JORGINHO ថា​ខ្លួន​មិន​មែន​ជា​សំណព្វ​ចិត្ត​របស់​លោក SARRI នៅ CHELSEA នោះ​ទេ

Chelsea midfielder Jorginho

Jorginho បាន​អះ​អាង​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ខ្លួន​មិន​មែន​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Maurizio Sarri នៅ​ក្លឹប​ Chelsea នោះ​ទេ ហើយ​គេ​ចង់​​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​​អ្នក​គាំ​ទ្រ​មួយ​ចំនួន​ចំពោះ​រូប​គេ​។

កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប Chelsea គឺ​កីឡាករ Jorginho បាន​ទទូច​ថា​រូប​គេ​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ជាពិសេស​ពី​អ្នក​ចាត់ការ​ក្លឹប​គឺ​លោក Maurizio Sarri នោះ​ទេ។

ក្នុង​ចំណោម​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ទាំង​អស់​របស់​ក្លឹប Chelsea ក្នុង​រដូវកាល​នេះ​ កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​បាន​ខក​ខាន​តែ​ ២ប្រកួត​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ពេល​ដែល​គេ​បាន​ប្ដូរ​មក​ពី​ក្លឹប Napoli ដោយ​លោក Sarri បាន​រៀបចំ​ទម្រង់​លេង​​ជា​ប្រព័ន្ធ​​ដោយ​យក​ Jorginho ជា​កីឡាករ​​នាំ​លេង​ក្នុង​តួ​នាទី​ខ្សែ​បម្រើ​កណ្ដាល។

ការ​សម្រេច​ចិត្ត​របស់​លោក​ Sarri ដែល​នៅ​តែ​បន្កកំណត់​យក​​ Jorginho ជា​ចំណុច​កណ្ដាល​នៃ​តំបន់​ខ្សែ​បម្រើ​ជំនួស​កីឡាករ N’Golo Kante បាន​បង្ក​ឲ្យកើត​​មាន​ក្ដី​បារម្ភ​ពី​សំណាក់​អ្នក​គាំ​ទ្រ​​ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​មិន​នឹងនរ​របស់​ក្រុម​តោខៀវ។

Jorginho ថែម​ទាំង​ទទួល​បាន​ការ​ចំអក​ពី​អ្នក​គាំ​ទ្រ​ក្នុ​ងជ័យជម្នះ​ការ​ប្រកួត​ពាន​រង្វាន់​យូរ៉ូ​ប៉ា​លីគ​លើ​ក្លឹប Malmo ថែម​ទៀត​ផង​ ទោះ​ជា​គេ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​ក្រោយ​ពេល​រក​បាន​គ្រាប់​បាល់​ទី២ ជួយ​ឲ្យ​ Chelsea ឈ្នះ​ក្លឹប Fulham ក្នុង​លទ្ធផល ២ទល់​នឹង​១ កាល​ពី​សប្ដាហ៍​មុន​ក៏​ដោយ។

កីឡាករ​ដែល​មាន​វ័យ ២៧ឆ្នាំ​រូប​នេះ​នៅ​តែ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​​រូប​គេ​មិន​មែន​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Sarri នោះ​ទេ ហើយ​គេ​បាន​តាំង​ចិត្ត​ថា​នឹង​យក​ឈ្នះ​ចិត្ត​អ្នក​គាំ​ទ្រ​ដែល​មិន​ទាន់​ជឿ​ជាក់​លើ​សមត្ថភាព​របស់គេ​ឲ្យ​បាន។

គេ​បាន​និយាយ​ប្រាប់​សារព័ត៌មាន The Sun ថា៖ “ខ្ញុំ​គ្មាន​អ្វី​ពិសេស​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ជា​កីឡាករ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​មនុស្ស​ពិសេស​អ្វី​ឡើយ ព្រោះ​វា​មិន​ល្អ​ទេ។ ស្ថានភាព​ដែល​ល្អ​បំផុត​គឺធ្វើ​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដូចឯង​ទៅ​បាន​ហើយ ខ្ញុំ​មិនចង់​ធ្វើ​ជា​មនុស្ស​ពិសេស​អ្វី​នោះទេ”។

“ទោះ​ជា​ពួក​គេ​គិត​ថា​ខ្ញុំ​គឺ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក​ Sarri ក៏​ដោយ ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​គេ​គ្រប់គ្នា​បាន​​ឃើញ​ថា​មូល​ហេតុ​អ្វី​បាន​ជា​លោក​ Sarri ចូល​ចិត្ត​ខ្ញុំ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់​បង្ហាញ​​ឲ្យ​ពួក​គេ​បាន​​ឃើញ​ថា​ខ្ញុំ​គឺ​ជា​កីឡាករ​​ដ៏​ល្អ​ម្នាក់ ហើយ​ពួក​គេ​ធ្វើ​ខុស​ហើយ​ដែល​គេ​បាន​បញ្ចេញ​អាកប្បកិរិយា​បែប​នេះ​​ចំពោះ​ខ្ញុំ​”។

