ពិតទេដែលអ្នក​គាំទ្រ Man Utd ភាគ​ច្រើន នៅ​តែ​ស្រលាញ់ Cristiano Ronaldo?

ជាការកត់សម្គាល់ ក្លឹបបិសាចក្រហម Manchester United ជាក្លឹបបាល់ទាត់អាជីពនៅអឺរុប ដែលត្រូវបានគេបង្ហាញស្ថិតិជារៀងរាល់ឆ្នាំថា ជាក្លឹបដែលមានអ្នកគាំទ្រច្រើនជាងគេលើពិភពលោក។ ហើយព័ត៌មានទាក់ទងនឹង Man Utd ក៏ជាចំណាប់អារម្មណ៍របស់អ្នកអាន អ្នកទស្សនាភាគច្រើនផងដែរ។

ជាការកត់សម្គាល់មួយទៀតរបស់ Fox Sports ជាខេមរភាសា គឺភាគច្រើននៃអ្នកគាំទ្រក្លឹបបិសាចក្រហម ក៏ពួកគេនៅតែជាអ្នកគាំទ្រ កីឡាករ Cristiano Ronaldo ផងដែរ បើទោះបីជាកីឡាករវ័យ ៣៤ឆ្នាំនេះ បានផ្លាស់ចេញពី Old Trafford តាំងពីឆ្នាំ ២០០៩ក៏ដោយ។

លោក នី ឫទ្ធី អ្នកអត្ថាធិប្បាយកីឡាប្រចាំស្ថានីយ៍ទូរទស្សន៍ CBS (CTN, MyTV, CNC) ដែលជាអ្នកគាំទ្រក្លឹប Man Utd ដ៏ស្មោះស្ម័គ្រ តាំងពីឆ្នាំ ២០០១ បានទទួលស្គាល់ថា លោកស្រលាញ់ Cristiano Ronaldo ខ្លាំងប្រហាក់ប្រហែលនឹងស្រលាញ់ក្លឹប Man Utd ដែរ។ លោក ឫទ្ធី ដែលចេះមើលបាល់តាមរយៈលោកប៉ារបស់លោកនោះ បានពន្យល់ថា ការណ៍ដែលលោកស្រលាញ់ CR7 រហូតមកដល់ពេលនេះ ដោយសារតែកីឡាករព័រទុយហ្កាល់នេះ គឺជាផលិតផលរបស់លោក Alex Ferguson ដែលលោកឫទ្ធី ចាត់ទុកថា ជាបិតាក្នុងពិភពបាល់ទាត់។

លោក ឫទ្ធី និយាយថា៖ «ហេតុផល ៣យ៉ាងដែលខ្ញុំនៅតែស្រលាញ់ C.Ronaldo ព្រោះទី១ គាត់គឺជាផលិតផលរបស់ Sir Alex។ ទី២ ដោយសារ Ronaldo នៅតែគោរព Sir Alex ដែលធ្វើឲ្យខ្ញុំនៅតែគោរពគាត់។ ហើយទី ៣ គឺដោយសារតែសម្រាប់ Man Utd គឺយើងមានពាក្យស្លោកមួយ គឺកីឡាករ Man Utd មួយថ្ងៃ គឺមួយជីវិត»។


យ៉ាងណាក៏ដោយ លោក ឫទ្ធី ទទួលស្គាល់ថា ដំបូងឡើយ លោកក៏បាក់ទឹកចិត្ត ស្តាយខ្លាំងដែរ ពេល Ronaldo ចាកចេញពី Man Utd ទៅកាន់ Real Madrid។ ប៉ុន្តែក្រោយមក លោកបានយល់ពីបំណងរបស់កីឡាករ ហើយជូនពរឲ្យ Ronaldo ជោគជ័យរហូត តាំងពីនៅ Real Madrid រហូតដល់ Juventus។ សម្រាប់លោក ឫទ្ធី កីឡាករ C.Ronaldo ក៏ជាកីឡាករដែលពិបាកធ្វើឲ្យលោកមិនស្រលាញ់ណាស់ ព្រោះថាគាត់ជាមនុស្សដែលប្លែកជាងគេតែមួយគត់ ដែលលេងក្នុងទម្រង់មិនដូចគេ មិនព្យាយាមធ្វើដូចកីឡាករល្បីជំនាន់មុនណាទាំងអស់ ហើយថែមទាំងអាចរក្សាកេរ្តិ៍ឈ្មោះ បានរហូតដល់ទៅជាងមួយទស្សវត្សទៀតផង។

