៥​ចំនុច ដែល​គួរ​ស្វែង​យល់​ពី Premier League សប្តាហ៍​ទី ៣០​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានរំកិលឆ្លងផុតសប្តាហ៍ទី ៣០ទៅហើយ កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ។ ក្រុមនីមួយៗ បានផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លួន ទៅតាមលទ្ធផលនៃការប្រកួតចាញ់ ឬ ឈ្នះ ឬ ស្មើ។

ជាកត់សម្គាល់ Premier League នៅចុងសប្តាហ៍នេះ មានស្មើតែ ១គូប៉ុណ្ណោះ គឺ Chelsea ១-១ Wolverhampton Wanderer។ យើងរម្លឹកពីលទ្ធផលបន្តិចមុននិយាយពីចំនុចសំខាន់ៗនៃការប្រកួត Premier League សប្តាហ៍ទី ៣០៖

ឥឡូវយើងចាប់ផ្តើមនិយាយពីចំនុចសំខាន់ៗ ដែលយើងអាចស្វែងយល់បានពីការប្រកួតទាំងនេះ៖

១. ពិបាកទស្សន៍ទាយ រវាង Liverpool និង Man City ថាមួយណានឹងក្លាយជាជើងឯក

ពេលនេះ Liverpool ចាញ់ Man City ១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ២។ ក្រុមទាំង ២សុទ្ធតែបានឈ្នះរាងខ្លួន ហើយបង្កើតបរិយាកាសគួរឲ្យចាប់អារម្មណ៍ទាំង ២ តាមរយៈការរកគ្រាប់បាល់របស់កីឡាករ។ Reheem Sterling របស់ Man City រកបាន ៣គ្រាប់ (hat-trick) ត្រឹមតែរយៈពេល ១៣នាទីពីនាទីទី ៤៦ ដល់នាទីទី ៥៩។ ដូច្នេះហើយ Sterling បានក្លាយជាប្រធានបទក្តៅនៃជ័យជម្នះរបស់ក្រុមមេឃា នៅសប្តាហ៍នេះ។ ចំណែក Liverpool វិញ Roberto Firmino និង Sadio Mane ចែកគ្នារកបានម្នាក់ ២គ្រាប់។ តាមរយៈលទ្ធផល និងសកម្មភាពទាំងនេះហើយ ទើបមកដល់ពេលនេះ មិនទាន់អាចអ្នកណាម្នាក់ ហ៊ានកាត់សេចក្តីថា តើ Liverpool ឬ Man City នឹងក្លាយជាជើងឯក Premier League រដូវកាល ២០១៨/២០១៩នេះទេ!

២. សង្គ្រាមដណ្តើម Top ៤ កំពុងតែពុះកញ្ច្រោលកាន់តែខ្លាំង

ចាប់ពីក្រុមដែលមានចំណាត់ថ្នាក់លេខ ៣ ដល់លេខ ៦ សុទ្ធតែមានពិន្ទុប្រកៀកប្រកិតគ្នា ដែលធ្វើឲ្យគេពិបាកនិយាយណាស់ថា តើ ២ក្រុមណា នឹងបន្តនៅលេខរៀងទី៣ និងទី ៤ រហូតដល់ចប់រដូវកាល? Tottenham ត្បិតតែបានគ្រងចំណាត់ថ្នាក់លេខ ៣ ជាច្រើនសប្តាហ៍ ប៉ុន្តែក្រុមនេះ ហាក់ចង់ដើរចេញពីកៅអីនេះ នៅពេលដែល ៤ប្រកួតចុងក្រោយ នៅ PL ចាញ់ ៣ដង និងស្មើតែ១ដង។ ប្រសិនបើ Tottenham នៅតែបន្តចាញ់​ នោះគេប្រហែលមិនមែនធ្លាក់ទៅលេខ៤ទេ គឺទំនងជាខ្ទាតទៅដល់លេខ ៦តែម្តង ព្រោះពេលនេះ Arsenal ខ្វះតែ ១ពិន្ទុ និងគ្រាប់បាល់ ១គ្រាប់ប៉ុណ្ណោះ ដើម្បីតាមស្មើ Spurs ខណៈ Man Utd ខ្វះ ៣ពិន្ទុ និង Chelsea ខ្វះ ៥ពិន្ទុ។ ហើយអ្វីដែលរឹតតែធ្វើឲ្យគេពិបាកសង្ឃឹម គឺនៅសប្តាហ៍ទី ៣១ Spurs នឹងត្រូវប្រកួតជាមួយក្រុម Liverpool ដែលស្រេកឃ្លាន ៣ពិន្ទុបំផុត!

