អតីត​កីឡាករ Arsenal និង Barcelona ថា Messi មិន​ស័ក្ដិ​សម​នឹង​លីគ​កំពូលអង់គ្លេស​នោះទេ

អតីត​កីឡាករ​ខ្សែបម្រើ​របស់​ក្លឹប Arsenal, Barcelona និង Chelsea គឺលោក Emmanuel Petit ជឿថា Messi មិន​ស័ក្ដិ​សម​នឹង​លេង​ក្នុងលីគ​កំពូលអង់គ្លេស​នោះទេ ហេតុនេះក្លឹប Manchester City មិន​គួរ​ចាប់អារម្មណ៍​ចង់​បាន​រូបគេឡើយ។

សេចក្ដីរាយការណ៍​មួយចំនួន​បាន​លើក​ឡើង​ពីលទ្ធភាព​ដែល Messi អាច​នឹង​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប Manchester City។ យ៉ាងណាមិញ លោក Petit ជឿថា Messi មិន​មាន​កាយសម្បទា​រឹងមាំ​ដូច Ronaldo ឡើយ ជាហេតុ​នាំ​ឱ្យ​គេ​ជួប​ការ​លំបាក​បើ​លេង​នៅ​អង់គ្លេស។ ហេតុនេះ គាត់គិតថាក្លឹប Man City មិនគួរ​ព្យាយាម​ទិញ​ Messi ក្នុង​អំឡុង​ពេលដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​នេះ​នោះទេ។

តាមសេចក្ដី​រាយការណ៍​របស់​សារព័ត៌​មាន Express លោក Petit បាន​និយាយ​ថា៖ “និយាយតាមត្រង់ទៅ ខ្ញុំ​មិនគិត​ថាគេស័ក្ដិ​សម​ជាមួយ​ភាព​តឹងតែង​នៃ​បាល់ទាត់អង់គ្លេស​នោះទេ”។

“គេ​មិន​ចូលចិត្ត​ឱ្យគេបិទជាប់នោះទេ។ នៅអេស្ប៉ាញ គេ​ទទួលបានការ​ការពារ។ អ្នកគាំទ្រ​នៅអង់គ្លេស​អាច​នឹង​រីករាយ​ដែល​បានមើលគេប្រកួត ប៉ុន្តែខ្ញុំ​គិត​មិនឃើញ​មូលហេតុ​ដែលក្លឹប​មួយដូចជា Manchester City ត្រូវទិញ Messi នៅអាយុ ៣២ ឬ ៣៣ឆ្នាំ​នោះទេ។ បើគេ​ពិតជាចង់ទិញ Messi មែន គេគួរតែធ្វើបែបនេះ​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​​មក​ម្ល៉េះ”។

“Messi មិនមែនជា Ronaldo នោះទេ។ ចំពោះកាយសម្បទា ពួកគេ​មិនដូចគ្នានោះទេ។ Ronaldo ដូច​ជា​សត្វ​ចំឡែក​​អញ្ចឹង ប៉ុន្តែនៅអាយុ ៣២ឆ្នាំ Messi នៅសល់ពេល​តែ ១ឆ្នាំ ឬ ២ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដែលគេអាច​លេង​បាន​ល្អបែបនេះ។ ទោះ​បីជាលេង​ទន្ទឹមគ្នា​ជាមួយ​កីឡាករ​ល្អៗ​នៅ​ Barcelona ក៏​គេ​មិនអាច​មាន​ល្បឿន និង​សមត្ថ​ភាព​បណ្ដើរ​បាល់​ល្អ​ដូច​ពីមុន​ដែរ”។

“ខ្ញុំ​ជឿ​ថា​គេ​ខ្លួន​ឯង​ក៏ដឹង​ដែរ​ថាគេ​សល់ពេល​មិនច្រើនទៀត​ទេ”៕

 

លោក Tuchel បញ្ជាក់ថា Neymar ឋិត​ក្នុង​ចំណោម​កីឡាករ​របួស​ដែលអាក់​ខាន​ការ​ប្រកួត​ជាមួយ Lyon

មតិយោបល់