ចំណែកលោក សេង ថៃ អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI ដែលចេះមើលបាល់តាំងពីឆ្នាំ ២០០៦ បានឲ្យដឹងថា លោកស្រលាញ់ Man Utd ព្រោះក្លឹបនេះ ជាក្រុមខ្លាំង លេចធ្លោជាងគេក្នុងលីគនៅអង់គ្លេស កាលពីជំនាន់ហ្នឹង។ ហើយអំឡុងពេលស្រលាញ់ Man Utd លោកក៏ចាប់អារម្មណ៍ Cristiano Ronaldo ខ្លាំង ព្រោះតែរបៀបលេងប្លែកគេរបស់កីឡាកររូបនេះ។

មិនសូវខុសពីលោក ឫទ្ធី លោក សេង ថៃ បញ្ជាក់ថា ការណ៍ដែលលោកស្រលាញ់ Man Utd និង Cristiano Ronaldo ព្រោះថា «ពាក់ព័ន្ធ Man Utd មួយថ្ងៃ គឺគាំទ្រមួយជីវិត»។ លើសពីនេះ លោកថៃ ក៏ឲ្យដឹងដែរថា «មិនថា Ronaldo ទៅលេងក្លឹបណាទេ ខ្ញុំក៏គាំទ្រក្លឹបហ្នឹងដែរ ទោះបីខ្ញុំស្រលាញ់ Man Utd ខ្លាំងក៏ដោយ ព្រោះថា CR7 គាត់មានការគោរពចំពោះក្លឹប Man Utd»។


នៅពេលដែលសួរថា តើគាត់មានអារម្មណ៍យ៉ាងណា ពេល Man Utd ប្រកួតជាមួយ Juventus ក្នុងពេលថ្មីៗនេះ ក្នុងក្របខណ្ឌ Champions League លើទឹកដី Old Trafford? លោក ថៃ បានឆ្លើយថា៖ «ពេលហ្នឹងគឺខ្ញុំស្ទើរគ្មានអារម្មណ៍ មានន័យថា ចង់ឲ្យស្មើគ្នា និយាយទៅគឺខ្ញុំមានអារម្មណ៍នៅកណ្តាល»។

UEFA Champions League: Manchester United fans in Kenya – Just LOOK at the reaction!

ជាមួយគ្នានេះដែរ លោកឫទ្ធី និងលោកថៃ ដែលជាអ្នកគាំទ្របិសាចក្រហម បានឲ្យដឹងបន្ថែមដែរថា សម្រាប់អ្នកគាំទ្រ Man Utd ភាគច្រើន គឺទទួលបានការឌឺដងពីក្រុមអ្នកគាំទ្រគូបដិបក្ខច្រើនជាងគេ។ ប៉ុន្តែកត្តានេះ ត្រូវបានអ្នកទាំង ២ ដាក់អំនួតថា គឺដោយសារតែ Man Utd ជាក្រុមពោរពេញដោយសាមគ្គីភាព ស្មារតីតែមួយ ការតស៊ូ ការអត់ទ្រាំ និងក្តីសង្ឃឹម។ ហើយអ្នកគាំទ្រ Man Utd ក៏ចេះសហការគ្នា ហើយភាគច្រើនគឺចេះអត់ទ្រាំ ទទួលយកលទ្ធផលគ្រប់បែបយ៉ាងរបស់ក្លឹប។

 

ចុះប្រិយមិត្ត មានទស្សនៈអ្វីលើសពីពួកគាត់ដែរ ឬទេ?

 

ដោយ៖ កូនមាន់មាស

មតិយោបល់