លោក SOLSKJAER ប្រាប់​មូល​ហេតុ​ដែល​គាត់​ទទួល​​បាន​តួនាទី​នៅ​ MAN UNITED

Manchester United caretaker manager Ole Gunnar Solskjaer

លោក Solskjaer បាន​បង្កើត​ភាព​រីក​រាយ​នៅ​ក្នុង​ទឹក​ដី​ Old Trafford និង​បាន​ផ្លាស់​ប្ដូរ​ការ​គិត​របស់​សាធារណ​ជន​ចំពោះ​​ក្លឹប​ Manchester United ហើយ​​តាម​ការពិត​ ទាំង​អស់​នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​​គាត់​​ទទួល​បាន​តួ​នាទី​ជា​​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន។

នៅ​ក្នុង​បទ​សម្ភាសន៍​​មួយ​ជាមួយ​សារព័ត៌​មាន​ Sky Sports លោក Solskjaer បាន​បង្ហើប​ប្រាប់​ពី​មូល​ហេតុ​ដែល​​នាំ​ឲ្យ​គាត់​ទទួល​បាន​តួនាទី​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប Manchester United ហើយ​សាធារណ​ជន​អាច​មើល​ឃើញ​ថា​គាត់​បាន​បំពេញ​ទៅ​តាម​ការ​ទាមទារ​ហើយ។

“តួនាទី​របស់​ខ្ញុំ​គឺ រហូត​ដល់​រដូវ​ក្ដៅ​ ខ្ញុំ​ត្រូវ​ដឹក​នាំ​ក្រុម​ឲ្យ​លេង​តាម​ប្រព័ន្ធ​មួយ​ជាក់​លាក់​ ស្វែង​រក​ស្មារតី​របស់​ក្រុម​ពី​មុន​មក​វិញ និង​សម្រេច​ឲ្យ​បាន​លទ្ធផល។ ពិត​ហើយ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​ការងារ​នេះ​ណាស់​ ហើយ​ខ្ញុំ​នឹង​ទទួល​យក​អ្វី​គ្រប់​យ៉ាង​ដែល​នឹង​កើត​ឡើង​”។

“ការ​ងារ​នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ញញឹម​នោះទេ ប៉ុន្តែ​ស្នាម​ញញឹម​របស់​អ្នក​គ្រប់គ្នា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ងារ​នេះ។ ធ្វើ​យ៉ាង​ណា​ឲ្យ​​កីឡាករ​ចូល​មក​ក្នុង​ទីលាន​ហ្វឹកហាត់​ដោយ​ភាព​រីករាយ​ និង​​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ។ ទាំង​អស់​នេះ​គឺ​ជា​​កិច្ច​ការ​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​នៅ​ពេល​នេះ”។

លោក Jose Mourinho និង​ប្រព័ន្ធ​លេង​របស់​គាត់​មិន​អាច​​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ និង​កីឡាករ​​រំភើប​ចិត្ត​នោះ​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​ក្លឹប Manchester United បាន​កើត​​មាន​បរិយាកាស​សុទិដ្ឋិនិយម​សារជា​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Solskjaer ដែល​កំពុង​សង្ឃឹម​ថា​អាច​ទទួល​បាន​តួនាទី​​ជា​អ្នក​ចាត់ការ​អចិន្ត្រៃយ៍​នាពេល​អនាគត​៕

 

តើ​លោក OLE GUNNAR SOLSKJAER អាចនឹង​ក្លាយ​ជា​អ្នក​ចាត់ការ​អចិន្ត្រៃយ៍របស់​ក្លឹប MANCHESTER UNITED ដែរ​ឬទេ?

មតិយោបល់