ហេតុផល ៤យ៉ាង ដែលធ្វើឲ្យ Man Utd ចង់បាន Harry Maguire ខ្លាំងបំផុត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសជាច្រើន បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងតែចរចាចែចូវជាមួយ Leicester ដើម្បីទិញយកខ្សែបម្រើការពារអង់គ្លេស Harry Maguire។ ប៉ុន្តែពេលនេះ ភាពចម្រូងចម្រាស់បំផុត គឺក្លឹប Leicester បានកំណត់តម្លៃខ្លួនកីឡាកររូបនេះ ដល់ទៅ ៨៥លានផោន។

នេះគឺជាតម្លៃខ្លួនដ៏ថ្លៃមួយ ដែលយើងអាចនិយាយបានថា Maguire គឺមិនទាន់មានកម្រិតដល់តម្លៃនេះនៅឡើយទេ។ ប៉ុន្តែសួរថា ហេតុអ្វី បានជា Man Utd ចង់បាន Maguire ខ្លាំងម្ល៉េះ?

យើងមានការវិភាគ ៤យ៉ាង ដែលបង្ហាញពីគុណសម្បត្តិរបស់ Maguire រហូតអាចអន្ទងចិត្ត Man Utd មិនឲ្យបោះបង់ការចង់បាននេះ។ ចំនុចទាំងនោះ រួមមាន៖

១. ក្លឹបបដិបក្ខរបស់ Man Utd ក៏ចង់បានគាត់ដែរ

តាំងពីបញ្ចប់បេសកកម្មនៅបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី ពិភពលោកបានមើលឃើញថា Maguire គឺជាខ្សែការពារដ៏ល្អម្នាក់។ ត្បិតតែមិនអាចជួយអង់គ្លេស ឲ្យក្លាយជាជើងឯក ប៉ុន្តែក៏ជាចំណែកជួយឲ្យក្រុមតោកំណាចអង់គ្លេស បានជាប់ចំណាត់ថ្នាក់លេច៤ ពីព្រឹត្តិការណ៍ World Cup ក្នុងអំឡុងពេលជាច្រើនឆ្នាំ។ សម្រាប់ Leicester ក្នុងរដូវកាលនេះវិញ Maguire ក៏បានដើរតួនាទីការពារយ៉ាងសំខាន់ដែរ។ ដូច្នេះ មានក្លឹបធំៗនៅ Premier League ដែលជាគូបដិបក្ខរបស់ Man Utd ចំនួន ២ទៀត ដែលចង់បានរូបគេ ដោយក្នុងនោះរួមមាន Manchester City និង Arsenal។ វានឹងពិបាកបន្តិចសម្រាប់ Man Utd ប្រសិនបើគូបដិបក្ខរួមក្រុម Man City អាចឆក់យកបាននូវខ្សែការពារល្អម្នាក់នេះ ដើម្បីមកប្រជែងជាមួយខ្លួន។

២. ក្រុមខ្សែការពាររបស់ Man Utd បច្ចុប្បន្នមិនល្អគ្រប់គ្រាន់

អ្វីដែលយើងអាចនិយាយបានក្នុងរដូវកាល ដែលទើបកន្លងទៅនេះ ឃើញថា Victor Lindelof, Chris Smalling, Phil Jones និង Eric Bailly នៅពុំទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យតំបន់ការពាររបស់ Man Utd រឹងមាំនៅឡើយទេ។ ខ្សែការពារទាំងនេះ ក៏ដូចជាមិនអាចនាំលេងបានច្រើន រហូតធ្វើឲ្យបិសាចក្រហម ត្រូវធ្លាក់ចេញពីចំណាត់ថ្នាក់ Top ៤ ហើយមិនអាចលេងនៅក្របខណ្ឌ Champions League សម្រាប់រដូវកាលក្រោយទៀត។ ដូច្នេះហើយ ទើប Man Utd ខំស្រវេស្រវ៉ា ទិញបានខ្សែការពារវ័យក្មេងម្នាក់ ពីក្រុម Crystal Palace គឺ Aaron Wan-Bissaka។ ប៉ុន្តែកីឡាករវ័យក្មេងនេះ ក៏ត្រូវការខ្សែការពារម្នាក់ផ្សេងទៀត ដើម្បីជួយគេដែរ ហើយជម្រើសល្អបំផុត មានតែ Maguire ដែលដឹង និងស្គាល់ Premier League ច្បាស់ទៅហើយ។

