Man Utd ចោល FA Cup ដោយ​អចេតនា ប៉ុន្តែ​ប្តេជ្ញា​សម្រច​គោល​ដៅ ២ វិញ​

Manchester United ត្រូវបានធ្លាក់ចេញពីវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ធំលំដាប់ទី២ របស់អង់គ្លេស FA Cup កាលពីយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុមមកពី Premier League ដូចគ្នា គឺ Wolverhampton Wanderers (Wolves)។ ក្នុងទឹកដី Molineux របស់ក្រុម Wolves ក្រុមបិសាចក្រហម បានប្រកួតចាញ់ ដោយលទ្ធផល ១ទល់នឹង២។

ការប្រកួតនេះ អាជ្ញាកណ្តាលត្រូវចាយកាតលឿង ដល់ទៅ ៨ ដោយ ៣បានទៅក្រុមម្ចាស់ផ្ទះ និង ៤បានទៅលើក្រុមភ្ញៀវ។ ក្រុមទាំង ២ បានវាយបកគ្នាខ្លាំង នៅតង់ទី ២ រហូតធ្វើឲ្យ Wolves មានឱកាសរកគ្រាប់បាល់ ២គ្រាប់ ត្រឹមតែ ៦នាទី (នាទីទី ៧០ និងនាទីទី ៧៦)។ ចំណែក Man Utd វិញ រកបាន ១គ្រាប់ចុងម៉ោង ដោយ Marcus Rashford ប៉ុន្តែត្រូវបាត់បង់ឱកាសឡើងទៅវគ្គបន្ត។

នៅពេលបញ្ចប់ការប្រកួតក្រុម Wolves ដែលទើបតែឡើងមកក្របខណ្ឌ Premier League នៅរដូវកាលនេះ សប្បាយចិត្តជាខ្លាំង ខណៈគ្រុបង្វឹករបស់ Man Utd គឺលោក Ole Gunnar Solskjaer បានចេញមុខផ្ញើសារភ្លាមៗទៅកាន់អ្នកគាំទ្រ។

សាររបស់លោក Ole Gunnar Solskjaer គឺ៖ «យើងមានកម្លាំងច្រើន ក្នុងការលេងនៅក្នុងលីគ (Premier League) និង Champions League»។ សម្តីរបស់លោក Solskjaer នេះ ពិតជាមានន័យសំខាន់ ហើយក៏បញ្ជាក់ថា Man Utd នឹងបញ្ចប់រដូវកាល Premier League ២០១៨/២០១៩ ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង ៤ (top 4) ហើយ Man Utd ក៏នឹងមិនព្រមចុះចាញ់ Barcelona ត្រឹមវគ្គ ៨ក្រុម UEFA Champions League នោះដែរ។

ជាការពិត នៅពេលដែលគ្មានជាប់កាតព្វកិច្ចប្រកួតច្រើន នោះក្រុមនីមួយៗ នឹងពោរពេញដោយកម្លាំង សម្រាប់ការប្រកួតផ្សេងៗ។ ប៉ុន្តែ Man Utd ក៏ទំនងពិបាកទប់ទល់នឹងតារាងកាលវិភាគប្រកួតដែរ ទោះបីជាគ្មាន FA Cup។ បើគ្មានការប្រែប្រួល នៅខែមេសាខាងមុខ ក្រុមបិសាចក្រហម នឹងត្រូវធ្វើការធ្ងន់ ហើយជាមួយក្រុមគីឡូធ្ងន់ ស្ទើរតែ ៦ថ្ងៃម្តង។

នៅថ្ងៃទី ១០ខែមេសា ( Champions League)៖ ប្រកួតជាមួយ Barcelona
នៅថ្ងៃទី ១៣ខែមេសា (Premier League)៖ ប្រកួតជាមួយ West Ham
នៅថ្ងៃទី ១៦ខែមេសា (Champions League)៖ ប្រកួតជាមួយ Barcelona
នៅថ្ងៃទី ២១ខែមេសា (Premier League)៖ ប្រកួតជាមួយ Everton
នៅថ្ងៃទី ២៤ខែមេសា (Premier League)៖ ប្រកួតជាមួយ Man City
នៅថ្ងៃទី ២៨ខែមេសា (Premier League)៖ ប្រកួតជាមួយ Chelsea

សូមបញ្ជាក់ថា ក្នុងការប្រកួត FA Cup ៣គូ វគ្គ ១/៤ កាលពីយប់មិញ លទ្ធផលផ្សេងទៀតគឺ៖

Watford ២-១ Crystal Palace
Swansea ២-៣ Manchester City
Wolves ២-១ Manchester United

ដូច្នេះ Watford, Man City និង Wolves ត្រូវឡើង​ទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រជាបន្ត!

Gray’s late winner sends Watford to FA Cup semis as they beat Crystal Palace 2-1

នៅយប់នេះ នឹងមានការប្រកួត ១គូចុងក្រោយ គឺ Millwall vs Brighton & Ahove Albion
អ្វីដែលគួរឲ្យកត់សម្គាល់ គឺ Manchester City បន្តប្រជែងពានរង្វាន់ ១ទៀតហើយ បន្ទាប់ពីទើបតែបានក្លាយជាជើងឯកពានរង្វាន់ League Cup (Carabao Cup) កាលពីខែកុម្ភៈកន្លងទៅ៕

 

 

ដោយ៖ កូនមាន់មាស

មតិយោបល់