ចំនុច​វិភាគ ៥យ៉ាង​ ដែល​យើង​​គួរ​ដឹង​ពី Premier League សប្តាហ៍​ទី ២៦

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានរំកិលដល់សប្តាហ៍ទី ២៦ហើយ កាលពីចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តាមរយៈការប្រកួតដ៏ស្វិតស្វាញ ចំនួន ៩គូ យើងក៏អាចដឹងពីលទ្ធផលនៃការប្រជែងគ្នា ដែលមិនគួរឲ្យជឿ។

តាមរយៈនេះ Fox Sports ជាខេមរភាសា សុំបរិយាយពីបរិយាកាសខ្លះៗ ដែលយើងអាចស្វែងយល់ពីការប្រជែងគ្នា នៅ Premier League សប្តាហ៍ទី ២៦ និងការសន្និដ្ឋាន សម្រាប់ពេលអនាគត៖

១. បរាជ័យយ៉ាងអាម៉ាស់របស់ Chelsea ជាអស្ថិរភាព​កៅអីគ្រូបង្វឹករបស់លោក Sarri

ក្នុងទឹកដី Etihad របស់ Manchester City ក្រុមតោខៀវ Chelsea គ្មានឱកាសរកបានសូម្បី ១គ្រាប់។ រយៈពេលត្រឹមតែប្រមាណ ២៥នាទី Man City សម្រុកស៊ុត Chelsea ដល់ទៅ ៥គ្រាប់ ហើយលទ្ធផលបញ្ចប់ការប្រកួត គឺ Man City ឈ្នះក្រុមតោខៀវ ដោយលទ្ធផលដល់ទៅ ៦ទល់នឹង០។ បរាជ័យយ៉ាងសម្បើមបែបនេះ វាពិតណាស់ ជារឿងដែលមិនគួរឲជឿ​ សម្រាប់ Chelsea។ ប្រវត្តិបែបនេះ គ្មានឡើងក្នុងជំនាន់លោក Antonio Conte ហើយក៏គ្មានដែរ ក្នុងរយៈពេល ២៨ឆ្នាំចុងក្រោយ! ប៉ុន្តែវាពិតជាមែន ក្នុងជំនាន់លោក Maurizio Sarri! តាមរយៈលទ្ធផលបែបនេះ កៅអីរបស់លោក Sarri ប្រហែលជាមិនឋិតឋេរនៅ Chelsea ទេ។ គេនៅចាំបានថា ការបណ្តេញលោក Conte ជំនួសដោយលោក Sarri ក៏ព្រោះតែលោក Conte បរាជ័យមិនអាចធ្វើឲ្យ Chelsea បានលេងក្នុងក្របខណ្ឌ Champions League នៅរដូវកាលនេះ។ ដូច្នេះ គ្មានអ្វីខុសគ្នាឡើយ​ ប្រសិនបើលោក Sarri ធ្វើមិនបាននូវប្រការនេះ គាត់ប្រហែលជាត្រូវចាកចេញដូចគ្នា!

ម្ចាស់ក្លឹប ពុំបានរំពឹងថា Chelsea នឹងជាគូប្រជែងពានរង្វាន់ Premier League ទេ តែគាត់ចង់ឲ្យតោខៀវ ឡើងទៅលេងនៅ Champions League រដូវកាលក្រោយ។ ចំពោះ Chelsea រឿងគ្រូបង្វឹកជារឿងមួយ! តែមួយទៀត គឺកីឡាករតែម្តង! កីឡាករមួយចំនួន ហាក់គ្មានទំនុកចិត្តក្នុងការប្រកួត ដោយសារពួកគេបែកអារម្មណ៍គិតតែពីការចាកចេញ ដូចជា Eden Hazard អារម្មណ៍មិនមូល ព្រោះចង់ទៅ Real Madrid ជាដើម។ សប្តាហ៍នេះ Chelsea បានធ្លាក់ពីចំណាត់ថ្នាក់លេខ ៤ រហូតដល់លេខ ៦ ដោយមាន ៥០ពិន្ទុ ចាញ់គ្រាប់បាល់ Arsenal ដែលមាន ៦០ពិន្ទុដូចគ្នា។ តើ Chelsea នឹងមានឱកាសត្រលប់មក Top ៤វិញទេ?

‘He must decide’ – Sarri on Hazard’s future

២. បរាជ័យរបស់ Chelsea ប្រយោជន៍ Manchester United

Manchester United បន្ទាប់ពីប្រកួតឈ្នះ Fulham ដោយលទ្ធផល ៣ទល់នឹង០ នៅក្រៅទឹកដី។ គេក៏រំកិលខ្លួនឡើងមកលេខ ៤ មាន ៥១ពិន្ទុ តាមពីក្រោយតែ ៩ពិន្ទុប៉ុណ្ណោះពី Tottenham Hotspur ដែលស្ថិតនៅលេខ៤។ អរគុណ Chelsea ដែលមិនឈ្នះ ឬ ស្មើ ក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យ Man Utd អាចអង្គុយកៅអីលេខ ៤ឡើងវិញ! វាពិតជាការវិវត្តន៍ ដ៏អស្ចារ្យ និងវិជ្ជមានបំផុតរបស់ Man Utd ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ ១១ ប្រកួតក្រោមការដឹកនាំរបស់លោក Solskjaer គឺ Man Utd មិនដែលចាញ់ឡើយ! អ្វីដែលគេអាចសន្និដ្ឋានបាន គឺលោក Solskjaer ល្អជាងលោក Sarri ហើយលោកគ្រូសញ្ជាតិនរវេសរូបនេះ មានឱកាសក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ Man Utd។

