៩​ចំនុច​ពិសេស ដែល​អ្នក​ប្រហែល​​មិន​ដឹង​ពី Jadon Sancho

នៅពេលថ្មីៗនេះ មានដំណឹងចចាមអារ៉ាមថា មានក្លឹបជាច្រើន កំពុងដណ្តើមគ្នាចង់បានខ្សែបម្រើវ័យក្មេង Jadon Sancho របស់ Borrusia Dortmund។ កីឡាករអង់គ្លេសមួយនេះ ទើបតែចំណាក​ស្រុក ទៅលេងនៅក្លឹបយក្សអាល្លឺម៉ង់ ក្នុងក្របខណ្ឌ Bundesliga កាលពីឆ្នាំ ២០១៧ប៉ុណ្ណោះ ប៉ុន្តែគេបានសាងកេរ្តិ៍ឈ្មោះយ៉ាងប្រសើរលើឆាកអន្តរជាតិ។

បច្ចុប្បន្នមានក្លឹបធំៗមួយចំនួន កំពុងពិចារណាតម្លៃផ្ទេរ ប្រហែល ១០០លានដុល្លារ ដើម្បីទទួលបាន Jadon Sancho។ ប៉ុន្តែចង់ដឹងថា ទម្រាំមានឈ្មោះទាក់ទាញយ៉ាងនេះ តើ កីឡាករដែល​កើតថ្ងៃទី ២៥ខែមីនា ឆ្នាំ ២០០០នេះ មានចំនុចពិសេសអ្វីខ្លះ? សូមតាមដានកំណត់សម្គាល់ ៩ចំនុចរបស់ Jadon Sancho៖

១. គាត់ធំឡើង ហើយលេងបាល់តាមដងផ្លូវ

Jadon Sancho scores his first Bundesliga goal

Sancho ធំដឹងក្តី នៅទីក្រុង Kennington ជាទីដែលគាត់បានពង្រឹងការលេងបាល់តាមដងផ្លូវ។ ក្នុងបទសម្ភាសន៍មួយជាមួយ BBC គាត់ធ្លាប់និយាយថា៖ «បន្ទាប់ពីចេញពីរៀន ខ្ញុំគ្រាន់តែចង់លេងបាល់។ ជុំវិញខ្ញុំ សុទ្ធតែជាមនុស្ស ដែលធ្វើរឿងអាក្រក់ ប៉ុន្តែខ្ញុំមិនចង់ទៅរវល់ជាមួយគេឡើយ»។

២. សមត្ថភាពរបស់ Sancho ត្រូវបានបង្ហាញឲ្យគេឃើញច្បាស់កំពុងលេងនៅ Watford

Sancho ចូលរួមលេងជាមួយក្រុមឱម៉ាល់ Watford តាំងពីអាយុ ៧ឆ្នាំ។ ការពិតទៅពេលនោះ ទាំង Chelsea និង Arsenal សុទ្ធតែនាំគ្នាលួចមើលសមត្ថភាពទៅថ្ងៃអនាគតរបស់ Sancho! ប៉ុន្តែ Man City បានឆក់ឱកាសយកកីឡាករវ័យក្មេងនេះបាន នៅពេលគាត់មានអាយុ ១៤ឆ្នាំ។ អតីតគ្រូបង្វឹករបស់ Sancho នៅថ្នាលរបស់ Man City លោក Mark Burton ធ្លាប់បានប្រាប់សារព័ត៌មាន The Mirror ថា៖ « Sancho មានសមត្ថភាព ការច្នៃប្រឌិត និងក្តីស្រម៉ៃ បូករួមនឹងជំនាញលេងបាល់តាមដងផ្លូវទៀត»។

៣. កីឡាករ Arsenal , Reiss Nelson គឺជាមិត្តល្អបំផុតរបស់ Sancho កាលពីកុមារភាព

Reiss Nelson ដែលបច្ចុប្បន្នកំពុងទៅលេងខ្ចីជើងក្នុងក្លឹប Hoffenheim គឺជាមិត្តរួមក្រុមរបស់ Sancho ក្នុងក្រុមកុមារអាយុក្រោម ១១ឆ្នាំ

