ក្លឹប Crystal Palace ចុះ​កុងត្រាជា​មួយ​អតីត​ប្រធានក្រុម Chelsea

អាជីព​របស់កីឡាករ Gary Cahill នៅក្លឹប Chelsea បានបញ្ចប់ក្រោមការ​ដឹកនាំ​របស់​អ្នកចាត់ការ​ Maurizio Sarri កាល​ពីរដូវកាល​មុន ហើយ​ឥឡូវនេះ​ គេបានចូលរួម​ជាមួយ​ក្លឹប Crystal Palace។

ក្លឹប Crystal Palace បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ Gary Cahill រយៈពេល ២ឆ្នាំ​​ដើម្បី​ពង្រឹង​ក្លឹប​របស់ខ្លួន​មុន​រដូវកាលថ្មី​នៃ​លីគ​កំពូលអង់គ្លេស​ចាប់ផ្ដើម។

អតីត​ប្រធាន​ក្រុម​ Chelsea រូបនេះ​បានចាកចេញពី​ទឹក​ដី​ Stamford Bridge កាល​ពីរដូវកាល​មុន​ ដោយសារ​មិនទទួល​បាន​សេចក្ដី​ទុកចិត្ត​ពី​អ្នកចាត់ការ​ Maurizio Sarri។ Cahill បាន​រួម​រស់ជា​មួយ​ក្លឹប​ Chelsea អស់​រយៈ​ពេល ៧ឆ្នាំ​កន្លះដោយធ្លាប់ឈ្នះ​បានពានរង្វាន់ជាច្រើន។

គេ​បានចូលលេង​ពេញ​ ១២០នាទី​​មុនពេល​ដែល​ក្រុមតោខៀវ​បំបាក់​ក្លឹប Bayern Munich នៅ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ឆេមពានស៍​លីគ​​ដោយបាល់កាត់សេចក្ដី​កាលពីឆ្នាំ​២០១២ ហើយ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​​យូរ៉ូប៉ា​លីគ​ជាលើកទី២ ក្នុងរដូវកាលមុន​ផងដែរ។

Cahill បាន​ចូល​លេង​ ៦១លើក ក្នុងក្រុមជម្រើសជាតិ​អង់គ្លេស​​ក្រោមការ​ដឹកនាំ​របស់អ្នកចាត់ការ Roy Hodgson។

កីឡាករ​ដែលមានវ័យ ៣៣ឆ្នាំ​រូបនេះ​បាននិយាយថា៖ “ខ្ញុំ​ចង់​បន្ត​លេង​ឱ្យ​បានយូរ​បំផុត​តាម​ដែល​ខ្ញុំ​អាចធ្វើបាន។ ខ្ញុំ​​មានអារម្មណ៍​ថា​​កាយសម្បទា​របស់ខ្ញុំ​នៅរឹងមាំ​គ្រប់គ្រាន់ ហើយទោះជាខ្ញុំលេង​ឱ្យ​ក្លឹប​ណា​ក៏​ដោយ ខ្ញុំ​នឹង​លេងឱ្យបាន ១១០ភាគរយ សង្ឃឹមថា​អាច​ល្អគ្រប់គ្រាន់​សម្រាប់​អ្នកចាត់ការ​ សម្រាប់មិត្តរួមក្រុម និង​អ្នកគាំទ្រ”។

 

Cahill ជា​កីឡាករ​ទី៣ ហើយ​ដែល​ក្លឹប Crystal Palace ទិញ​ចូល​សម្រាប់រដូវកាលថ្មីនេះ​ បន្ទាប់ពី​កីឡាករ Jordan Ayew និង Stephen Henderson។

លោក Hodgson បាន​និយាយថា៖ “ខ្ញុំរីករាយ​ណាស់​ដែល Gary បាន​ចូលរួមជាមួយ​ពួកយើង។ គេ​ជា​កីឡាករ​ឆ្នើម​មួយរូប​ដែលមានទាំង​បទពិសោធន៍​ក្នុងលីគកំពូលអង់គ្លេស និងបទពិសោធន៍​ក្នុងក្រុមជម្រើសជាតិ”។

“ដោយសារ​ខ្ញុំ​ធ្លាប់ធ្វើការជាមួយគេ​ពេលនៅ​ក្រុមជម្រើសជាតិអង់គ្លេស ខ្ញុំដឹងថា​គេ​នឹងក្លាយជាធនធាន​មួយដ៏សំខាន់​របស់យើង ហើយខ្ញុំរីករាយណាស់ដែលបានសហការជាមួយ​គេ​ម្ដងទៀត”។

ក្លឹប Crystal Palace នឹង​ចាប់ផ្ដើមការប្រកួត​ដំបូង​នៃ​រដូវកាលថ្មី​ក្នុងទឹកដីរបស់ខ្លួន​ដោយប្រកួតជាមួយ​ក្លឹប Everton៕

 

លោក Xavi រំពឹងថាក្លឹប Al Sadd នឹង​ឈ្នះ​ក្លឹប Al-Duhail

មតិយោបល់