៣. Harry Kane ធ្វើឲ្យអ្នកគាំទ្រអន់ចិត្ត

នៅពេលដែលកីឡាករសំខាន់ Harry Kane ត្រលប់ពីរបួសវិញ គឺជាពេលដែល Spurs បន្តចាញ់រហូត! Kane រកបាន ៣គ្រាប់ ពីការប្រកួតចំនួន ៤ដងនេះ ប៉ុន្តែមិនអាចស្វែងរក ៣ពិន្ទុឲ្យក្រុមបាន។ អ្នកគាំទ្រ អន់ចិត្តនៅពេលដែលឃើញ Kane ចង់រកគ្រាប់បាល់ជ្រុលហួសហេតុ រហូតធ្វើឲ្យខូចគ្រាប់បាល់សំខាន់! អ្នកគាំទ្រមួយចំនួន លើកឡើងថា Kane អាត្មានិយម ចង់ស៊ុតតែខ្លួនឯង ទោះបីជាសាច់បាល់ខ្លាំង ត្រូវបញ្ជូនដល់មិត្តរួមក្រុមក៏ដោយ។ ជាមួយគ្នានេះដែរ តាំងពីវត្តមានរបស់ Kane វិលពីរបួសវិញ កីឡាករដែលតែងរកគ្រាប់បាល់បានស្ទើរគ្រប់ប្រកួតពេលអវត្តមាន Kane គឺ Heung-min Son គឺស្ទើរតែគ្មានបាល់លេង ហើយពេលខ្លះគាត់ត្រូវបានគ្រូបង្វឹក ប្រើប្រាស់ជាកីឡាករបម្រុងដាក់ជំនួសទៅវិញ។ អ្នកគាំទ្រមួយចំនួន ចង់ឲ្យ Son ចាប់ដៃគូជាមួយ Eriksen និង Lucas Mora ឡើងវិញ!

៤. ទីបំផុតទៅ Arsenal ជាអ្នកបំបាក់អំនួតរបស់អ្នកគាំទ្រ Man Utd

១២ប្រកួតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer នៅ Premier League គឺពុំដែលចាញ់នោះទេ! ប៉ុន្តែពេលនេះ Arsenal បានសម្រេចបំបាក់កំណត់ត្រានេះ ក្នុងទឹកដី Emirate ដោយលទ្ធផល ២ទល់នឹង០។ អ្នកគាំទ្រ Man Utd ខ្លះពិតជាបានអួតអាងខ្លាំងនៅពេល Man Utd វាយបក PSG ក្នុងក្របខណ្ឌ Champions League កាលពីសប្តាហ៍មុន ហើយ Arsenal បានប្រកួតចាញ់ក្រុមបារាំង Rennes នៅក្របខណ្ឌ Europa League។ ប៉ុន្តែគេមិនត្រូវភ្លេចទេថា ក្នុងបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ!

Arsenal 2-0 Manchester United Data Review

៥. មានម្ចាស់ផ្ទះ ៣ក្រុម បង្កើតអភូតហេតុវាយបកយកឈ្នះនៅតង់ទី២ និងចុងម៉ោង

ជំនួបរវាង Newcastle និង Everton ធ្វើឲ្យគ្រប់គ្នាគិតថា Everton នឹងឈ្នះ ព្រោះគេនាំមុខ ២គ្រាប់នៅតង់ទី ១។ ប៉ុន្តែនេះពុំមែនជាការគិតត្រូវឡើង ព្រោះថាសារិកាព្រៃ Newcastle បានប្រមូលថាមពលមកពីថាមិនដឹង វាយបកដល់ទៅ ៣គ្រាប់នៅតង់ទី ៣ ឆក់យក ៣ពិន្ទុ ក្នុងផ្ទះ ធ្វើឲ្យ Everton ហួសចិត្តថ្លែងមិនចេញ។

មិនខុសគ្នាដែរ ក្រុមភ្ញៀវ Tottenham ក៏បាននាំមុខម្ចាស់ផ្ទះ Southampton ១គ្រាប់ តាំងពីតង់ទី ១ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះ បកដាក់ ២គ្រាប់វិញ នៅតង់ទី ២ បង្កកី្តអាម៉ាស់ដល់ក្រុមចំណាត់ថ្នាក់លេខ៣។

ចំណែក Chelsea វិញ លេងទប់សន្ទុះរបស់ Wolverhampton រហូតដល់ ៩០នាទី ទើប Eden Hazard មានឱកាសស្រង់ទាញបាន ១ពិន្ទុមកវិញ នៅនាទី ៩០។

ទាំងនេះ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែរសម្រាប់ក្រុមម្ចាស់ផ្ទះទាំង ៣ ដែលមិនអស់សង្ឃឹម ហើយបន្តពុះពារដល់ដង្ហើមចុងក្រោយ!

Emery happy with ‘soft’ penalty

សូមបញ្ជាក់ថា ទាំងនេះគ្រាន់តែជាការកត់សម្គាល់របស់ Fox Sports ជាខេមរភាសាតែប៉ុណ្ណោះ!

 

ដោយ៖ កូនមាន់មាស

មតិយោបល់