មូលហេតុ​ដែល​ Laurent Koscielny មិន​ចូលរួម​ការ​ប្រកួត​របស់ Arsenal នៅអាមេរិច

តារា​បាល់ទាត់​របស់​ក្លឹប Arsenal គឺ​កីឡាករ Laurent Koscielny បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​គេ​បាន​បដិសេធ​មិន​ព្រម​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រកួត​​ចន្លោះ​រដូវកាល​នៅ​សហរដ្ឋ​អាមេរិច ដោយ​ឥឡូវ​នេះ​ ហេតុផល​ត្រូវ​បានទម្លាយ​ឱ្យ​ដឹងហើយ។

សារព័ត៌មាន The Guardian បាន​ធ្វើ​សេចក្ដីរាយការណ៍ថា Koscielny អាក់អន់​ចិត្ត​ជាមួយ​ក្លឹប Arsenal ដែល​បាន​អនុវត្ត​លក្ខខណ្ឌ​បន្ត​កុងត្រា​ ១ឆ្នាំ​ទៀត ធ្វើ​ឱ្យរូបគេ​ត្រូវ​បន្ត​លេង​នៅ​ទឹកដី Emirates Stadium រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ។

កីឡាករ​រូបនេះ​ជឿថា​គេ​នឹង​អាច​ប្ដូរ​ក្លឹប​ដោយ​ឥត​គិត​តម្លៃផ្ទេរ​​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ ហើយ​គេ​អាច​វិល​ត្រឡប់​ទៅ​ប្រទេសបារាំង​ដែលជា​ប្រទេស​កំណើត​របស់គេ​វិញ​ ដោយអាច​នឹង​ចូលរួមជាមួយ​ក្លឹប Lyon, Bordeaux ឬក្លឹប Rennes ជាដើម។

ទង្វើ​របស់គេ​បានញ៉ាំង​ឱ្យ​មាន​ប្រតិកម្ម​តបវិញ​ពី​ក្លឹប Arsenal ដោយ​មានចេញ​ជាសេចក្ដីថ្លែងការ​​នៅលើ​គេ​ហទំព័រ​ផ្លូវការ​របស់ក្លឹប​ដែលមានសេចក្ដីថា៖ “កីឡាករ Laurent Koscielny បាន​បដិសេធ​ការ​ចូលរួម​ធ្វើដំណើរ​ទៅសហរដ្ឋ​អាមេរិច​​ដើម្បី​ប្រកួត​ចន្លោះ​រដូវកាល”។

“យើង​មានការ​អាក់អន់​ចិត្ត​ក្រៃលែង​ចំពោះ​ទង្វើ​របស់ Laurent បែបនេះ ដែល​បាន​ប្រាសចាក​ពី​ការណែនាំ​របស់​យើង។ យើង​សង្ឃឹមថា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន និង​សុំ​មិន​ផ្ដល់​យោបល់​អ្វី​ផ្សេងទៀត​នៅពេល​នេះ​ទេ”។

ដោយ​មិនទទួល​បានព័ត៌​មានជាមុន​អំពី​បញ្ហា​នេះ ក្លឹបនៅ​តែ​រក្សាជំហរ​របស់​ខ្លួន​យ៉ាង​រឹងមាំ​ដដែល​ថា​ពេល​នេះ​គឺជ្រុល​ពេល​ដែល​ Koscielny អាច​គិត​គូរ​ចង់​ចាក​ចេញ​ពី Arsenal ហើយ រីឯ​ទង្វើ​របស់គេ​លើក​នេះ អាច​ញ៉ាំង​ឱ្យ​គេ​បាត់បង់​ឱកាស​ធ្វើជា​ប្រធានក្រុម​បន្ត​ទៀត​ ប្រសិន​បើ​គេ​នៅ​បន្ត​លេង​ជាមួយ​ Arsenal ក្នុង​រដូវកាល​ក្រោយ៕

 

ខ្សែ​ការពារ​ Arsenal គឺ​ Shkodran Mustafi លេង​ខុសទីតាំង

មតិយោបល់