៣. តំណែងប្រធានក្រុម

Ashley Young ដែលជាខ្សែការពារ នៅរដូវកាលនេះ ត្រូវបាត់បង់តំណែងជាប្រធានក្រុម ដោយសារគ្រូបង្វឹក បានផ្តល់អាទិភាពដល់ Paul Pogba។ ប៉ុន្តែអ្នកគាំទ្រ ហាក់មិនបានពេញចិត្តនឹងអាកប្បកិរិយា របស់កីឡាករតម្លៃខ្លួនថ្លៃនេះឡើយ។ នៅពេលដែល Young ត្រូវចេញពី Man Utd ទៀត នោះក្លឹបត្រូវតែជ្រើសរើសយកខ្សែការពារណាម្នាក់ មកដើរតួជាប្រធានក្រុម ដើម្បីអាចមើលក្រុមទាំងមូល។ ដូច្នេះ Maguire ដែលមានអត្តចរិតល្អ បូករួមនឹងការលេងបានល្អផង ប្រាកដជាអាចក្លាយជាបេក្ខភាពសម្រាប់តំណែងនេះ។

៤. ការគាំទ្ររបស់អ្នកគាំទ្រ

មិនមែនអ្នកគាំទ្រ Man Utd ទាំងអស់ សុទ្ធតែពេញចិត្តទម្រង់លេងរបស់ Maguire ទេ ប៉ុន្តែបើតាមការសង្កេតជាក់ស្តែង គឺអ្នកគាំទ្រក្លឹបបិសាចក្រហមភាគច្រើន គាំទ្រឲ្យក្លឹបទិញ Maguire។ ភាគច្រើន គេចង់បាន Maguire ប៉ុន្តែក៏មិនចង់ឲ្យក្លឹបចំណាយច្រើនលើកីឡាកររូបនេះឡើយ។ គេនៅចាំបានថា កាលជំនាន់លោក Jose Mourinho ដឹកនាំ Man Utd គាត់ក៏ធ្លាប់បង្ហើបពីបំណងចង់បានកីឡាករវ័យ ២៦ឆ្នាំនេះដែរ។ ដូច្នេះ Maguire ពិតជាកីឡាករម្នាក់ ដែលទាក់ចិត្តមនុស្សបានច្រើនមែន។ ម្យ៉ាងវិញទៀត គាត់ក៏ទើបតែមានអាយុ ២៦ឆ្នាំ និង​ជាពិសេស គឺគាត់មានសញ្ជាតិ​អង់គ្លេសដែរ​ ដែលជាចំនុចដ៏សំខាន់ ដើម្បីទាក់ទាញ​ទំនុក​ចិត្ត និងការ​គាំទ្រ​ពីប្រិយមិត្ត​នៅអង់គ្លេសផ្ទាល់ ក៏ដូចជានៅជុំវិញ​ពិភពលោក​។

UCL: អ្នកគាំទ្រ​របស់ Man Utd ត្រូវមួយដៃកណ្តាលមុខ​ពេលកំពុង​អបអរ​ក្រុមខ្លួន

យ៉ាងណាក៏ដោយ មកដល់ពេលនេះ Man Utd និង Leicester នៅតែកំពុងពិភាក្សាគ្នា រឿងតម្លៃ ព្រោះថាសាមីខ្លួនកីឡាករ បានបញ្ជាក់ទៅក្លឹបថា គេក៏ចង់ចាកចេញពី Leicester ដើម្បីបានលេងនៅក្របខណ្ឌអឺរុបដែរ។ វាអាចពិបាកណាស់ថា Maguire នឹងពិតជាមក Man Utd ព្រោះនៅពេលដែលគេបាននិយាយថា ចង់លេងនៅក្របខណ្ឌអឺរុបបែបនេះ យើងត្រូវគិតដល់ Man City ដែលចង់បាន Maguire ដែរ ពីព្រោះថា Man City មានប្រៀបជាង Man Utd ដោយសារគេមានឈ្មោះលេងនៅក្របខណ្ឌ Champions League ខណៈ Man Utd បានត្រឹមតែក្របខណ្ឌ Europa League តែប៉ុណ្ណោះ៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់