លោក Solskjaer អះ​អាង​ថា មាន​កីឡាករ​ម្នាក់​ដែល​មាន​កម្រិត​ដូច Cristiano Ronaldo នៅ Man Utd

អ្នកចាត់ការទូទៅក្បែរអចិន្ត្រៃយ៍របស់ Manchester United លោក Ole Gunnar Solskjaer បាននិយាយថា Antony Martial បានឈានចូលដល់កម្រិតដូច Cristiano Ronaldo ហើយ។ លោក Solskjaer ហ៊ានអះអាងបែបនេះ ដោយសំអាងលើសមត្ថភាពនៃល្បឿន និងការរកគ្រាប់បាល់របស់ Martial នារយៈពេលចុងក្រោយនេះ។

វាពិតមែនហើយ តាំងពីលោក Ole Gunnar Solskjaer ចូលមកជំនួសតំណែងលោក Jose Mourinho គេសង្កេតឃើញថា កីឡាករបារាំងវ័យ ២៣ឆ្នាំ ហាក់ដូចជាមានព្រលឹងព្រលះឡើងវិញ។ ក្នុងក្របខណ្ឌ Premier League គេរកបាន ៩គ្រាប់ ខណៈដែលគ្រាប់បាល់សរុប គេរកបាន ១១គ្រាប់ នៅរដូវកាលនេះ។

គ្រាប់បាល់ចុងក្រោយរបស់ Martial កាលពីចុងសប្តាហ៍ ដែលនាំឲ្យ Man Utd យកឈ្នះលើ Fulham ៣ទល់នឹង០ បានធ្វើឲ្យអតីតប្រធានក្រុមបិសាចក្រហម លោក Gary Neville លាន់មាត់ប្រៀបធៀបគេ និង Ronaldo កាលពីកាលពី ១២ឆ្នាំមុន នៅកីឡដ្ឋាន Old Trafford។ ហើយការលើកឡើងនេះ ក៏ត្រូវបានលោក Solskjaer យល់ស្រប ថា Martial មានសមត្ថភាពដូចម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យមែន។ លោក Solskjaer និយាយថា៖ «វាគឺដូចជាកាលពីពេលជិតចប់ការប្រកួត ដែលយើងលេងអន់ ហើយ Crisitiano រកបានគ្រាប់បាល់។ គាត់ (Martial) ក៏មានភាពស្រដៀងគ្នាដែរ។ ប្រសិនបើគាត់ចង់ឡើងកម្រិតដូច Cristiano, Antony ត្រូវតែដឹងថាគាត់ត្រូវធ្វើបែបណា។ វាគឺអាស្រ័យលើគាត់ ព្រោះគាត់មានសមត្ថភាព»។


លោក Solskjaer បានបន្ថែមថា៖ «ប្រសិនបើយើងសម្លឹងមើលគ្រាប់បាល់គាត់ ហើយនិងការចាប់ផ្តើមទម្រង់លេខរបស់គាត់ គាត់មិនមែនទំនេរក្នុងកាតព្វកិច្ចការពារនោះទេ។ គាត់ស្ថិតនៅកណ្តាលនៃពាក់កណ្តាលតារាងរបស់យើង។ ពេលយើងឈ្នះបានបាល់ ហើយគាត់បានបាល់ ២០យ៉ាត (ជិត ២០ម៉ែត្រ) គឺគាត់រត់អូសបាល់ហ្នឹង ហើយគាត់ក៏ការពារផងដែរ។ គាត់ដឹងថា គាត់ត្រូវធ្វើការងារការពារខ្លះ ប៉ុន្តែគាត់ក៏មានគុណភាពសម្រាប់ការប្រយុទ្ធដែរ។ គាត់ធ្វើឲ្យមានតម្លាភាព ភាពស៊ីសង្វាក់ … ពេលអ្នកនៅខាងក្រោម អ្នកមិនចង់ឲ្យគាត់រត់មករកទេ ព្រោះគាត់ដឹងថាត្រូវការពារបែបណា។ ខ្ញុំពិតជារីករាយ ដែលមានគាត់នៅក្នុងក្រុម។ គាត់បានបង្កើតឱកាសជាច្រើន គ្រាប់បាល់ជាច្រើន។ គាត់មានអត្តចរិតល្អគ្រប់បែបយ៉ាង»។


គួររម្លឹកដែរថា Anthony Martial ធ្លាប់បានប្រាប់ថា ចង់ចាកចេញពី Man Utd មុនពេលលោក Mourinho ត្រូវបានបណ្តេញចេញ ប៉ុន្តែក្រោយមក គាត់ក៏ស្រាប់តែយល់ព្រមចុះកិច្ចព្រមព្រៀងបន្តកុងត្រារយៈពេល ៥ឆ្នាំទៀត កាលពីចុងខែមករាកន្លងទៅ ពេល Man Utd មានអ្នកចាត់ការជាលោក Ole Gunnar Solskjaer៕

 

Missing PSG stars makes them unpredictable – Ole

មតិយោបល់