លោក Klopp ថា Firmino សុំ​ទោស​ដែល​មិនអាច​រក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត

Firmino រក​បាន​គ្រាប់​បាល់​ ១គ្រាប់​ដែល​ជួយ​ឱ្យ​ Liverpool ឈ្នះ​ក្លឹប Tottenham ប៉ុន្តែ​លោក Klopp បាន​ប្រាប់ឱ្យ​ដឹងថា Firmino មិន​សប្បាយចិត្ត​ដែល​មិន​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​ទៀតក្នុង​ការ​ប្រកួត​កាល​ពីថ្ងៃសៅរ៍​ម្សិល​មិញ​នេះ។

លទ្ធផល​នេះ​បានបង្ហាញថា ក្រោយ​ឆ្លងកាត់ ២១ប្រកួត​នៃ​លីគ​កំពូល​អង់គ្លេស​ Liverpool ឈ្នះ​បាន ២០ប្រកួត ហើយ​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន ១៦​ពិន្ទុ​នាំ​មុខ​​ក្លឹប Leicester City ដែល​ឈរ​នៅ​លេខ​រៀង​ទី២។

ពិន្ទុ​នាំ​មុខ​នេះ​អាច​នឹង​ថយ​មក​នៅ​ត្រឹម​ ១៤ពិន្ទុ ប្រសិន​បើ​ក្លឹប Manchester City អាច​យក​ឈ្នះ​ក្លឹប Aston Villa ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​ Liverpool នៅ​តែ​រក្សា​បាន​នូវ​ការឈាន​ឆ្ពោះ​ទៅរក​ការ​គ្រង​តំណែង​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ជា​លើក​ទី១ ក្នុងអំឡុងពេល ៣០ឆ្នាំ​កន្លង​មកនេះ។

Firmino រក​បាន​គ្រាប់​បាល់ ១គ្រាប់​ដែល​បានជួយ​ឱ្យ​ក្លឹប​ឈ្នះ​ការ​ប្រកួត​នេះ ក្រោយ​លេង​បាន ៣៧នាទី​នៅទឹកដី​កីឡដ្ឋាន Tottenham Hotspur Stadium ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​មិន​សូវ​ជារីក​រាយ​ប៉ុន្មាន​ទេ ពេល​ចប់ការ​ប្រកួត នេះ​បើ​យោង​តាម​ការ​ប្រាប់ឱ្យ​ដឹង​របស់​អ្នកចាត់ការ។

លោក Klopp បាន​និយាយថា៖ “ពេល​ខ្ញុំ​ដើរ​ទៅរក​គេ​ដើម្បីឱបគេ​ក្រោយ​ចប់​ការ​ប្រកួត​ គេ​ចង់​ជជែក​សិន។ គេ​បាន​និយាយថា​ គេ​ដឹង​ថា​គេ​គួរ​រក​ឱ្យ​បានគ្រាប់បាល់​ច្រើនជាងនេះ។ ប៉ុន្តែ​នោះ​មិន​មែនជាអ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះទេ”។

“ប៉ុន្តែគេអាច​និយាយ​ត្រូវដែរ។ គេ​គួរ​តែអាច​រក​បាន​គ្រាប់បាល់​មួយគ្រាប់​តាំងពីពេល​ដែលគេ​មានឱកាស​ដំបូង​ម្ល៉េះ”។

 

 

“គេជា​កីឡាករ​ដ៏ឆ្នើម​មួយរូប។ នេះ​មិនមែនជាលើក​ទី១ ទេ​ដែលខ្ញុំ​និយាយ​បែបនេះ ហើយ​សង្ឃឹម​ថា​ក៏​មិន​មែនជាលើក​ចុងក្រោយ​ដែរ”។

Liverpool នឹង​ត្រូវ​ប៉ះជាមួយ​គូប្រជែង Manchester United នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​ក្រោយ ជាក្រុម​តែមួយ​គត់​ដែល​អាច​ដណ្ដើម​ពិន្ទុ​ពីពួកគេ​បាន​ក្នុង​រដូវកាលនេះ៕

 

គ្រូបង្វឹក​ក្លឹប​ Roma ថាលោក Sarri ជា​អ្នកចាត់ការ​ម្នាក់​ដែល​ឋិត​ក្នុង​ចំណោម​អ្នកចាត់ការ​ល្អ​បំផុត​នៅ​អឺរ៉ុប​

 

 

មតិយោបល់