Pep Guardiola ចង់​បាក់​ចង្កេះ​នឹង​ការ​បង្ហោះ​រូប​របស់ Benjamin Mendy

ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ ទាក់ទងនឹងជំនួបជាមួយ Chelsea អ្នកចាត់ការទូទៅក្លឹបមេឃា Manchester City គឺលោក Pep Guardiola ភ្ញាក់ផ្អើលមែនទែន នៅពេលឮសំណួរអ្នកកាសែត ដែលសួរពីសុខទុក្ខរបស់ Benjamin Mendy ខ្សែការពារបារាំង។

អ្នកកាសែតសួរបែបនេះ ព្រោះថា Benjamin Mendy បានបង្ហោះរូបភាពក្នុងបណ្តាញសង្គម Instagram (ក្នុង history) ដោយមានកំណត់ទីតាំង (tagged location) ដាក់ថាកំពុងស្ថិតនៅព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport)។


នៅពេលដែលោក Pep Guardiola ឮដំណឹងនេះ លោកស្រាប់តែភ្ញាក់ក្រញ៉ាងតែម្តង៖ «វ៉ោយ ខ្ញុំមិនបានដឹងទេ! ចង្រៃមែន (F***) គាត់ពិតជាសំណាងហើយ។ មុនហ្នឹង គាត់ប្រាប់ខ្ញុំថា គាត់ទៅប៉ារីសមួយ ហើយខ្ញុំគិតថា មិនអីទេ ប៉ុន្តែបើពេលនេះនៅហុងកុង វាឆ្ងាយខ្លាំងណាស់»។

ដោយសារតែមិនបានលេង Instagram លោក Guardiola ក៏បន្តថា៖ «ខ្ញុំត្រូវតែតម្លើង Instagram ក្នុងគណនីយរបស់ខ្ញុំ ដើម្បីពិនិត្យមើលកីឡាកររបស់ខ្ញុំហើយបានកើត ព្រោះខ្ញុំពិតជាមិនដឹងមែន។ ម្សិលមិញ គាត់ (Mendy) នៅ បាសេឡូណា។ តែវាពិតជាមិនអាចទទួលយកបានទេ បើគាតនៅហុងកុងពេលនេះនោះ»។

ប៉ុន្តែភ្លាមៗ ក្រោយពេលសម្តីរបស់លោក Guardiola បានបង្ហោះលើបណ្តាញ Twitter កីឡាករ Mendy ក៏បានចូលមកសរសេរថា ការកំណត់ទីតាំងរបស់គាត់កាលណោះ គឺគ្រាន់តែដើម្បីលេងសើចជាមួយអ្នកបើក Uber តែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Guardiola ដូចជាមិនពេញចិត្តនឹងអាកប្បកិរិយារបស់ Mendy ចំពោះការប្រើប្រាស់បណ្តាញសង្គមឡើយ។ គាត់ធ្លាប់ ទាមទារឲ្យ Mendy នៅឲ្យឆ្ងាយពីទូរស័ព្ទ ហើយផ្តោតអារម្មណ៍លើបាល់ទាត់វិញ។


លោក Guardiola ធ្លាប់និយាយថា៖ «Mendy គឺ Mendy! ពេលខ្លះ យើងចង់តែសម្លាប់គាត់ទេ ប៉ុន្តែពេលខ្លះយើងក៏គិតថា ម៉េចបានយើងមានកីឡាករអីញ្ចឹង។ គាត់ផ្តល់ថាមពលដល់យើង។ Mendy មានចំណុចជាច្រើនដែលត្រូវពង្រឹងបន្ថែម ហើយយើងសង្ឃឹមថា យើងអាចបញ្ចុះបញ្ចូលគាត់ ឲ្យបំភ្លេចអារឿងប្រើប្រាស់បណ្តាញសង្គម រួចមកពង្រឹងចំណុចទាំងនោះវិញ»។

Mendy ក៏ធ្លាប់បានឆ្លើយតបទៅវិញថា៖ «គ្រប់ពេលដែលខ្ញុំនៅជាមួយទូរស័ព្ទរបស់ខ្ញុំ គឺខ្ញុំប្រើ Instagram ឬ Twitter អីញ្ចឹងឥឡូវខ្ញុំត្រូវតែប្រយ័ត្ន។ ពេលខ្ញុំនៅកន្លែងហ្វឹកហាត់ ខ្ញុំមិនប្រើទូរស័ព្ទទេ តែខ្ញុំជំនួសវិញ ដោយការស្តាប់អ្នកចាត់ការទូទៅ»។

គួររម្លឹកជូនថា Mendy ម្ចាស់ជើងឯកបាល់ទាត់ពិភពលោកវ័យ ២៤ឆ្នាំ បានរបួសជាច្រើនប្រកួត កាលពីរដូវកាលមុន ហើយពេលគាត់ត្រលប់មកលេងនៅរដូវកាលនេះ បានតែប៉ុន្មានប្រកួត គាត់ក៏រងរបួសជាថ្មី។ យ៉ាងណាក៏ដោយ លោក Guardiola សង្ឃឹមយ៉ាងមុតមាំថា Mendy នឹងចូលលេងនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup៕

 

Can Man City keep their title challenge on track against enigmatic Chelsea?

មតិយោបល់