៧០% Christian Eriksen នឹងចាកចេញពី Spurs ខណៈលោក Pochettino រៀប​ផែន​ការ​ថ្មី​ហើយ​!

សារព័ត៌មានអង់គ្លេសធំៗ បានចុះផ្សាយជាថ្មីនៅសប្តាហ៍នេះ ដោយហ៊ានអះអាងច្បាស់ថា ខ្សែបម្រើ Tottenham កីឡាករដាណឺម៉ាក Christian Eriksen នឹងចាកចេញពីមាន់ខ្នាយមាស នៅពេលចប់រដូវកាលនេះ។ ហើយក្លឹបដែល Eriksen អាចនឹងធ្វើដំណើរទៅផ្ញើអាជីពជាបន្ត គឺទំនងជា Real Madrid ព្រោះថាទាំងប្រធានក្លឹប និងគ្រូបង្វឹកលោក Zinedine Zidane សុទ្ធតែចាប់អារម្មណ៍លើខ្សែបម្រើម្នាក់នេះ យូរក្រែលដែរហើយ។

Eriksen បានបដិសេធមិនបន្តកុងត្រាថ្មីនោះទេ ស្របពេលដែលកុងត្រារបស់គាត់ នៅសល់តែ ១២ខែទៀត ហើយនឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ Tottenham ក៏មានគម្រោងការរួចហើយ នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ។ Spurs ចុះកុងត្រាចង់ទិញកីឡាករ ៥នាក់ មកបំពេញបន្ថែមចន្លោះដែលក្រុមកំពុងខ្វះខាត។ Spurs ចង់បានខ្សែបម្រើប្រយុទ្ធកណ្តាល ខ្សែបម្រើកណ្តាល និងឆ្វេង ដើម្បីមកពង្រឹងក្រុមបន្ថែមទៀត។

ការពិតទៅ Spurs ខ្លួនឯង ក៏ពុំអាចហាមឃាត់ ការចាកចេញរបស់កីឡាករម្នាក់ទៀត គឺខ្សែការពារ Toby Alderweireld ដែរ ព្រោះថាកីឡាករបែលហ្ស៊ិករូបនេះ ក៏ដូចជាអន់ចិត្តទៅនឹងប្រាក់ខែដែលគាត់ទទួលបានពី Spurs ខណៈខ្សែការពារផ្សេងទៀត ដែលមានសមត្ថភាពប្រហាក់ប្រហែលគាត់ ពួកគេទទួលបានតម្លៃខ្លួនខ្ពស់ ក្នុងក្លឹបដទៃ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករផ្សេងទៀត ដូចជា Danny Rose, Victor Wanyama និង Vincent Janssen ក៏ទំនងជាចាកចេញ តាមរយៈការសម្រេចចិត្តលក់របស់ក្លឹបផងដែរ។

យ៉ាងណាក៏ដោយ កីឡាករ ៥នាក់ ដែល Spurs ចង់ចុះកុងត្រាទិញមកនោះ ដូចជាមិនមែនជាកីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនោះទេ។ តាមប្រភពដែលស្និទ្ធិស្នាលនឹងក្រុមគ្រូបង្វឹករបស់ក្លឹប បានបង្ហើបថា Spurs កំពុងបន្តសម្លឹងមើល កីឡាករខ្សែបម្រើ Jack Grealish របស់ Aston Villa, Jarrod Bowen របស់ក្លឹប Hull, កីឡាករ Carlos Soler របស់ក្លឹប Valencia, Wilfried Zaha របស់ Crystal Palace និង Aleksanda Mitrovic របស់ Fulham។

គេនៅមិនទាន់ដឹងទេថា តើម្ចាស់ក្លឹប នឹងផ្តល់កញ្ចប់ថវិកាប៉ុន្មានសម្រាប់លោក Mauricio Pochettino ក្នុងការទិញដូរកីឡាករនោះទេ? ពីមុនម្ចាស់ក្លឹប បានរឹតត្បិតលុយកាក់ ព្រោះតែសន្សំដើម្បីជួសជុលកីឡដ្ឋាន White Hart-Lane ប៉ុន្តែពេលនេះកីឡដ្ឋាន បានសម្រេចរួចរាល់ អាចដំណើរការបាន ស្របពេលដែលលោក Pochettino ក៏នឹងបន្តរួមរស់ជាមួយ Spurs រហូតដល់បានពានរង្វាន់អ្វីមួយសម្រាប់ក្លឹបដែរ។ ប្រសិនបើ Spurs ពិតជាចង់បាន Zaha និង Mitrovic គេប្រហែលជាត្រូវចាយលុយធំហើយ ព្រោះថាខ្សែប្រយុទ្ធទាំង ២នេះ ក៏ជាចំណីដែលក្លឹបធំផ្សេងទៀត ចង់បានផងដែរ៕

 

Can Spurs rebound against hit-and-miss Arsenal?

មតិយោបល់