៤. Sancho ចូលចិត្តលេង WhastsApp

Sancho ប្រាប់ថា គាត់បានបង្កើតក្រុម “Brits Abroad” ជាក្រុមដែលមានតែកីឡាករអង់គ្លេស រស់នៅក្រៅប្រទេស។ ហើយក្នុងក្រុមនេះ គឺ Sancho មាន Nelson ដែលជិតស្និទ្ធិខ្លាំងដូចបងប្អូនបង្អើតអញ្ចឹង។ គាត់ចូលចិត្តទាក់ទងមិត្តភក្តិ តាមបណ្តាញ WhatsApp។

៥. ចាកចេញពីផ្ទះតាំងពីអាយុ ១២ឆ្នាំ ទៅស្នាក់នៅ រៀនលេងបាល់ក្នុងសាលារបស់ក្លឹប Watford

ក្នុងវ័យ ១២ឆ្នាំ Sancho បានចាកចេញពីផ្ទះ ទៅស្នាក់នៅរៀនសូត្រ ក្នុងសាលា Watford’s Harefield Academy ក្នុងទីក្រុង Uxbridge។ គ្រូបង្វឹករបស់ Sancho នាពេលនោះ គឺលោក Louis Lancaster ធ្លាប់បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ពេលខ្ញុំសួរ Sancho ថាតើអ្វីជាក្តីស្រម៉ៃ? គេក៏មើលមកភ្នែកខ្ញុំ ហើយនិយាយថា គេចង់លេងក្នុងក្លឹបកំពូល ១នៅអឺរុប ហើយចង់តំណាងប្រទេសរបស់គេ ដើម្បីធ្វើឲ្យគ្រួសាររបស់គេ មានមោទនភាព»។ ហើយទីបំផុត Sancho បានសម្រេចបំណងទាំង ២នេះ នៅពេលគាត់មានអាយុត្រឹម ១៨ឆ្នាំ។

៦. គាត់បដិសេធ មិនចង់ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola

Sancho បានផ្លាស់ពី Man City ទៅកាន់ Dortmund កាលពីឆ្នាំ ២០១៧ ហើយពេលនោះ លោក Guardiola បានទទួលស្គាល់ថា គាត់មិនអាចធ្វើអ្វីបានចំពោះការសម្រេចចិត្តចាកចេញរបស់យុវជនអង់គ្លេសនេះទេ។ លោក Guardiola ប្រាប់ថា លោកមិនអាចឃាត់ចិត្ត Sancho បាននោះទេ។

៧. Sancho មានសាក់លើខ្លួនក្នុងអត្ថន័យពិសេសមួយ

ប្អូនប្រុសរបស់ Sancho បានស្លាប់ ពេលគេមានអាយុ ៥ឆ្នាំ ហើយពេលនោះ Sancho បានសរសេរកំណាព្យមួយ ដើម្បីជាការចងចាំដល់ប្អូនប្រុសពៅរបស់គេ។ Sancho បានសន្យាថា ពេលគេពេញវ័យគ្រប់គ្រាន់ គេនឹងសាក់កំណាព្យនោះ លើកំភួនដៃ ដោយមានដាក់រូបព្រាបនៅខាងលើទៀត។ ហើយទីបំផុត គេពិតជាសាក់មែន!

៨. និមិត្តរូបរបស់ Sancho គឺកីឡាករ Ronaldinho

Sancho ធ្លាប់និយាយថា Ronaldinho ជាឥទ្ធិពលក្នុងការលេងបាល់របស់គាត់។ គាត់រៀនបណ្តើរបាល់តាម Ronaldinho ហើយគាត់ចង់ក្លាយខ្លួនដូច Ronaldinho។

៩. Dortmund បានយកអាវលេខ ៧ ពី Andriy Yarmolenko ប្រគល់ឲ្យ Sancho

ការពិតទៅ កីឡាករអ៊ុយក្រែន Andriy Yarmolenko បានទៅដល់ក្លឹប Dortmund មុន Sancho ៣ថ្ងៃ ប៉ុន្តែពេលនោះ Dortmund បដិសេធមិនប្រគល់អាវលេខ ៧ឲ្យគេនោះទេ ដោយទុកលេខនេះ ឲ្យ Sancho ពាក់វិញ។ Sancho ធ្លាប់ប្រាប់ថា គាត់ពិតជាភ្ញាក់ផ្អើលនឹងការសម្រេចរបស់ក្លឹប ហើយនេះក៏ជាសញ្ញាមួយ បង្ហាញថា តើក្លឹបឲ្យតម្លៃគាត់កម្រិតណា៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់