លួន​ឯង​របស់កីឡាករ Grant Hanley គ្រាប់បាល់របស់កីឡាករ Mohamed Salah និង Virgil van Dijk។

កីឡាករ Divock Origi ជួយ​បន្ថែម​មួយ​គ្រាប់ទៀតនៅនាទីទី៤២ មុន​នឹង​កីឡាករ Teemu Pukki រក​បាន​មួយ​គ្រាប់វិញ​នៅនាទីទី៦៤ ញ៉ាំង​ឱ្យ​លទ្ធផល​ចុងក្រោយ Liverpool ឈ្នះ ៤ទល់​នឹង​១៕

 

លោក Klopp ថា​មិនទំនង​ថា​មាន​ការ​ទិញ​កីឡាករ​នៅ​នាទីចុងក្រោយ​មុន​ទីផ្សារ​បិទ​នោះទេ

មតិយោបល់