‘Man Utd might have a say on title race’ – Solskjaer

៣. Liverpool ចាប់ផ្តើមបារម្ភកាន់តែខ្លាំងពីការប្រជែងជើងឯក

ហង្សក្រហម ប្រហែលជាបុកពោះមិនស្ទើរទេ ក្រោយលទ្ធផលយ៉ាងក្រាស់ក្រែលរបស់ Man City ទៅលើ Chelsea! ពេលនេះ ក្រុមទាំង២ មាន ៦៥ពិន្ទុដូចគ្នា ប៉ុន្តែចំនួនគ្រាប់បាល់ ធ្វើឲ្យ Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយ Man City នៅកំពូលតារាងលេខ ១។ Liverpool បរាជ័យម្តងជា ២ដង មិនដែលទទួលបានពាន Premier League ទេ ដូច្នេះបើលើកនេះអត់ទៀត អនាគតរបស់លោក Jurgen Klopp ក៏ពិបាកនិយាយដែរ។ លោក Klopp ល្អ ប៉ុន្តែម្ចាស់ក្លឹបជួលគាត់មក គឺដើម្បីរកពានសម្រាប់ហង្សក្រហម! ឥឡូវឱកាសទទួលបានពានសម្រាប់ Liverpool មានតែ Premier League និង Champions League ប៉ុណ្ណោះ។ តើលោក Klopp អាចទទួលបានពានណាមួយទេ ក្នុងរដូវកាលនេះ?

“Shout your soul on the pitch” – Klopp to Liverpool fans

៤. ក្រុមទាំង ៦ នៅកំពូលតារាង សុទ្ធតែបង្កទស្សនីយភាពទាក់ទាញខ្លាំងសម្រាប់អ្នកតាមដានជុំវិញពិភពលោក

ក្រុមទាំង ៦ បើ​គិត ៣ក្រុមខាងលើ គឺមានពិន្ទុ ប្រកៀកប្រកិតគ្នាមែនទែន! ហើយ ៣ក្រុមខាងក្រោម ក៏មានពិន្ទុប្រកៀកប្រកិតដូចគ្នា! ហ៊ាននិយាយទេ ថាពិន្ទុបែបនេះ មិនគួរឲ្យទាក់ទាញ? មិនអាចនិយាយដូច្នេះកើតទេ ព្រោះថារាល់សប្តាហ៍ប្រកួត គឺសុទ្ធតែជាសមរភូមិស៊ីសាច់ហុចឈាម ដណ្តើម ៣ពិន្ទុ សម្រាប់ក្រុមទាំង ៦នេះ! Manchester City និង Liverpool ត្រូវតែប្រជែងគ្នា យកលេខ១! ចំណែក Tottenham Hotspurs ត្រូវតែរក្សាតំណែងនៅលេខ ៣ ឬ ត្រូវតែរំកិលមកលេខ ២ (ពិតមែន គ្មានអ្នកណាហ៊ានដាក់ចំណែក Spurs ឡើងមកលេខ១ទេ)។ រីឯ Man Utd, Chelsea, Arsenal ត្រូវប្រជែងគ្នា យកលេខ ៤ Top ៤! ដូច្នេះ គ្រប់ការប្រកួត គឺសុទ្ធតែជាវិនិច្ឆ័យ មិនអាចភ្លាត់បាន! ហើយអ្វីដែលសំខាន់ នៅសប្តាហ៍បន្តបន្ទាប់ ក្រុមទាំង ៦នេះ នឹងត្រូវជួបគ្នា ដែលពេលនោះ វានឹងកាន់តែពុះកញ្ជ្រោល ដោយអ្នកតាមដានបាល់ Premier League ប្រាកដជាយល់ពីអារម្មណ៍នេះ!

៥. កីឡាករប្រជែងពានរង្វាន់​ស្បែកជើងមាស ក៏កាន់តែស្វិតស្វាញ

ថាទៅ ក្រុម​ប្រជែងជើងឯក Premier League ក៏ជា Man City និង Liverpool ហើយកីឡាករដែលប្រជែងស្បែកជើងមាស ក៏កីឡាកររបស់ក្រុម​ទាំង ២! បើគ្មានការរបួស ឬ ការពិន័យណាមួយ​កើតឡើងជាយថាហេតុទេ Aguero និង Salah ទំនងជាបន្តរកគ្រាប់បាល់ទៀត!

 

ទាំងនេះ គ្រាន់តែជាទស្សនៈផ្ទាល់របស់ Fox Sports ជាខេមរភាសាតែប៉ុណ្ណោះ! យ៉ាងណាក៏ដោយ ការប្រកួតនៅសប្តាហ៍នេះ ក៏មានទស្សនីយភាពផ្សេងទៀតផងដែរ។ ហើយសូមបញ្ជាក់ដែរថា Premier League សប្តាហ៍ទី ២៦នេះ នៅសល់ ១ប្រកួតទៀត រវាង Wolves ជាមួយ Newcastle ដែលការប្រកួតនឹងធ្វើឡើង នៅថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៣ព្រឹក គិតម៉ោងក្នុងប្រទេសកម្ពុជា៕

 

ដោយ៖​ កូនមាន់មាស

មតិយោបល់