លោក Solskjaer មិន​មាន​ព័ត៌​មាន​ពីការ​ទិញ​កីឡាករ Bruno Fernandes ទេ

តាមសេចក្ដីរាយការណ៍ កីឡាករ Bruno Fernandes ជា​គោល​ដៅ​​ដែល​​ក្លឹប Man United ចង់​បាន​ ប៉ុន្តែ​លោក Solskjaer មិន​មាន​ព័ត៌​មាន​នឹង​ការ​ដោះដូរ​នេះទេ។

មាន​ព័ត៌​មាន​ថា​ ក្លឹប Manchester United កំពុង​ព្យាយាម​ទិញ​កីឡាករ Bruno Fernandes របស់​ក្លឹប Sporting CP ប៉ុន្តែ​កាលពី​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ អ្នកចាត់ការ​ក្លឹប​បាន​លើក​ឡើង​ថា​មិន​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​រឿងនេះទេ។

មុន​រដូវកាលនេះ​ចាប់ផ្ដើម Fernandes ដែល​ត្រូវជាប្រធាន​ក្រុម​របស់ក្លឹប Sporting ត្រូវបាន​គេ​លើក​ឡើង​ថា​ជាគោល​ដៅ​តាមប្រម៉ាញ់​របស់​ក្រុម​បិសាចក្រហម​ ប៉ុន្តែមិន​បានសម្រេច ទើប​គេ​បន្ត​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់ខែវិច្ឆិកា។

ប៉ុន្តែ​ការចុះ​កុងត្រា​ថ្មីនេះ នៅ​តែមិនអាចបញ្ចប់​ពាក្យ​ចចាមអារ៉ាម​ពីការចាប់អារម្មណ៍​របស់​ក្រុម​បិសាច​ក្រហម​ចំពោះ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយ​ហ្កាល់​រូបនេះ​ដដែល។

មាន​​ការ​លើក​ឡើង​ខុសៗ​គ្នា​​អំពី​ការ​កំណត់​តម្លៃ​ផ្ទេរ​របស់​កីឡាករ​រូបនេះ​ ដោយ​សារព័ត៌​មាន​ខ្លះ​លើក​ឡើង​ថា​កីឡាករ​ខ្សែបម្រើប្រយុទ្ធ​រូបនេះ​មាន​តម្លៃប្រហែល​ ៦០លាន​ផោន (៧០លានអឺរ៉ូ) ខណៈ​ពេល​ដែល​ប្រភព​​ផ្សេង​ទៀត​បានលើក​ឡើងថា​ កីឡាករ Marcos Rojo អាច​វិល​ទៅ​ក្លឹប Sporting វិញ​ជាផ្នែក​មួយ​នេះ​ការ​ដោះដូរនេះ។

ប៉ុន្តែ​នៅ​ក្នុង​​សន្និសីទ​សារព័ត៌​មាន​កាល​ពីថ្ងៃអង្គារ​ម្សិល​មិញ​នេះ ​លោក Solskjaer បាន​បដិសេធថា​មិន​មាន​ព័ត៌​មាន​​ពាក់​ព័ន្ធ​នឹង​ការ​ដោះដូរនេះទេ។

លោក​បាននិយាយ​បែបនេះថា៖ “ខ្ញុំ​មិនមានព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ដោះដូរ​នេះទេ។ បើមានអ្វី​ដែល​ខ្ញុំ​អាច​ប្រាប់បាន ខ្ញុំ​នឹងប្រាប់ ប៉ុន្តែពេល​នេះ​ខ្ញុំ​មិនមានព័ត៌​មានអ្វីនោះទេ”។

ប៉ុន្តែលោក Solskjaer អះអាងថា​ក្លឹប Man United មាន​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​គ្រាប់​គ្រាន់​ដើម្បី​ចូល​ទីផ្សារ​ដោះដូរ​កីឡាករ​ មិន​ដូច​ការ​លើក​ឡើង​របស់ស្ថាប័ន​គណនេយ្យ​ Deloitte ​ថា​ក្លឹប​នេះ​អាច​នឹង​បាត់បង់​​ចំណាត់ថ្នាក់​ជា​ក្លឹប​​ពីលីគ​កំពូល​អង់គ្លេស​ដែល​រក​បានប្រាក់ចំណូល​ច្រើនជាង​គេ​បំផុត​នៅ​ឆ្នាំ​ក្រោយ​នោះទេ។

 

 

តើ​ក្លឹប​ណា​រក​បាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ច្រើនជាងគេ​បំផុត?

មតិយោបល់