Bastian Schweinsteiger ប្រកាសចូលនិវត្តន៍ក្រោយ​បរាជ័យ នៅ MLS

Bastian Schweinsteiger ទីបំផុតទៅបានប្រកាសចូលនិវត្តន៍ ពីបាល់ទាត់ ក្នុងវ័យ ៣៥ឆ្នាំ បន្ទាប់ពីបាន​ធ្វើឲ្យពិភពបាល់ទាត់​មា​នភាពស្រស់បំព្រង​ជាយូរមកហើយ។

ការប្រកាសចូលនិវត្តន៍នេះ គឺបន្ទាប់ពីគាត់មិនអាចជួយក្រុម Chicago Fire ឲ្យឆ្លងផុតវគ្គ playoffs ក្នុងក្របខណ្ឌ MLS។ ក្នុងសារ Twitter របស់ខ្លួន កីឡាករអាល្លឺម៉ង់ វ័យ ៣៥ឆ្នាំនេះ បាន​បង្ហោះថា៖

«ពេលវេលាបានមកដល់ហើយ។ ខ្ញុំ​ចង់​អរគុណដល់​អ្នក​ទាំងពីរ គឺអ្នក​ (អ្នក​គាំទ្រ) និង​ក្រុម​របស់ខ្ញុំ រួមមាន FC Bayern, Manchester United, Chicago Fire និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់។​ អ្នក​ទាំងអស់គ្នា បាន​ផ្តល់​ពេលវេលាដ៏មិនគួរឲ្យ​ជឿ សម្រាប់ខ្ញុំ។ ជាការពិត ខ្ញុំ​ក៏ចង់​អរគុណដល់ភរិយារបស់ខ្ញុំ Ana Ivanovic និងក្រុម​គ្រួសាររបស់ខ្ញុំ សម្រាប់ការគាំទ្រ​របស់ពួកគេ។ និយាយពាក្យ​លា ខណៈដែលខ្ញុំជាកីឡាករនៅមានកម្លាំងនៅឡើយ ពិតជាធ្វើឲ្យ​ខ្ញុំ​មានអារម្មណ៍អាឡោះអាល័យ ប៉ុន្តែ​ខ្ញុំក៏ត្រូវតែមើលទៅមុខ សម្រាប់ការប្រកួតប្រជែង​ដែល​កំពុងចាំខ្ញុំក្នុងពេលឆាប់ៗ។ ខ្ញុំនឹងនៅបន្ត​វាសនាក្នុងបាល់ទាត់។ សូម​អរគុណខ្លាំងណាស់ សម្រាប់​ពេលវេលាដែលយើងបាន​ចំណាយ​រួមគ្នា។ ខ្ញុំ​នឹងនៅតែបន្ត​ក្នុង​បេះដូង​របស់​អ្នក​»។

សូម​រម្លឹកជូនថា Schweinsteiger បានចូលរួមជាមួយក្រុម Fire នៅអាមេរិក ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីចាកចេញពីក្រុម Manchester United ។ អតីត​យុវជន​ថ្នាលក្លឹប Bayern Munich ធ្លាប់បានឆ្លងកាត់អាជីពបាល់ទាត់ ដោយ​ទទួលបានពានរង្វាន់​ចំនួន ១៨ ក្នុង​រយៈពេល ១៤ឆ្នាំ៕

 

 

មតិយោបល់