ក្លឹប TOTTENHAM គ្រោង​ប្រកួត​នៅ​កីឡដ្ឋាន​ថ្មី​មុន​វគ្គ៨ក្រុម UCL​

ជាមួយ​នឹង​ព្រឹត្តិការណ៍​សាកល្បង​ ២លើក​នៅ​កីឡដ្ឋាន​ថ្មី​ White Hart Lane ពេល​នេះ​ក្លឹប Tottenham អាច​កំណត់​​ពេល​វេលា​​សម្រាប់​ប្ដូរ​ទីតាំង​ទៅ​កីឡដ្ឋាន​ថ្មី​របស់ពួក​គេ​បាន​ហើយ។

ក្លឹប Tottenham បាន​បញ្ជាក់​ពី​ផែនការ​ប្រកួតជាមួយ​ក្លឹប Brighton and Hove Albion, Crystal Palace និងស្ថាប័ន​លីគ​កំពូល​អង់គ្លេស​ដើម្បីធ្វើ​យ៉ាង​ណា​អាច​រៀបចំ​ការ​ប្រកួត​​មួយ​នៅ​កីឡដ្ឋាន​ថ្មី​មុន​ការ​ប្រកួត​ឆេម​ពានស៍​លីគ​​វគ្គ​ ៨ក្រុម​ចុងក្រោយ​ក្នុង​ទឹកដីរបស់ខ្លួន។

ក្លឹប Spurs បាន​ជាប់ទៅវគ្គ​ ៨ក្រុម​ចុងក្រោយ​ក្នុងការ​ប្រកួត​​ពាន​រង្វាន់​​ធំ​របស់​អឺរ៉ុប​ដោយ​សារ​ជ័យ​ជម្នះ​លើ​ក្រុម Borussia Dortmund ដោយ​គ្រាប់​បាន​សរុប ៤ទល់​នឹង​សូន្យ។

ក្រោយ​ពីអ្នក​ចាត់ការ​ Mauricio Pochettino បាន​បង្ហើប​ប្រាប់ថា​លោក​សង្ឃឹម​ថា​អាច​រៀបចំ​ការប្រកួត​នៅ​កីឡដ្ឋាន​ថ្មី White Hart Lane នៅ​វគ្គ​បន្ទាប់​នោះ ក្រុម​ការងារ​របស់ក្លឹប​បាន​ប្រឹង​ប្រែង​ដុត​ដៃ​ដុត​ជើង​​ដើម្បី​ឲ្យ​បំណង​មួយ​នេះ​បាន​សម្រេច​ ពោល​គឺ​ទទួល​បាន​លិខិត​បញ្ជាក់​ពី​សុវត្ថិភាព​ក្រោយ​ព្រឹត្តិការណ៍​សាក​ល្បង ២លើក។

ក្លឹប Tottenham មាន​បំណង​ប្រកួត​លីគ​កំពូល​អង់​គ្លេស​មួយ​ប្រកួត​នៅ​កីឡដ្ឋាន​ថ្មី​នេះ​មុន​ការ​ប្រកួត​ឆេម​ពានស៍​លីគ​​ ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុ​ងសប្ដាហ៍​ដែល​ចាប់​ផ្ដើម​ដោយ​ថ្ងៃទី៨ ខែ​មេសា ប្រសិន​បើ​ Spurs ទទួល​បាន​លទ្ធផល​ស្មើ​ក្នុងទឹកដី​មុន។

ហេតុនេះ​ ប្រសិន​បើ​ក្លឹប Brighton ចាញ់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup នៅ​ Millwall ចុង​សប្ដាហ៍​ក្រោយ ហើយ​អាច​ប្រកួត​បាន​នៅថ្ងៃទី៦ ឬទី៧ ខែ​មេសា ក្លឹប​នេះ​អាច​នឹង​មក​សួរ​សុខទុក្ខ​ក្លឹប Tottenham ដូច​ដែល​បាន​គ្រោងទុក។

ប្រសិនបើក្រុម​របស់​លោក Chris Hughton ទទួល​បាន​ជ័យ​ជម្នះ គូ​ប្រកួតមួយ​ទៀត​គឺ​ក្លឹប Crystal Palace ទៅ​វិញ​ទេ​ដែល​នឹង​ក្លាយ​ជា​ភ្ញៀវ​ដំបូង​​នៅទឹកដី White Hart Lane នៅ​ថ្ងៃទី៣ ខែ​មេសា។

បើ​ក្នុង​ចំណោម​ក្រុម​ទាំង២ មិន​មាន​ក្រុម​ណា​មួយ​អាច​ប្រកួត​បាន​នៅទឹកដី​ថ្មី​របស់ Spurs ក្នុង​សប្ដាហ៍​ដែល​បាន​កំណត់​ខាង​លើ​ទេ ពួក​គេ​អាច​នឹង​ប្រកួត​នៅ​ថ្ងៃទី២៣ ឬ២៤ មេសា​ជំនួស​វិញ។

 

ទន្ទឹម​នឹង​នេះ ក្លឹប Tottenham បាន​គ្រោង​ធ្វើ​តេស្ដ​សាក​ល្បង​ពីរលើក​ដើម្បី​ទទួល​បាន​លិខិត​បញ្ជាក់​សុវត្ថិភាព។ ការ​ប្រកួត​​​កីឡាករ​អាយុ​ក្រោម​ ១៨ឆ្នាំ​ជាមួយ​ក្លឹប Southampton នៅ​ថ្ងៃទី២៤ ខែ​មីនា នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ ៣០ ០០០នាក់​ចូល​រួម​ទស្សនា និង​មាន​លក់​សំបុត្រ​ ៤៥ ០០០សន្លឹកសម្រាប់ការ​ប្រកួត​មួយ​ផ្សេងទៀត​នៅ​ថ្ងៃទី៣០ ខែ​មីនា។

ក្រោយ​ពី​ឆ្លងកាត់​តេស្ដ​សាក​ល្បង​ទាំង ២លើក​នេះ​បាន​សម្រេច​ហើយ ទើប​ Spurs អាច​​ទទួល​ភ្ញៀវ​ Brighton ឬ Palace នៅ​ផ្ទះ​ថ្មី​បាន។

ក្លឹប​បាន​បដិសេធ​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​ថា​បាន​ព្រម​ព្រៀង​ជាមួយ​ម្ចាស់​ឧបត្ថម​​គឺ​ក្រុម​ហ៊ុន​ Nike ដើម្បី​ទទួល​បាន​សិទ្ធិ​ដាក់​ឈ្មោះ​កីឡដ្ឋានថ្មី​នេះ។

ក្លឹប Tottenham បាន​រៀបចំ​ការ​ប្រកួត​ក្នុងនាម​ម្ចាស់​ផ្ទះ​នៅ​កីឡដ្ឋាន Wembley ចាប់តាំង​ពី​ដើម​រដូវ​កាល​ ២០១៧-១៨​ មក​ម្ល៉េះ ដោយ​សារ​ការ​កែ​លំអ​កីឡដ្ឋាន​របស់គេ៕

 

តើ​ Tottenham អាច​ទទួល​បាន​ជោគ​ជ័យ​នៅ UCL ដែរឬទេ?

មតិយោបល់