កីឡាករវ័យក្មេង ៥នាក់ ដែលនឹងមានឱកាសបញ្ចេញសមត្ថភាពក្រោមការដឹកនាំរបស់ F.Lampard

បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបតោខៀវ Chelsea មជ្ឈដ្ឋានជាច្រើន បានដាក់ក្តីរំពឹងថា លោក Frank Lampard នឹងអាចដឹកនាំ Chelsea ឲ្យកាន់តែទទួលបានលទ្ធផលល្អថែមទៀត។

ក្នុងអំឡុងពេលនេះផងដែរ គេក៏រំពឹងថា Chelsea នឹងប្រើប្រាស់កីឡាករវ័យក្មេង ៥នាក់ ដែលជាថ្នាលរបស់ខ្លួន នៅក្នុងក្រុមឈុតធំ។ ជាការប្រើប្រាស់ នៅពេលដែល Chelsea ត្រូវជាប់បំរាមរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មិនឲ្យទិញកីឡាករថ្មីចូល។

បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​​ដើម្បី​ទទួល​ការ​សាកល្បង​ដ៏ធំ​បំផុត​ពេល​ដែល​គេ​ក្លាយ​ជា​អ្នក​ចាត់ការ​ក្លឹប Chelsea

ដូច្នេះ កីឡាករវ័យក្មេង ៥នាក់ ដែលនឹងក្លាយជាតារារះរបស់ Chelsea រួមមាន៖

១. Callum Hudson Odoi

ខ្សែបម្រើស្លាប វ័យ ១៨ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាលរបស់ Chelsea តាំងពីគេមានអាយុ ៧ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០០៧ ហើយគេក៏បានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរនៅរដូវកាលនេះ។ មានក្លឹបធំនៅអាល្លឺម៉ង់ គឺ Bayern Munchen កំពុងតែចង់បានរូបនេះ ដូច្នេះ ការដាក់ឲ្យគេបង្ហាញសមត្ថភាពពេញលេញ នៅរដូវកាលក្រោយពិតជារឿងសំខាន់។

២. Tammy Abraham

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំនេះ បានចូលរួមជាមួយថ្នាលយុវជនរបស់ Chelsea កាលពីឆ្នាំ ២០០៤ ខណៈគេបានចូលលេងក្នុងក្រុមឈុតធំនៅឆ្នាំ ២០១៦។ ប៉ុន្តែតាំងពីចូលឈុតធំ Chelsea បានឲ្យ Abraham ទៅលេងខ្ចីជើងនៅតាមក្លឹបផ្សេងៗដូចជា Bristol City, Swansea City និង Aston Villa។ គេមានសមត្ថភាពលេងបានល្អ នៅក្លឹប Aston Villa ដូច្នេះ Chelsea គួរតែយកគេត្រលប់មកវិញ នៅរដូវកាលនេះ។

៣. Mason Mount

Mount បានចូលលេងក្នុងថ្នាលយុវជនរបស់ Chelsea តាំងពីមានអាយុ ៦ឆ្នាំ ពោលគឺនៅឆ្នាំ ២០០៥ ហើយក្រុមតោខៀវ បានចុះកុងត្រាជាមួយកីឡាករវ័យ ២០ឆ្នាំនេះ នៅឆ្នាំ ២០១៧។ ខ្សែបម្រើនេះ មិនទាន់ដែលបានបង្ហាញខ្លួនឲ្យ Chelsea ទេ តាំងពីពេលចុះកុងត្រាហើយ ពោលគឺគេត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លឹប Vitesse និង Derby។ ប៉ុន្តែអំឡុងពេលនៅ Derby កាលពីរដូវកាលមុន Mount បង្ហាញខ្លួនបាន ៤៤ប្រកួត និងរកបាន ១១គ្រាប់ ព្រមទាំងជួយ assists បាន ៥គ្រាប់ទៀត។ គេជាកីឡាករម្នាក់ ដែល Lampard បានស្គាល់តិចនិករួចហើយ ដូច្នេះគឺមានភាគរយច្រើន ដែលគេអាចត្រលប់មកលេងនៅ Chelsea វិញ ក្នុងរដូវកាលនេះ។

៤. Ethan Ampadu

ជាកីឡាករវែល វ័យ ១៨ឆ្នាំ Ampadu បានបង្ហាញសមត្ថភាពការងារយ៉ាងល្អ ក្នុងក្រុមជម្រើសជាតិ ចាប់ដៃគូជាមួយកំពូលកីឡាករ Gareth Bale។ ត្បិតតែគេមិនមែនជាកីឡាករថ្នាលរបស់ Chelsea ប៉ុន្តែខ្សែការងាររបស់ក្លឹបថ្នាល Exeter រូបនេះ បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកគាំទ្រ Chelsea។ Ampadu បានក្លាយជាកីឡាករវ័យ ដែលបានបង្ហាញខ្លួនឲ្យ Chelsea ពោលគឺគេលេងក្នុងឈុតធំ ពេលមានអាយុ ១៧ឆ្នាំ និង ៦ថ្ងៃ។

៥. Reece James

ខ្សែការពារវ័យ ១៩ឆ្នាំនេះ ក៏ជាថ្នាលយុវជនរបស់ Chelsea ដែរ ដោយគេបានចូលលេងនៅឈុតថ្នាល តាំងពីពេលមានអាយុ ៧ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០០៦។ បន្ទាប់មក នៅឆ្នាំ ២០១៧ គេអាចជាប់លេងក្នុងឈុតធំ ប៉ុន្តែក្លឹបបានបញ្ជូនគេឲ្យទៅលេងខ្ចីជើង នៅក្លឹប Wigan ។ នៅទីនោះ គេលេងបានយ៉ាងល្អ និងបានជួយឲ្យ Wigan មានស្ថេរភាព មិនធ្លាក់ចេញពីក្របខណ្ឌ Championship នោះទេ។ ការពិតទៅ Lampard គួរតែអាចប្រើប្រាស់ James ឲ្យក្លាយជាខ្សែការពារជម្រើសទី ២បាន នៅក្នុងរដូវកាលនេះ៕

មតិយោបល់