Dele Alli ប្រឈមនឹងការពិន័យពី FA ជុំវិញការបង្ហោះវីដេអូពី Coronavirus

ខ្សែបម្រើក្លឹប Tottenham Hotspur កីឡាករអង់គ្លេស Dele Alli កំពុងប្រឈមនឹងការពិន័យ​ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ជុំវិញការបង្ហោះវីដេអូ លើបណ្តាញសង្គម ដែល​មាន​ខ្លឹមសារ​ចំអកដល់​បុរស​ដើម​កំណើតអាស៊ី ពាក់ព័ន្ធនឹងការឆ្លងនៃមេរោគកូរ៉ូណាថ្មី (Coronavirus)។

នៅពេលនេះ FA កំពុងតែ​ស៊ើបអង្កេតលើ Alli បន្ថែមទៀត ថា​តើ​ខ្សែការពាររូបនេះ ពិតជាបាន​ធ្វើខុស​តាម​ច្បាប់​របស់ FA ឬទេ? ហើយ​ប្រសិនបើ​រក​ឃើញថា មានកំហុស គេនឹងពិន័យ​ Dele ក្រោម​បទចោទប្រកាន់ពីអាកប្បករិយារើសអើង។

FA បានបើកចំណាត់ការបែបនេះ ដោយយោងលើមានត្រា E៣(១) ដែល​ចែងហាម​ឃាត់​ដាច់ខាត មិនឲ្យ​កីឡាករ ប្រើប្រាស់បណ្តាញ​សង្គម ដើម្បី​ធ្វើអ្វីមួយដែលគេចាត់ថា «មិនសមរម្យ» ឬ ក៏​បង្កើតឲ្យមានការ​មិនគោរពគ្នា។ ជាមួយគ្នា Dele ក៏អាច​ជាប់​ក្នុង​ការប្រព្រឹត្តិខុសលើមាត្រា E៣(២)​ ដែលសម្តៅដល់ការ​ហាមឃាត់មិនឲ្យ​ញុះញង់ឲ្យមានការរើសអើងដល់ «ដើមកំណើត ពណ៌សម្បុរ ការប្រជែង ជាតិសាសន៍ ជំនឿ ភេទ ផ្លូវភេទ ទីតាំង ឬ ពិការភាព។

សូម​រម្លឹកជូនថា កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ Alli បានបង្ហោះវីដេអូចូលទៅក្នុងបណ្តាញសង្គម Snapchat ដែលបង្ហាញពីការ​ពាក់ម៉ាស់របស់គាត់ នៅកន្លែងរង់ចាំក្នុងព្រលានយន្តហោះ ព្រមទាំង​ដាក់ចំណងជើងក្នុងវីដេអូនោះថា «Corona ទេអី, សូមបើកសម្លេងដើម្បីស្តាប់»។

ហើយក្នុងវីដេអូមក​ទៀត​នោះ ក៏មានបង្ហាញពីបុរស​អាស៊ីម្នាក់ ហើយ Dele ក៏បាន​កាន់​ដប​ទឹកអាល់កុល​លាងដៃ ព្រមទាំងមានសរសេរចំណងជើងថា «មេរោគនេះ គួរតែមក​ឆ្លងខ្ញុំ​ឲ្យ​លឿន​ជាងខ្ញុំ​ (កម្ចាត់វា)។

Image result for Dele Alli on Weibo

 

ប៉ុន្តែក្រោយពីបានបង្ហោះវីដេអូនោះ Alli ក៏បាន​លុប​វាចេញ ហើយចេញមុខ​សុំទោស​ទៅកាន់​ជនជាតិ​ទាំងអស់ លើបណ្តាញសង្គម Weibo កាលពីយប់​ថ្ងៃអាទិត្យ ដោយ​សរសេរថា «វាមិន​មែនជារឿងលេងសើចទេ ហើយខ្ញុំបាន​ដឹងភ្លាមៗ រួចក៏លុបវាចេញ។ ខ្ញុំ​ពិតជាធ្វើឲ្យអាម៉ាស់សម្រាប់ខ្លួនឯង និងក្លឹប។ ខ្ញុំមិន​ចង់​ឲ្យអ្នក​ទាំងអស់គ្នាបញ្ចេញកាយវិការដូចខ្ញុំទេ ព្រោះវាមិនមែនកំប្លែង។ វាមិនគួរជាអ្វីដែលយើងគួរតែកំប្លែងជាមួយ។ ខ្ញុំសូមផ្ញើ​ក្តីស្រលាញ់ និង​ការគិតទាំងអស់ និងសូមបួងសួងដល់គ្រប់គ្នា ក្នុងប្រទេសចិន»។

យ៉ាងណាក៏ដោយ Dele Alli ទំនងជាពិបាក​គេចផុតពីការពិន័យ​របស់ FA ណាស់ ព្រោះគេនៅចាំបានថា កាលពីដើម​រដូវកាល Bernando Silva ក៏ធ្លាប់រងការពិន័យ​ដោយសារតែការ​លេងសើច ដល់​មិត្តរួមក្រុម Benjamin Mendy ពីពណ៌សំបុរដែរ។ ពេលនោះ Silva បានចេញមក​សុំទោសដូចគ្នា ប៉ុន្តែច្បាប់របស់​ FA គឺពិតជាតឹងរ៉ឹងបំផុតលើការ​រើសអើងនេះ។

សូមបញ្ជាក់ថា ការពិន័យ​របស់ Dele Alli អាចជាការ​បញ្ឈរជើងមិនឲ្យប្រកួត ១ប្រកួត ឬ ក៏ពិន័យ​ជាប្រាក់ជាដើម៕

EURO 2020 Qualifiers: Dele Alli’s prank on Raheem Sterling

មតិយោបល់