អ្នកគាំទ្រ Man Utd នឹងអស់កង្វល់ជាមួយ David de Gea

ទំនងជាដំណឹងល្អសម្រាប់អ្នកគាំទ្របិសាចក្រហម Manchester United ព្រោះថាសារព័ត៌មានអង់គ្លេស បានចុះផ្សាយថា David de Gea បានត្រៀមខ្លួនចុះកុងត្រាថ្មីជាមួយក្លឹប Manchester United ក្នុងតម្លៃពលកកម្ម ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍។

សារព័ត៌មាន Sunday Mirror Sport បានបង្ហើបថា ភ្នាក់ងាររបស់ De Gea គឺលោក Jorge Mendes និងសាមីខ្លួនអ្នកចាំទី David de Gea បានសម្រេចចិត្តចុះកុងត្រាថ្មី រយៈពេល ៥ឆ្នាំទៀត ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។

ការសម្រេចចុះកុងត្រានេះ ព្រោះតែ De Gea ហាក់មានភាពស្មុកស្មាញច្រើនជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid តាមចំណង់របស់លោក Zinedine Zidane។ De Gea នឹងចូលរួមជាមួយក្រុម Man Utd ដើម្បីទៅចូលរួមប្រកួតមិត្តភាព បើករដូវកាល ក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃទី ១៣ខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា តម្លៃពលកម្មរបស់ De Gea បានហក់ឡើងដល់ ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ត្រឹមតែរយៈពេល ១២ខែប៉ុណ្ណោះ ដោយពីមុនគាត់មានប្រាក់ពលកម្មត្រឹមតែ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ De Gea ពេលនេះ ក៏ដូចជាមិនច្រណែនទៅនឹងតម្លៃពលកម្ម ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍របស់ Alexis Sanchez ទៀតនោះទេ ស្របពេលមានដំណឹងថា ក្លឹបទំនងចង់ឲ្យ Sanchez ទៅលេងខ្ចីជើងនៅក្លឹបផ្សេងមួយរយៈសិន។

Ole Gunnar Solskjaer likens Alexis Sanchez to a bottle of ketchup

មានដំណឹងថា ការដែល Man Utd សម្រេចចំណាយប្រាក់យ៉ាងសម្បើមលើ De Gea នេះ ក៏ព្រោះតែគេទំនងដូចជាមិនអាចឃាត់ឃាំងការចាកចេញរបស់ Paul Pogba បាន ដូច្នេះនេះជាវិធីមួយ ដែលអាចធ្វើឲ្យក្លឹបមានស្ថេរភាព ជាមួយនឹងទម្រង់លេងថ្មី ដែលនឹងប្រើប្រាស់កីឡាករក្មេងៗយ៉ាងច្រើន៕

មតិយោបល់