 

“ខ្ញុំ​មាន​ទំនាក់​ទំនង​ធម្មតា​ជាមួយ​គាត់ គឺ​ទំនាក់ទំនង​រវាង​បុគ្គល​អាជីព​ ២រូប។ ខ្ញុំ​មិន​ដែល​ចេញ​ទៅ​ក្រៅ​ដើម្បី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ទៅ​លេង​ផ្ទះ​គាត់​ដែរ”។

“យើង​បំពេញ​ការងារ​ជា​បុគ្គល​អាជីព​ ហើយ​គាត់​និយាយ​ និង​ពន្យល់​ខ្ញុំ​អំពី​អ្វី​ដែល​គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ។ ខ្ញុំ​ព្យាយាម​ស្វែង​យល់​ពី​អ្វី​ដែលគាត់ចង់​បាន ហើយ​ព្យាយាម​ទៅ​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ក្រុម​មួយ​នេះ”។

“ខ្ញុំ​មិន​បាន​ចាត់ទុក​ខ្លួន​ឯង​ថា​ជា​សិស្ស​សំណព្វ​របស់គាត់នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​គិត​ថា​ខ្លួន​​ឯង​គឺ​ជា​កីឡាករ​ម្នាក់​ដែល​អាច​ជួយ​គាត់​ធ្វើ​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​គាត់​ចង់​បាន​ប៉ុណ្ណោះ”។

“ខ្ញុំ​គ្រាន់​តែ​ជា​កីឡាករ​ធម្មតា​ម្នាក់​ដូច​គេ​ដូច​ឯង​ប៉ុណ្ណោះ។ គាត់​ប្រាប់​ខ្ញុំ​ពី​ការ​គិត​របស់គាត់ គាត់​ក៏ធ្លាប់​ស្រែក​គំហក​ដាក់​ខ្ញុំ​ដែរ គាត់​ប្រាប់​ខ្ញុំ​ថា​​ចំពោះ​កិច្ច​ការ​មួយ​ចំនួន​គឺ​ខ្ញុំ​យល់​ខុស គឺ​បែប​ហ្នឹងឯង ខ្ញុំ​គ្រាន់​តែ​ជា​កីឡាករ​ធម្មតា​ម្នាក់ដូច​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ”។

“ខ្ញុំ​មាន​ភាព​នឹង​នរ​ស្ងប់​ស្ងាត់​ ព្រោះ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​ខ្ញុំខ្លួន​ឯង​​ប្រឹង​ប្រែង​ខ្លាំង​យ៉ាងណា​ នឿយ​ហត់​យ៉ាង​ណា​។ ខ្ញុំ​ទទួល​ស្គាល់​ការ​យល់​ឃើញ​របស់ពួកគេ (អ្នក​គាំទ្រ) ប៉ុន្តែ​ខ្ញុំ​មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​ទាំង​នោះ​ទេ។ ខ្ញុំ​គោរព​ការ​យល់​ឃើញ​របស់ពួកគេ​ ហើយ​ការ​យល់​ឃើញ​ទាំង​នោះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំង​ចិត្ត​ដើម្បី​ប្រឹង​ប្រែង​បន្ថែម​ទៀត”។

“ខ្ញុំ​ស្ដាប់ ខ្ញុំ​រក្សា​ភាព​នឹង​នរ​ស្ងៀម​ស្ងាត់ ហើយ​ប្រឹង​ប្រែង​បន្ថែម​ទៀត មិន​តែ​ប៉ុណ្ណោះ​ ខ្ញុំ​បាន​តប​ស្នង​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​របស់ពួក​គេ​នៅ​លើ​ទីលាន​ប្រកួត​ ដោយ​ការ​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​”។

“អ្នក​គាំ​ទ្រ​មាន​សិទ្ធិ​ក្នុងការ​បង្ហាញ​ការ​យល់​ឃើញ​របស់ពួកគេផ្សេងៗគ្នា។ ខ្ញុំ​គោរពសិទ្ធិ​មួយ​នេះ​ ហើយ​ការ​យល់​ឃើញ​របស់ពួក​គេ​បាន​ផ្ដល់​ជា​កម្លាំង​ឲ្យ​ខ្ញុំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់ពួក​គេ​ចំពោះ​ខ្ញុំ​”៕

 

តើ​លោក MAURIZIO SARRI គ្រប់​គ្រង​កីឡាករ EDEN HAZARD បាន​ត្រឹម​ត្រូវ​ដែរ​ឬទេ?

មតិយោបល់